សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ដាក់ឱ្យ​ដំណើរការ​វង់​ទស្សនា​ថ្មី ចំនួន​ ២ ​ខ្សែ​៖ គឺ​ខ្សែ​ទី​ ១ នៅ​ប្រាសាទ​ចៅសាយទេវតា និង​ទី​ ២ នៅ​ប្រាសាទ​ធម្មនន្ទ ដើម្បី​លើក​តម្លៃ​ប្រាង្គ​ប្រាសាទ​បុរាណ ដែល​ភ្ញៀវទេសចរ​អាច​ដើរ​ទស្សនា​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​ចំណុច​សំខាន់ៗ​របស់​ប្រាសាទ​។

លោក យី សុថា មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ដកស្រង់​សំដី លោក យូ ចន្ថា ជា​មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​សារមន្ទីរ បទដ្ឋាន​បេតិកភណ្ឌ និង​ជា​អ្នកទទួល​ខុសត្រូវ​ក្រុម​ការងារ​រៀបចំ​ខ្សែ​ទស្សនា នៅក្នុង​រមណីយដ្ឋាន​អង្គរ បានឱ្យ​ដឹងថា ខ្សែ​ទស្សនា​នៅ​ប្រាសាទ​ចៅសាយទេវតា និង​ប្រាសាទ​ធម្មនន្ទ នឹងត្រូវ​រៀបចំ ចំនួន​ ២ ​ដំណាក់កាល រួមមាន​ទី​ ១៖ គឺ​រៀបចំ​នៅ​ប្រាសាទ​ចៅសាយទេវតា ដើម្បី​បង្ហាញ​ទិស​ដល់​ភ្ញៀវ​ឱ្យចូល​ទស្សនា​តាមផ្លូវ​ចូល​ច្រក​ខាងកើត ព្រោះ​កន្លងមក ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​នេះ និយម​ដើរចូល​តាម​ច្រក​ខាងជើង ជាហេតុ​ធ្វើឱ្យ​ភ្ញៀវ​មិនបាន​ទស្សនា​គ្រប់​ជ្រុងជ្រោយ​នៃ​ចំណុច​សំខាន់ៗ​ក្នុង​ប្រាសាទ​មួយ​នេះ​។

ដោយឡែក​ដំណាក់កាល​ទី​ ២ ធ្វើ​ក្នុង​រយៈពេល​វែង គឺ​នៅពេល​ដែល​គម្រោង​រៀបចំ​តំបន់​ទ្វារ​ជ័យ​រហូត​ដល់​ទំនប់​បារាយណ៍​ខាងកើត​រួចរាល់ វង់​ទស្សនា​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​នេះ ភ្ញៀវទេសចរ​ត្រូវ​រក្សាទុក​មធ្យោបាយ​ធ្វើដំណើរ​នូវ​ចំណត​ខ្លោងទ្វារ​ជ័យ ដោយ​ចាប់ផ្តើម​ទស្សនា​ចំណុច​សំខាន់ៗ នៅក្នុង​ប្រាសាទ​ធម្មនន្ទ រួច​បន្តដំណើរ​ទស្សនា​ទៅកាន់​សួន​បណ្តុះ​កូនឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទស្សនា​រហាត់ទឹក ដោយ​ភ្ជាប់​ជាមួយ​ស្ទឹង​សៀមរាប ស្ពាន​បុរាណ និង​បន្ទាប់មក​ត្រូវ​បន្ត​ទស្សនា​ប្រាសាទ​ចៅសាយទេវតា​តាម​ច្រក​ខាងកើត​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា​៖ «​ដោយ​ខ្សែ​ទស្សនា​ទាំង​ ២ ​ខាងលើ គ្រោង​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​គិតគូរ​រៀបចំ ជា​ផ្ទាំង​ព័ត៌មាន បរិយាយ​អំពី​ចំណុច​សំខាន់ៗ​នៃ​រូបចម្លាក់ និង​ប្រាសាទ ស្លាក​សញ្ញា​បង្ហាញ​ទិស និង​ភ្នាក់ងារ​សម្រាប់​ជួយ​សម្រួល​ដល់​ភ្ញៀវ​ជាដើម​»​។

អាជ្ញាធរ​នេះ​បានឱ្យ​ដឹង​ទៀតថា ការរៀបចំ​ខ្សែ​ទស្សនា​បាន​នាំមក​នូវ​សុវត្ថិភាព​ដល់​ប្រាសាទ​លើសពីនេះ​នឹង​នាំឱ្យ​ភ្ញៀវទេសចរ​បាន​ស្គាល់​ច្បាស់ និង​ទទួលបាន​បទពិសោធ​ល្អៗ​ពី​ការ​ទស្សនា​ប្រាសាទ​បុរាណ​។ ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​លើក​ទឹកចិត្ត​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ គោរព​តាម​ការណែនាំ​នៃ​វង់​ទស្សនា ដែល​បាន​រៀបចំ​ឡើង​៕