ភ្នំពេញៈ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និង​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី ​១១ ខែមិថុនា​នេះ លោក ហ៊ុន ម៉ា​នី បាន​ថ្លែងថា ការយល់​ច្បាស់​ពី​ចក្ខុវិស័យ​របស់ សង្គមជាតិ ការ​សម្លឹងមើល​ឱ្យ​ឆ្ងាយ និង​យល់ច្បាស់​ពី​តួនាទី​ដ៏​មានតម្លៃ​របស់លោក​គ្រូ អ្នកគ្រូ​ម្នាក់ៗ​ចំពោះ​ការអភិវឌ្ឍ​ជាតិ​ជា​កត្តា​សំខាន់បំផុត​។​

​ខណៈ​នៃ​ការលើកឡើង​ពី​គុណ​តម្លៃ​នៃ​វិជ្ជាជីវៈ​គ្រូបង្រៀន លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏បាន​លើកឡើង​អំពី​ការកំណត់​វិស័យ​អាទិភាព​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​សង្កត់ធ្ងន់ថា​ក្នុង​វិស័យ​នីមួយៗ​ទាមទារ​នូវ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​។

​លោក​បញ្ជាក់ថា​៖​ «​ជាក់ស្តែង តាមរយៈ គោលនយោបាយ​ជាតិ​នានា ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ (២០១៩-២០២៣) រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក «​មនុស្ស​» ជា​អាទិភាព​ទីមួយ មុន​ផ្លូវ ភ្លើង ទឹក ដែល​ការអភិវឌ្ឍ​ធនធានមនុស្ស ប្រាកដ​ណាស់​ចេញពី​តួនាទី​ដ៏​សំខាន់​របស់លោក​គ្រូ-អ្នកគ្រូ​»​។

​លោ​កថា​ការអប់រំ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​នានា​សម្រាប់​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ គ្រប់​កាលៈទេសៈ ចាប់តាំងពី​ការរំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ រហូតដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បន្តទៅ​ថ្ងៃ​អនាគត​៕​