ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជំរុញ​ឱ្យ​អង្គភាព ក.ប.ប ស្វែងរក​បទល្មើស​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទីផ្សារ​បែប​ពីរ៉ាមីដ និង​ការលក់​បែប​ទីផ្សារ​ពហុកម្រិត នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ៧ របស់​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ (​គ.ជ.ក.ប.) នា​ថ្ងៃទី​ ៩ ខែមិថុនា​។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (​កបប​) បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី ​៩ ខែមិថុនា ថា​៖ «​ឯកឧត្ដម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម [​លោក ប៉ាន សូរស័ក្តិ​] និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់​ក៏បាន​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក.ប.ប​) ធ្វើការ​ស្វែងរក និង​កំណត់​បទល្មើស​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទីផ្សារ​បែប​ពីរ៉ាមីដ និង​ការលក់​បែប​ទីផ្សារ​ពហុកម្រិត (MLM)»​។

កិច្ចប្រជុំ​លើក​ទី​ ៧ បានអនុម័ត​សេចក្តីព្រាង​ចំនួន​ ៣ ​គឺ សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​ស្ដីពី​ការបង្កើត​សមាគម​អ្នកប្រើប្រាស់​តាម​វិស័យ សេចក្ដីព្រាង​កម្មវិធី​ជាតិ​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​សេចក្ដីព្រាង​គោលការណ៍​ណែនាំ​ស្ដីពី​គម្រោង​លក់​បែប​ពីរ៉ាមីដ និង​ការលក់​បែប​ទីផ្សារ​ពហុកម្រិត​។

លោក ប៉ាន សូរស័ក្តិ បាន​ជំរុញ​ឱ្យ​ ក.ប.ប ធ្វើការ​ផ្សព្វផ្សាយ​ឯកសារ​ទាំង​ ៣​ នេះ​ជា​សាធារណៈ​ឱ្យបាន​ទូលំទូលាយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទូរទស្សន៍ និង​គេហទំព័រ​របស់​ ក.ប.ប​៕