
រូបភាព រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបងៈ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានជំរុញឱ្យមន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវចាប់ឱ្យបាននូវជនណាដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដីភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ការជំរុញរបស់លោក សុខ លូ បែបនេះធ្វើឡើងនៅពេលចុះពិនិត្យមើលស្ថានភាពការកាប់ទន្ទ្រានដីព្រៃ ការដុតបំផ្លាញព្រៃឈើ និងការកាយដីលើភ្នំខុសច្បាប់ ដែលស្ថិតនៅក្នុងជម្រកដីព្រៃ ស្ថិតនៅភូមិសាស្ដ្រស្រុកសំឡូតខេត្តបាត់ដំបង ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នេះ។
លោកអភិបាលខេត្តបាត់ដំបងបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធានការក្ដៅទេ ព្រៃឈើនៅតំបន់ព្រៃនេះនឹងរងការទន្ទ្រានជាបន្តបន្ទាប់ ចំណែកអ្នកដែលធ្វើការកាយដីភ្នំដោយខុសច្បាប់ ក៏ត្រូវចាត់វិធានការបន្ទាន់ផងដែរ និងមិនត្រូវបណ្ដែតបណ្ដោយឱ្យបន្តមានទៀតឡើយ។
ក្នុងពេលនោះដែរ លោក សុខ លូ បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ធ្វើការដាំដើមឈើឡើងវិញតាមលទ្ធភាពជាក់ស្ដែងនៅតំបន់ណាដែលរងការខូចខាតដោយការកាប់ទន្ទ្រាន ការដុតបំផ្លាញ ដើម្បីស្ដារឡើងវិញនូវព្រៃឈើនៅតំបន់មួយនេះ។
ជាមួយគ្នានោះ លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង ដើម្បីចៀសវាងប្រជាពលរដ្ឋធ្វើការកាប់ទន្ទ្រានដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងណែនាំដល់អាជ្ញាធរឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិដែលប្រើប្រាស់ដីព្រៃរបស់រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរឃុំ មានមេឃុំ និងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សានូវព្រៃឈើ និងភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ។ លោកបញ្ជាក់ថា៖ «ពិសេសដើម្បីថែរក្សាទុកដល់កូនចៅជំនាន់ក្រោយឱ្យបានឃើញ និងបានស្គាល់អំពីព្រៃឈើ ភ្នំនានាដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន»៕
វីដេអូ៖