
ភ្នំពេញៈ ក្រសួងបរិស្ថានបានបញ្ជ្រាបការយល់ដឹងពីបរិស្ថាន និងអនាម័យ ដល់កុមារតាមរយៈការប្រារព្ធខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ ២០២២។ ទិវានេះធ្វើឡើង ក្រោមវត្តមានលោកស្រី ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះ។
ក្រសួងបរិស្ថានបានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ១១ ខែមិថុនានេះថា ក្នុងការអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ក៏បានបង្កើនទំនាក់ទំនងនិងសាមគ្គីភាពរវាងមន្ត្រីរាជការ និងកូនៗមន្ត្រីរាជការក្រសួងបរិស្ថានផងដែរ។ តាមរយៈកម្មវិធីនេះបានបង្ហាញវីដេអូខ្លីស្តីពីការអប់រំបរិស្ថាន ចំណេះដឹងសុខភាពមាត់ធ្មេញ និងការធ្វើអនាម័យ។
ការទស្សនាតាមស្តង់មន្ទីរពិសោធន៍ (មីក្រូទស្សន៍) Poster លើតុស្តីពីការញែកសំរាម និងធុងសំណល់គ្រោះថា្នក់ស្តង់ធនធានជីវៈចម្រុះ (សំណាកជីវៈចម្រុះ) ស្តង់អប់រំបរិស្ថាន និងធនធានធម្មជាតិ ស្តង់បង្ហាញពីផូស៊ីល ស្តង់កម្សាន្តសម្រាប់កុមារគូរមុខ, កាច់ប៉េងប៉ោង, គំនូរនិងផាត់ពណ៌រូបភាព,ផ្គុំរូប ល្បែងបោះបាល់ និងបណ្តើរបាល់ និងស្តង់និទានរឿងបែបអប់រំ (story telling )អំពីធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ។
ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ការប្រារព្ធខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ ២០២២ នេះ ធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើនិរន្តរភាពធនធានធម្មជាតិ ជីវៈចម្រុះ ជាការវិនិយោគលើអនាគតកុមារគ្រប់រូប» «Investing on the sustainability of natural resources and biodiversity is investing future for all children» ។
ទិវានេះធ្វើឡើងក្នុងគោលបំណង បញ្ជ្រាបចំណេះដឹងស្តីពីបរិស្ថាន បណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថានទៅដល់កុមារតូចៗដែលនឹងក្លាយទៅជាអ្នកបន្តវេន និងជាអនាគតអ្នកដឹកនាំវ័យក្មេង ក្នុងកិច្ចការពារ និងអភិរក្សធម្មជាតិ ជាពិសេសផ្តោតទៅលើសត្វស្លាបទឹក និងត្រីដែលជិតផុតពូជ។ បំផុសភាពក្លាហានឱ្យកុមារហ៊ានបង្ហាញចេញនូវការយល់ដឹងពីកំណើត អំពីគុណតម្លៃ សារៈសំខាន់ និងគុណប្រយោជន៍របស់បរិស្ថាន ចំពោះការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបជាពិសេសទម្លាប់នៃការរស់នៅតាមគន្លងថ្មីនៃការការពារពីការឆ្លងជំងឺកូវីដ ១៩៕