បាត់ដំបងៈ ប្រជាពលរដ្ឋ​ម្នាក់​ប្រទះឃើញ​គ្រាប់មីន​ចំនួន​ ៤៧ ​គ្រាប់ នៅពេល​ទៅ​ឃ្វាលគោ​នា​ថ្ងៃទី​ ៩ ខែមិថុនា នៅ​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខគីរី ខេត្តបាត់ដំបង និង​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​។

របាយការណ៍​នគរបាល​ជាតិ​បញ្ជាក់​នា​ថ្ងៃទី​ ១០ ខែមិថុនា ថា ប្រជាពលរដ្ឋ​អាយុ​ ៦៩​ ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ភូមិ​ព្រែកជីក​បាន​ទៅ​ឃ្វាលគោ ហើយ​ក៏​ប្រទះឃើញ​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​គ្រាប់មីន​ប្រភេទ PN2 សញ្ញា​លេខបូក ផលិត​នៅ​ប្រទេស​សូវៀត ចំនួន​ ៤៧ ​គ្រាប់ ត្រង់ចំណុច​ហុង​ទី​ ៥​ នៃ​ភូមិ​ព្រែកជីក​។

របាយការណ៍​បញ្ជាក់ថា​៖ «​ក្រោយ​ទទួល​ដំណឹង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកជីក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគីរី​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ចំពោះ​គ្រាប់មីន​ទាំងនេះ និង​បាន​បន្ត​រាយការណ៍​ជូន​ដល់​អង្គភាព​ស៊ីម៉ាក់ (CMAC) ដើម្បី​យកទៅ​កម្ទេច​»​។

អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគីរី​បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ដែល​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទាន់​ពេលវេលា និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ទាំងអស់​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​សមត្ថកិច្ច ដើម្បី​ចៀសវាង​ការកើត​មាន​គ្រោះថ្នាក់​ ដោយសារ​យុទ្ធភ័ណ្ឌ និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​៕