​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឱ្យ​ពិចារណា​ឡើងវិញ​នូវ​ការអនុវត្ត​ការកាត់ទោស​ប្រហារជីវិត​ក្រុមប្រឆាំង ហើយ​លោក​បានបង្ហាញ​បំណងប្រាថ្នា​ក្នុង​ការជួយ​ប្រទេស​នេះ​ឱ្យសម្រេចបាន​នូវ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ​។

​ក្នុង​លិខិត​ទៅកាន់​លោក មីន អ៊ុងឡាំង ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​ ១០ ខែមិថុនា លោក ហ៊ុន សែន បាន​ថ្លែងថា ការផ្ដន្ទាទោស និង​ផែនការ​ប្រហារជីវិត​លើ​បុគ្គល​មួយចំនួន​ដែល​ប្រឆាំងនឹង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​។​

​លោក​បន្តថា កម្ពុជា​ជឿជាក់ថា ផែនការ​ប្រហារជីវិត​នេះ ប្រសិនបើ​ត្រូវបាន​អនុវត្ត​ប្រាកដជា​នឹង​បង្កឱ្យមាន​ប្រតិកម្ម​អវិជ្ជមាន​រីក​រាលដាល​ពេញ​សហគមន៍​អន្តរជាតិ​។ នេះ​ក៏​នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន និង​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ដើម្បី​គាំទ្រ​មី​យ៉ាន់​ម៉ា​ឱ្យ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន តាមរយៈ​ដំណើរការ​សន្ទនា​ដែលមាន​បរិ​យា​ប័ន្ន​ស្របតាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​៥​ចំណុច​របស់​អាស៊ាន​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ដោយ​ក្តីបារម្ភ​យ៉ាង​ជ្រាលជ្រៅ និង​បំណងប្រាថ្នា​ដ៏​ស្មោះស្ម័គ្រ​ក្នុង​ការជួយ​មី​យ៉ាន់​ម៉ា ឱ្យសម្រេចបាន​នូវ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ ខ្ញុំ​សូម​ស្នើ​ដោយស្មោះ​ស្ម័គ្រ​ដល់​ឯកឧត្តម និង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ឱ្យ​ពិចារណា​ឡើងវិញ​នូវ​ការផ្តន្ទាទោស​នេះ​និង​ចៀសវាង​ការអនុវត្ត​ការកាត់ទោស​ប្រហារជីវិត​ដល់​អ្នក​ដែល​ប្រឆាំងនឹង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ទាំងនោះ​»​។​

​លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តមនឹង​ពិចារណា​ដោយ​យោគយល់​ចំពោះ​ការអំពាវនាវ​របស់ខ្ញុំ​ទៅលើ​ករណីនេះ​។ ខ្ញុំ​ឆ្លៀតឱកាស​នេះ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ម្តងទៀត ក្នុង​ការជួយ​មី​យ៉ាន់​ម៉ា​ឱ្យ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ និង​ការចូលរួម​ពេញលេញ​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​»​។​

​លោក ហ៊ុន សែន បានបង្ហាញ​សេចក្តី​រីករាយ​ដែល​រូបលោក និង​លោក មីន អ៊ុង​ឡាំង បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​នានា​ដែល​ចាត់ទុកថា​មាន​សារៈសំខាន់​សម្រាប់​មី​យ៉ាន់​ម៉ា និង​កម្ពុជា ក៏ដូចជា​អាស៊ាន​ផងដែរ​។

​លោក​ថ្លែងថា​៖ «​ការសន្ទនា​របស់​យើង​អនុញ្ញាតឱ្យ​យើង​ឈានទៅដល់​ការយល់​រួមគ្នា​លើ​បញ្ហា​ផ្សេងៗ​ដែលមាន​ផលប៉ះពាល់​យ៉ាង​ធំធេង​លើ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​របស់​យើង និង​អាស៊ាន​ទាំងមូល​។

​លោក​បន្តថា​៖ «​ខ្ញុំ​មិនមាន​មន្ទិល​ទេ​ថា ឯកឧត្តម ពិតជា​ដឹង​យ៉ាងច្បាស់​ថា សព្វថ្ងៃនេះ តំបន់​របស់​យើង​គឺជា​ចំណុចកណ្តាល នៃ​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​របស់​មហាអំណាច ខណៈពេលដែល​ការប្រកួតប្រជែង​រវាង​ពួកគេ​កំពុងតែ​កើនឡើង​»​។

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ជាមួយនឹង​ការវិវឌ្ឍ​បែបនេះ ចំណាប់អារម្មណ៍​ជាច្រើន​កំពុង​ផ្តោតទៅលើ​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន និង​ទៅលើ​ភាពជឿជាក់ និង​ប្រសិទ្ធភាព​របស់​អាស៊ាន ក្នុងនាម​ជា​គ្រួសារ​តំបន់​ដែល​យក​ប្រជាជន​ជា​ស្នូល​។ ការវិវឌ្ឍ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្ពស់ និង​ត្រូវបាន​គេ​តាមដាន និង​សង្កេត​ដោយ​មនុស្ស​ជុំវិញ​ពិភពលោក​៕