ភ្នំពេញៈនគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​សង្ស័យ​ម្នាក់និង​វត្ថុ​តាង​ដាវ​សា​មូ​រ៉ៃ​ចំនួន​១៩១​ដើម​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២​ មិថុនា បន្ទាប់​ពី​ចាប់​ខ្លួន​បាន​២ថ្ងៃ​នៅ​ភូមិ​ត្នោត​ជ្រំ​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌ​មាន​ជ័យ ​ករណី​បង្ហោះ​លក់​ដាវ​សា​មូរ៉ៃ​តាម​អន​ឡាញ។

លោក ប៊ុន សត្យា នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១២​ មិថុនា​ថា បុរស​ជា​ជន​សង្ស័យ​ឈ្មោះ ទីវ ឈុន​ទី អាយុ​២៤ឆ្នាំ ស្នាក់នៅ​បណ្តោះ​អាសន្ន​ក្នុង​បន្ទប់​ជួល​នៃ​ផ្ទះ​លេខ​៣៧០​ ក្នុងភូមិ​ត្នោត​ជ្រំ២ សង្កាត់​បឹង​ទំពុន​ទី២ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។

លោក​បន្តថា​ ជន​សង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថ​កិច្ច​របស់​លោក​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោកឧ​ត្ត​ម​សេនីយ៍​ឯក ​ស ថេត អគ្គ​ស្នង​ការ​រង​នគរ​បាលជាតិ​និង​ជា​ស្នងកា​រ​នគរ​បាល​រាជធានី​ភ្នំពេញ​ធ្វើ​ស​ន្និ​សីទ​សារ​ព័ត៌​មាន​បង្ហាញ​មុខ​ជា​សា​ធា​រណៈ​នៅថ្ងៃទី​១២​ មិថុនា មុន​បញ្ជូន​បន្តទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់។ ចំពោះ​ដាវ​នោះ​គឺ​មុត​ណាស់​បើ​កាប់​ដៃ​គឺ​ត្រូវ​ដាច់​ដៃ​ហើយ​។

លោក​ថ្លែង​ថា៖«ករណី​បុរស​សង្ស័យ​ខាងលើ​ខ្ញុំ​បាន​បញ្ជូន​ទៅ​តុលា​ការ​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ​ហើយ(ថ្ងៃទី​១២ មិថុនា)​បន្ទាប់​ពី​បង្ហាញ​មុខជា​សា​ធារ​ណៈ។ជន​សង្ស័យ​ពា​ក់ព័ន្ធ​ការជួញ​ដូរ​អាវុធ​ខុស​ច្បាប់​និង​លក់​ដូរ​អាវុធ​ខុស​ច្បាប់»​។

បើតាម​លោក សត្យា ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​របស់​លោក​ស្រាវ​ជ្រាវ​និង​​ឃាត់​ខ្លួន​នៅ​ម៉ោង​ប្រមាណ​ជា​៤​រសៀល​ថ្ងៃទី​១០ ​មិថុនា ឆ្នាំ​២០២២ នៅ​ម្តុំ​ស្ថាន​នី​យប្រេង​ឥន្ទ​នៈPTTក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី២ ខណ្ឌ​មាន​ជ័យ ខណៈ​ជន​សង្ស័យ​កំពុង​លក់​ដាវ១ដើម​ឱ្យ​អតិថិ​ជន​ក្នុង​តម្លៃ​៥០ដុល្លារ។បន្ទាប់​មក​សមត្ថ​កិច្ច​លោក​បាន​ឱ្យ​ជន​សង្ស័យ​នាំទៅ​បន្ទប់​ជួល​ក្នុង​ភូមិត្នោត​ជ្រំ២​ ហើយ​ឆែកឆេរ​រកឃើញ​ដាវ​នៅ​ទាំង​ស្រោម​ថ្មីៗចំនួន១៩០​ដើម​

ទៀត។ជន​សង្ស័យ​បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seven Tii និង​តាម​ផេ​ក​ឈ្មោះ ​Seven Cam​bosa​mori​a ដើម្បី​ផ្សព្វ​ផ្សាយ​លក់​ដាវ​របស់​ខ្លួន​។

ជន​សង្ស័យ ទីវ ឈុន​ទី បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌​មាន​ក្នុង​ពេល​បង្ហាញ​មុខជា​សាធា​រណៈ​នៅ​ថ្ងៃទី១២​មិថុនាថា ដាវ​សា​មូរ៉ៃ នេះ​គឺ​គាត់​បាន​បញ្ជា​ទិញ​ពី​ក្រុង​ប៉ោយប៉ែ​ត្រ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដែល​ទំនិញ​នេះ​គាត់​ដឹងថា​ គេ​យក​មកពី​ប្រទេស​ថៃ​ ហើយ​ម៉ូយ​ផ្ញើ​បន្ត​តាម​រថយន្ត​ឈ្នួល​មកឱ្យ​គាត់​នៅ​រាជ​ធានី​ភ្នំពេញ។ គាត់​លក់​ដាវ​សា​មូ​រ៉ៃ​ក្នុង​១​ដើម​តម្លៃ​ពី៥០​ទៅ​៦០​ដុល្លារ​អាមេរិក​និង​ទើប​តែលក់​បាន​១០​ដើម​ប៉ុណ្ណោះ​ហើយ​គាត់​លក់​ឱ្យ​អតិថិ​ជន​សម្រាប់​ដាក់​តាំង​តែ​ប៉ុណ្ណោះ​។

ជន​សង្ស័យ​ឆ្លើយ​ថា៖​«បើ​ខ្ញុំ​ដឹងថា​លក់​ទៅ​វា​ខុស​ច្បាប់​ខ្ញុំ​មិន​លក់​ទេ ខ្ញុំ​អត់​ដឹងថា​ខុស​ច្បាប់​ទេ។អតិថិ​ជន​ដែល​ទាក់​ទង​ទិញ​ដាវ​ពី​ខ្ញុំ​ភាគ​ច្រើន​ជា​អតិថិ​ជន​មាន​វ័យ​ចំណាស់​ទេ​ គាត់​ទិញ​ដាវ​នេះ​សម្រាប់​យក​ទៅ​ដាក់​តាំង​នៅ​អាស​នៈ ​តែ​ខ្ញុំ​មិន​ឃើញ​ក្មេង​ស្ទាវ​មក​ទិញ​ដាវ​ខ្ញុំ​ទេ ​ព្រោះ​វា​ថ្លៃ»។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ លោកសេក សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​អភិ​វឌ្ឍន៍​ផ្នត់​គំនិ​តបាន​ថ្លែង​នៅ​ថ្ងៃទី​១២​មិថុនា​ ​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​បុគ្គល​ខ្លួន​ឯង​មិន​បាន​សិក្សា​ពី​សី​ល​ធម៌ គុណ​ធម៌​​ក្នុង​សង្គម​ ហើយ​បុគ្គល​នោះ​មិន​បាន​ធ្វើ​ការ​ងារ​មួយ​ដែល​សមរម្យ។​ការពិ​តទៅ​ការលក់​សម្ភារ​ដូចជា​ដាវ​សា​មូរ៉ៃឬវ​ត្ថុដែល​អាច​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឬក៏​ប៉ះពាល់​ដល់​បញ្ហា​ផ្សេងៗក្នុង​សង្គម​គឺជា​រឿង​មួយ​មិនល្អ​នោះ​ទេ​។

​លោក​បាន​បន្ត​ថានេះជា​ទង្វើ​ខុសច្បាប់​ ហើយ​ការ​ដែល​អាជ្ញា​ធរ​បាន​ចាត់​វិធានការ​ចំពោះ​ប​ញ្ហានេះ​ជា​រឿង​សមរម្យ​ដោយ​​លោក​ក៏​សូម​លើក​ទឹក​ចិត្ត​ដល់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ គួរតែ​ពិចារ​ណា​ធ្វើការ​ណែនាំ​លើ​បុគ្គល​ម្នាក់នេះ​ដើម្បី​ឱ្យ​គាត់​បាន​សិក្សាឬ​ស្វែង​យល់​អំពី​ច្បាប់​ទម្លាប់​ហើយ​ឱ្យ​គាត់​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ​ហើយចុះ​ហត្ថ​លេខា​ឬ​មាន​ស្នាម​ផ្តិត​មេដៃ​​ដើម្បី​កុំឱ្យ​គាត់​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​។

លោក​បន្ថែម​ថា៖«សមត្ថ​កិច្ច​អប់រំ​ឬ​ឱ្យ​គាត់​លាឈ​ប់​ពីរ​បរ​ណា​ដែលនាំឱ្យ​មាន​បញ្ហា​ទៅ​ដល់​ការងារ​​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ច្បាប់។អ៊ីចឹង​សម្រាប់​ខ្ញុំ​កត្តា​ទាំ​ងអស់នេះ​​គឺ​វា​កើត​ចេញ​ពី​ការចង់​រក​លុយ​ឱ្យបាន​លឿន​ហើយ​ចង់​ពង្រីក​ទីផ្សារ​របស់​គាត់​ទេហើយ​ប្រហែល​ជា​គាត់​គ្មាន​បំណង​អ្វីដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​សង្គម​ជាតិ​ទេ​ គ្រាន់តែ​គាត់​គិត​ថា​បណ្តាញ​សង្គម​ងាយ​ឱ្យ​គាត់​ចាប់​យក​អតិថិ​ជន​ឬក៏​ពង្រីក​ទីផ្សារ​សម្រាប់​ខ្លួន​គាត់»​។

លោក​បន្ត​ទៀត​ថា ចំ​ពោះ​ការ​អនុវត្ត​របស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ ជាពិ​សេស​គឺ​កង​កម្លាំ​ងប្រដា​ប់អាវុធនិង​មន្ត្រីនគ​របាល​គួរតែ​​ពង្រឹង​ទៅ​លើ​បញ្ហា​នេះ។ជា​ពិសេស​គួរតែ​ផ្សព្វ​ផ្សាយ​​ឱ្យបាន​ទូលំ​ទូលាយ​នូវ​ព័ត៌មាន​ណា​ដែល​គួរ​ផ្សព្វ​ផ្សាយ​នៅ​ទីសាធារ​ណៈនិង​ព័ត៌មាន​ណា​ដែល​មិនគួរ​បង្ហោះ​លក់​ផលិ​តផល​​ដែល​ច្បាប់​ហាមឃា​ត់ដើម្បីកុំ​ឱ្យ​កើត​មាន​ប​ញ្ហាដដែលៗប​ន្តទៀ​ត។

បើតាម​​លោក សុជាតិ សមត្ថ​កិច្ច​គួរតែ​ចាត់​វិធាន​ការស្វែងរ​ក​គោលដៅ​ធំ ហើយ​អប់រំ​យុវជ​នឬក៏ក្មេ​ងៗឬក៏​អ្នក​​ប្រកប​របរ​អាជីវ​កម្ម​ផ្នែក​ការលក់​សម្ភារ​ដូចជា​ ដាវ​សា​មូរ៉ៃ កាំបិត ​កាំភ្លើង​ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សន្តិ​ខុស​សង្គម ឬ​ផ្លូវច្បាប់។​មន្ត្រី​មាន​សមត្ថ​កិច្ច​គួរតែ​ផ្សព្វ​ផ្សាយ​ពី​ផលប៉ះពាល់​ដល់​សុវត្ថិ​ភាព​របស់​អ្នក​លក់​ដែល​គាត់​មិនទា​ន់​យល់​ថា​របស់​ណា​ដែល​លក់​ទៅ​ខុស​ច្បាប់​និង​របរ​ណា​ដែល​លក់​ទៅ​ត្រូវ​ច្បាប់។​

លោកបា​ន​បញ្ជាក់ថា​៖ «សមត្ថ​កិច្ច​គួរ​បន្ត​នូវ​ការ​យកចិត្តទុ​កដាក់​ហើយ​សូម​កុំឱ្យ​មន្ត្រី​ខាង​កងក​ម្លាំង​របស់​យើង​ដែល​ទទួល​បន្ទុក​ការអនុវត្ត​ឬក៏​ចាត់​វិធា​នការ​តឹងរ៉ឹង​លើ​បញ្ហា​នេះ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ជន​ល្មើស​ឬក៏​អាច​ថា​ស្ថិតនៅ​ពីក្រោយ​ខ្នង​​ការ​ជួញ​ដូរ​ឬ​ការជួយ​សម្រួល​ក្នុងការ​ចែក​ចាយ​ កាំបិត ដាវ​សា​មូរ៉ៃ អី​ជា​ដើម»​៕

វីដេអូ៖