
ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញបានចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទដែលឈរពពាក់ពពូនគ្នានៅជុំវិញរមណីយដ្ឋានវត្តភ្នំ នៅយប់ថ្ងៃទី ១០ ខែមិថុនានេះ ព្រោះសកម្មភាពនោះតែងតែបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យ កើតមានករណី លួច-ឆក់-ប្លន់ និងសកម្មភាពឆបោកជាច្រើនទៀត។
លោក កែម ហេង អនុប្រធានប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ និងសួនច្បារមួយចំនួនទៀតក្នុងមួលដ្ឋានខណ្ឌ ដែលតែងតែបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យកើតមានករណី លួច-ឆក់-ប្លន់ និងសកម្មភាពឆបោកជាច្រើនទៀត។
ការចុះប្រមូលនេះធ្វើក្រោយពីទទួលបាន បទបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១១ យប់។ ជាលទ្ធផល កម្លាំងប្រជាការពារខណ្ឌដូនពេញ ប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និងក្រុមម៉ូតូ ដែលឈរកាងស្ត្រីរកស៊ីផ្លូវភេទបានចំនួន ១៥ នាក់ ស្រី ១០ នាក់ ប្រុស ៤ នាក់ ភេទទី៣ ០១ នាក់ យកមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនទៅ មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបង្ហាត់បង្រៀនចំណេះជំនាញដែលសាមីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងក្រៅពីរបរខាងលើនេះ៕