ភ្នំពេញៈ ​លោក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​កាសែត ភ្នំពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃទី​១២ ខែមិថុនា ថា ក្រុមមន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ផាកពិន័យ​តែ​ទៅលើ​ស្លាក​លេខ​យានជំនិះ​ណា​ដែល​បាត់​អត្តសញ្ញាណ​ទាំងស្រុង​តែប៉ុណ្ណោះ ដោយ​ការផាកពិន័យ​នេះ​មិន​អនុវត្ត​ទៅលើ​ស្លាក​លេខ​យានជំនិះ​ណា ដែល​នៅ​សម្គាល់​បាន​អត្តសញ្ញាណ​នោះទេ​។​

​លោក ស ថេត ថ្លែងថា​៖ «​សមត្ថកិច្ច​ផាកពិន័យ​លុះត្រាតែ​ស្លាក​លេខ​នោះ​រលុប​ទាំងស្រុង បាក់បែក​ទាំង​ស្រុក ឬ​ដាក់​បិទបាំង​ទាំង​ស្រុក​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ផ្ទុយ​ពីនេះ​ដូចជា​ស្នាម ឬ​ឆ្កូត ដែល​នៅ​អាច​កំណត់​អត្ត​សណ្ណាណ​សម្គាល់​បាន​គឺ​សមត្ថកិច្ច​មិន​ផាកពិន័យ​នោះទេ​»​។

​ទោះយ៉ាងណា​ក៏ដោយ លោក ស ថេត អះ​អា​ថា កន្លងមក សមត្ថកិច្ច​មានការ​ផាកពិន័យ​ទៅលើ​យានជំនិះ​ណា​ដែល​បាន​ពាក់​ស្លាក​លេខ​បន្លំ ដើម្បី​ធ្វើ​ចរាចរណ៍​នៅលើ​ដង​ផ្លូន​ប៉ុណ្ណោះ​។​

ការ​ថ្លែង​របស់​មន្ត្រី​មាន​សមត្ថកិច្ច បាន​ធ្វើឡើង​ក្រោយពី​មាន បុគ្គល​ម្នា​ក់ថត​វីដេអូ Tik Tok បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម ដោយ​បង្ហាញ​សារ​ពី​នគរបាល​ផាកពិន័យ​ម៉ូតូ​ចាប់ពី​១២​ម៉ឺន​រៀល​ឡើងទៅ ឱ្យតែ​ផ​ស្លាក​លេខ​សម្គាល់​យានជំនិះ​នោះ ស្នាម​ប្រឡាក់ ឬ​ឃើញ​មិនសូវ​ច្បាស់ ខុស​ទ្រង់ទ្រាយ​ដើម ឆ្កូត ហើយ​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវ ដែល​បាន​បង្ក​នូវ​ភាពចលាចល​មួយ​ឬក៏​ផ្អើល​ដល់​សា​ធារ​ជន​។​

ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​កាលពី​ថ្ងៃទី​១០ ខែមិថុនា​នេះ បាន​ស្រាយ​បំភ្លឺថា វីដេអូ​នោះ​ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ជាពិសេស​គោលបំណង​អាក្រក់​ក្នុងការ​បំពុលបរិយាកាស​សង្គម ជាពិសេស​ក្នុងន័យ​បង្ខូច​កិត្តិយស ដល់​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក ដែលជា​អ្នកអនុវត្ត​ច្បាប់​។

សេចក្តីបំភ្លឺ​បន្តថា​៖« បុគ្គល​រូបនេះ​បានធ្វើការ​ផុស​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម TikTok ថា​សមត្ថកិច្ច​នឹងធ្វើ​កា​រ​ផាកពិន័យ​ចំពោះ​យានយន្ត​ណា​ដែល​ពាក់​ផ្លាក​មាន​ស្នាម​ប្រឡាក់ ឆ្កូត ។​ល​។ ចំពោះ​ការចុះ​ផ្សព្វផ្សាយ​នោះ​ដោយ​គ្មាន​ការពិត ខ្វះ​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បកស្រាយ​បំភ្លឺថា ចំពោះ​ស្លាក​លេខ ដែល​រលុប ឬ​ឆ្កូត​តិចតួច​អាច​កំណត់​អត្តសញ្ញាណ​យានជំនិះ​បាន មិន​តម្រូវឱ្យធ្វើ​ការប្តូរ​នោះទេ​។​

ក្រសួង​បន្តថា​៖« ចំពោះ​ស្លាក​លេខ​យានជំនិះ​បាក់ រហែក រលុប អក្សរ​ឬ​លេខ ឬ​ត្រូវ​ប្តូរ​ថ្មី អាចធ្វើ​ការស្នើសុំ​ប្តូរ​ស្លាក​លេខ​ថ្មី​បាន ប៉ុន្តែ​រក្សា​ស៊េរី និង​លេខ​នៅ​ដដែល​»៕

វីដេអូ៖