កោះកុងៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានប្រកាសជូនដំណឹងដល់ម្ចាស់យានយន្តទាំងអស់ក្នុងខេត្តកោះកុង ឱ្យយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានជម្រាបជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកោះកុង ជាម្ចាស់យានយន្ត ទាំងអស់ដែលពុំទាន់បានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចឱ្យក្រុមហ៊ុន HK Car Inspection ប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចុះត្រួតពិនិត្យយានយន្តនៅក្នុងខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀកចល័ត) បានឱ្យដឹងថា ការចុះត្រួតពិនិត្យយានយន្តនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ ដោយដាក់ទីតាំងនៅបរិវេណតារាងបាល់ទាត់ ដែលស្ថិតនៅទល់មុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង។
ម្ចាស់យានយន្តត្រូវយកឯកសារ និងយានយន្តទៅបំពេញបែបបទ ដោយភ្ជាប់ជាមួយនូវប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ឯកសារថតចម្លងឆៀកចាស់ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ចំពោះរថយន្តថ្មីត្រូវថតចម្លងក្រដាសពន្ធ និងអត្តសញ្ញាណប័ណ្ណ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕