បាត់ដំបងៈ លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ដឹកនាំ​កម្លាំង​ក្នុង​ការិយាល័យ​ល្បាត​ចល័ត​តាម​ដងផ្លូវ​ក្នុង​ក្រុង​បាត់ដំបង ឃាត់​បាន​រថយន្ត​ធុន​តូច​និង​ធុន​ធ្ងន់​ចំនួន ៨​ គ្រឿង ​ដែល​ល្មើស​ការហាម​ចូលក្នុង​ក្រុង និង​ដឹក​សំពីងសំពោង​នៅ ថ្ងៃទី​ ១១ ខែ មិថុនា ​ឆ្នាំ​ ២០២២​ នេះ​។

​លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បានឱ្យដឹងថា ក្នុង​ការឃាត់​រថយន្ត​ធុន​ធំ​បើកបរ​ល្មើស​ស្លាក​សញ្ញា​ចូល​ក្រុង និង​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន ៨​ គ្រឿង​នោះ​មាន​រថយន្ត​ធុន​ធ្ងន់ ៥ គ្រឿង និង​រថយន្ត​ដឹក​សំពីងសំពោង ៣ គ្រឿង​។ បច្ចុប្បន្ន រថយន្ត​និង​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​នាំមក​ការិយាល័យ​ដើម្បី​អនុវត្តតាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បានឱ្យដឹង​ទៀតថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​យោបល់​បញ្ជា​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​យោបល់​របស់លោក​វរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរង​ផែន​ការងារ​សណ្តាប់ធ្នាប់​ផងដែរ​៕​