សៀមរាបៈ អាជ្ញាធរ​ខេត្តសៀមរាប​បាន​បើក​កិច្ចពិភាក្សា​ពី​ការត្រៀម​បម្រុង​ស្បៀង​សង្គ្រោះបន្ទាន់ ដើម្បី​ឆ្លើយតប​ករណី​មាន​គ្រោះមហន្តរាយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ឬ​ឧប្បត្តិហេតុ​ផ្សេងៗ​កើតឡើង បន្ទាប់ពី​ខេត្ត​នេះ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​បន្តបន្ទាប់​ដែល​ធ្វើឱ្យ​តំបន់​ទំនាប​លិច​ទឹក​យូរថ្ងៃ​។​

​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​ស្បៀង​សង្គ្រោះបន្ទាន់​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី ​១០ ខែមិថុនា នៅ​សាលា​ខេត្តសៀមរាប​។

​រដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹង​តាម​ហ្វេ​ស​ប៊ុ​កថា​៖ «[​នៅ​] តំបន់​ស្រែវស្សា ឬ​ស្រូវ​ដំឡើង​ទឹក ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​បណ្ដាលឱ្យមាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​បន្តបន្ទាប់​ក្នុងដំណាក់កាល​ប្រជាកសិករ ចាប់ផ្ដើម​ភ្ជួរ​រាស់ សាបព្រោះ​ស្រូវ ធ្វើឱ្យ​តំបន់​ទំនាប លិច​ទឹក​យូរថ្ងៃ​មានការ​រលួយ​ខូច​នូវ​គ្រាប់ពូជ ហើយ​កន្លែង​មួយចំនួនទៀត​កសិករ​មិនអាច​ចូលទៅ​ចូល​ភ្ជួរ​រាស់​បាន​ដោយសារ​ទឹក​ច្រើន​»​។​

​ប្រភព​ដដែល​បញ្ជាក់ថា នៅ​តំបន់​ស្រែប្រាំង ឬ​ស្រែ​ប្រដេញទឹក​ក្នុង​ខេត្ត​នេះ ក៏មាន​ការដកហូត​ដីព្រៃ​លិច​ទឹក​នៅ​តំបន់ ​៣ នៃ​បឹង​ទន្លេសាប និង​ការ​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ផងដែរ​៕