កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម​ប្តេជ្ញា​នឹង​សហការ​ឱ្យបាន​ល្អប្រសើរ​ជាមួយ​អង្គការ Cambodia Vision របស់​អូស្ត្រាលី​ ដើម្បី​ជំរុញ​ឱ្យ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង​បំពង់ក​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​ជោគជ័យ​។

ការប្តេជ្ញា​បែបនេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម និង ប្រតិភូ​របស់​អង្គការ Cambodia Vision ដែល​ដឹកនាំ​ដោយ​លោកស្រី យ៉ាង ធីតា នៅ​សាលាខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី ​១០ ខែមិថុនា​។

អង្គការ Cambodia Vision គឺជា​អង្គការ​មិន​រក​កម្រៃ​តូច​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​បង្កើតឡើង​ដើម្បី​ផ្ដល់​ការព្យាបាល បង្ការ​ភា​ងងឹត ស្ដារឡើងវិញ​នូវ​ការស្ដាប់ និង​និយាយ​ទៅតាម​តំបន់​នៃ​ប្រទេស​កម្ពុជា​។

អង្គការ​នេះ​មាន​គម្រោង​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង​បំពង់ក​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ចាម និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ចាម ដោយ​ឥតគិតថ្លៃ​នាពេល​ឆាប់ៗ​ខាងមុខ​។

លោក អ៊ុន ចាន់ដា ថ្លែងថា ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក គឺជា​ជំងឺ​ពិបាក​ព្យាបាល និង​ត្រូវ​ការចំណាយ​ថវិកា​ច្រើន ប្រសិនបើ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។

លោក​ថ្លែងថា​៖ «​រដ្ឋបាលខេត្ត​កំពង់ចាម​នឹង​ធ្វើការ​សហការ​ឱ្យបាន​ល្អប្រសើរ​ជាមួយ​អង្គការ Cambodia Vision ក្នុង​គោលបំណង​ជំរុញ​ឱ្យ​បេសកកម្ម​ខាងលើ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចេះត្រចង់ ក្នុង​បុព្វហេតុ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​»៕