ភ្នំពេញៈ ក្រសួង​ការពារ​ជាតិ​វៀត​ណាម​កំពុង​រៀបចំ​កំណត់​ហេតុ​ ដើម្បី​ធ្វើ​ការ​ចុះ​ហត្ថលេខា​នា​ពេល​ខាង​មុខ​លើ​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​កងពល​តូច​លេខ ៧០ នៃ​កងទ័ព​ជើង​គោក​កម្ពុជា និង​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ​នៃ​កង​ទ័ព​ប្រជាជន​វៀតណាម។

កាល​ពី​ថ្ងៃទី ៩ ខែ​មិថុនា លោក ប្រាក់ សុវណ្ណា មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក បាន​ជួប​ជាមួយ​លោក Tran Van Tam ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​វៀតណាម​ប្រចាំ​នៅ​កម្ពុជា។

កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី ១០ ខែ​មិថុនា​ថា ភាគី​ទាំង ២ បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង ២ លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កងយោធពល​ខេមរភូមិន្ទ​នូវ​មុខ​ជំនាញ​ផ្សេងៗ ទាំង​សិក្ខាកាម និង​គ្រូ​យោធាចារ្យ។

ភាគី​ទាំង ២ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​ផ្លាស់ប្តូរ​ដក​បទពិសោធ​ពី​របៀប​សរសេរ​ប្រវត្តិសាស្ត្រ សង្គ្រាម​ផង​ដែរ។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «ទាក់ទង​ទៅ​នឹង​ការ​ស្នើសុំ​ឱ្យ​មាន​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​កងពល​តូច​លេខ ៧០ កងទ័ព​ជើង​គោក [កម្ពុជា] ជាមួយ​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ នៃ​កងទ័ព​ប្រជាជន​វៀតណាម ក្រសួង​ការពារ​ប្រទេស​វៀតណាម បាន​យល់​ព្រម និង​បាន​កំពុង​រៀបចំ​កំណត់​ហេតុ ដើម្បី​ធ្វើ​ការ​ចុះ​ហត្ថលេខា​នាពេល​ខាង​មុខ»។

លោក ប្រាក់ សុវណ្ណា បាន​អរគុណ​ដល់​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​បន្ត​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ​ជា​បន្តបន្ទាប់។

លោក​បាន​លើក​ឡើង​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឡើង​វិញ​រវាង​កងទ័ព​ប្រទេស​ទាំង ២ កម្ពុជា-វៀតណាម ក្រោយ​ពី​បាន​ខកខាន​អស់​រយៈពេល ២ ឆ្នាំ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩៕