ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​ថ្ងៃទី ១៣-១៤ ខែ​មិថុនា។

គ.ជ.ប បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នាថ្ងៃទី ១០ ខែ​មិថុនា​ថា ចាប់​ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៤ ខែ​មិថុនា គ.ជ.ប ទទួល​ស្បោង «ឃ» និង​កញ្ចប់ «ឃ ពិសេស» ព្រម​ទាំង​សម្ភារ​ឯកសារ​ពាក់ព័ន្ធ​ពី​គណៈកម្មការ​រាជធានី-ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត​ទាំង ២៥។

គ.ជ.ប បញ្ជាក់​ថា៖ «បន្ទាប់​ពី​បាន​ទទួល​សម្ភារ និង​ឯកសារ​ខាង​លើ គ.ជ.ប នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើង​វិញ​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​តាម​ឃុំ-សង្កាត់​ទាំង​អស់ នា​ថ្ងៃទី ១៣-១៤ ខែ មិថុនា ឆ្នាំ ២០២២ ចាប់​ពី​វេលាម៉ោង ៩:០០ នាទី​ព្រឹក​តទៅ​ នៅ​ទីស្តីការ គ.ជ.ប»។

គ.ជ.ប បន្ត​ថា៖ «សេចក្តី​ជូន​ដំណឹង​នេះ​ចាត់​ទុក​ជា​ការ​អញ្ជើញ​ដល់​តំណាង​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត អ្នក​សង្កេត​ការណ៍ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​សង្កេត​មើល និង​យក​ព័ត៌មាន​កុំ​បី​ខាន»៕

វីដេអូ៖