ភ្នំពេញៈ មន្ត្រី​ជំនាញ​បន្ត​រក​ឃើញ​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ៥ ទីតាំង​បន្ថែម​ទៀត ដែល​លក់​ប្រេង​កេង​បន្លំ​ប្រជាពលរដ្ឋ និង​បាន​បន្ត​ចាត់​វិធានការ​លើ​ម្ចាស់​ដេប៉ូ​ទាំង​នេះ ក្រោយ​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ២៥ ទីតាំង​ក្នុង​ខេត្ត​ចំនួន​ ៤។

កាល​ពី​ថ្ងៃទី ៨-៩ ខែ​មិថុនា មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) ប្រចាំ​សាខា​រាជធានី-ខេត្ត​ចំនួន ៤ គឺ​ខេត្ត​កំពង់ធំ ខេត្ត​រតនគិរី ខេត្ត​កំពង់ឆ្នាំង និង​រាជធានីភ្នំពេញ បាន​បន្ត​ចុះ​ត្រួត​ពិនិត្យស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ទាំង ២៥ នេះ ក្រែង​ម្ចាស់​អាជីវកម្ម​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់។

ក.ប.ប បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី ១០ ខែ​មិថុនា​ថា៖ «មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ៥ ទីតាំង ប្រកប​អាជីវកម្ម​មិន​ស្មោះ​ត្រង់​ចំពោះ​អ្នក​ប្រើប្រាស់ មិន​មាន​អនុលោមភាព​ក្នុង​ធុរកិច្ច។

ដូច​នេះ​ មន្ត្រី​យើង​បាន​ចាត់​វិធានការ​ពិន័យ​អន្តរការណ៍​ស្រប​តាម​ច្បាប់​ជា​ធរមាន និង​តម្រូវ​ឱ្យ​ធ្វើ​កិច្ច​សន្យា​កែ​តម្រូវ​ចំពោះ​មន្ត្រី​មាន​សមត្ថកិច្ច»៕