ភ្នំពេញៈ ចិន​ផ្តល់​អំណោយ​ឆត្រយោង​ចំនួន​ ៤០០ ​ឆត្រ​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែមិថុនា ដែល​ពិធី​ប្រគល់​ទទួល​ធ្វើឡើង​រវាង​លោក ថាង ហាវ អនុព័ន្ធយោធា​ចិន​ប្រចាំ​នៅ​កម្ពុជា និង​លោក ចាប ភក្តី មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នៅឯ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។

លោក ចាប ភក្តី ថ្លែង​ក្នុង​ពិធី​ប្រគល់​ទទួល​ថា កងទ័ព​នៃ​ប្រទេស​ទាំង ២ ​កម្ពុជា​-​ចិន​មាន​ទំនាក់ទំនង​ល្អ និង​ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​ទំនាក់​ទំនង​រវាង​កងទ័ព និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​ដែល​ទំនាក់ទំនង​នេះ​មាន​តាំងពី​យូរលង់​ណាស់​មកហើយ​។

នេះ​ជា​លើក​ទី​ ៣ ​ហើយ​ដែល​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​បានទទួល​អំណោយ​ឆត្រ​ពី​កងទ័ព​រំដោះ​ប្រជាជន​ចិន ដោយ​លើក​ទី​ ១ ​ទទួល​បាន​ឆត្រ​ប្រភេទ​ធីណាញ ( T-9 ) ចំនួន​ ២០ ​ឆត្រ លើក​ទី​ ២ ទទួលបាន​ឆត្រ​ប្រភេទ ភីហ្វរ ( P-4 ) ចំនួន​ ៧០​ ឆត្រ លើក​ទី​ ៣ ​នេះ​ទទួលបាន​ឆត្រ​ប្រភេទ ធីណាញ (T-9) ចំនួន​ ៣០០​ ឆត្រ ប្រភេទ​ឆត្រ​បញ្ជា​ ៥០​ ឆត្រ និង​ប្រភេទ​ឆត្រស្ពតស្រ៊ីឌី (Sport 3D ) ចំនួន​ ៥០ ​ឆត្រ​។

លោក ចាប ភក្តី ថ្លែង​ថា កងទ័ព​រំដោះប្រជាជន​ចិន​ជានិច្ចកាល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា និង​កងយោធពល​ខេមរភូមិន្ទ​លើ​គ្រប់​វិស័យ ដោយឡែក​ជួយ​ដល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នូវ​គ្រឿង​យោធ​ថូបករណ៍​ជាច្រើន​ទៀត​សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ពិសេស​រវាង​កងទ័ព​ពិសេស​ទាំង​ ២ ​កម្ពុជា​-​ចិន​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

លោក​ថ្លែងថា​៖ «​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​សង្ឃឹម និង​មាន​ជំនឿ​ជឿជាក់ថា កងទ័ព​រំដោះប្រជាជន​ចិន​នៅតែ​បន្ត​ជួយឧបត្ថម្ភ​ជ្រោមជ្រែង​គ្រប់បែបយ៉ាង​ដល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ទាំង​ស្មារតី​សម្ភារ ដែល​ចាំបាច់​ដល់​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្តានុពល​លើ​វិស័យ​ការពារជាតិ​មាតុភូមិ​កម្ពុជា​។

លោក ថាង ហាវ អនុព័ន្ធយោធា​ចិន​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នៃ​ប្រទេស​កម្ពុជា​ជានិច្ចកាល​តែងតែ​ចូលរួម​សហការណ៍​យ៉ាង​ស្អិតរមួត​ជាមួយ​កងទ័ព​ពិសេស​រំដោះប្រជាជន​ចិន ពិសេស​នៅក្នុង​លំហាត់​នាគ​មាស​រវាង​កងទ័ព​រំដោះ​ប្រជាជន​ចិន និង​កងយោធពល​ខេមរភូមិន្ទ​មុន​ព្រឹត្តិការណ៍​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩៕