​ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដំឡើង​ម៉ាស៊ីនបូមទឹក និង​ប្រើប្រាស់​រថយន្ត​បូម​លូ​ចំនួន ១០ គ្រឿង​ដើម្បី​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​សង្កាត់​បឹងទំពុន និង​ទីតាំង​រង​ការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង​នា​រដូវវស្សា​នេះ ខណៈ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ថានីយ​បូមទឹក​ចំនួន ១៥ សម្រាប់​បូម​រំដោះ​ទឹកជំនន់​។ នេះ​បើតាម​អ្នកនាំពាក្យ​។​

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​១២ មិថុនា​នេះ​ថា ដើម្បី​រំដោះ​ទឹកជំនន់​ចេញពី​ទីក្រុង​ក្នុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ទាល់តែ​ចរន្ត​ចំនួន​៣ គឺ​ស្ថា​នី​បូមទឹក ប្រព័ន្ធ​លូ និង​ប្រឡាយ​មិនមាន​ការកកស្ទះ​ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ និង​កំពុងធ្វើការ​ពង្រីក​បន្ថែ​ម​នូវ​ប្រព័ន្ធ​ទាំងនេះ​។

លោក​បានឱ្យដឹង​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​ស្ថានីយ​បូមទឹក​ចំនួន ១៥ សម្រាប់​បូមទឹក​រំដោះ​ចេញ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ពិសេស​នា​រដូវវស្សា​នេះ​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ក្នុងនោះ​ស្ថានីយកំពុង​បន្ថែម​ម៉ាស៊ីនបូមទឹក​ចំនួន ៥ ទៀត​ក្នុង​សង្កាត់​បឹងទំពុន ពីព្រោះ​តំបន់​នេះ​មានការ​ជន់​លិច​ខ្លាំង​។​

លោក​ថ្លែងថា​៖«​ករណី​ស្ថានីយ​បូមទឹក​បឹងទំពុន​អ៊ីចឹង កាលពីដើម​ទីតាំង​នេះ​មាន​ស្ថានីយ​បូម​តែ​ចំនួន ៥ ទេ ប៉ុន្ដែ​ដោយ​យើង​មើលឃើញ​តម្រូវការ​នៃ​ការប្រើប្រាស់​យើង​ក៏​បន្ថែម​ម៉ាស៊ីនបូមទឹក​ចំនួន ៥ ទៀត​។ ហើយ​ក្នុងចំណោម ៥ នេះ មាន​ពី​កន្លែង​បានធ្វើ​រួចរាល់ នឹង​កំពុងតែ​បង្ហើយ​ចំនួន ៣ ម៉ាស៊ីនបូមទឹក​ទៀត​។ អ៊ីចឹង​ការសាងសង់​នេះ​បានធ្វើ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​រយៈពេល ២ សប្ដាហ៍​ទៀត​»​។

លោក​បញ្ជាក់ថា​៖«​អ៊ីចឹង​ទេ ក្រោយពេល ២ សប្ដាហ៍​ទៀត​ទើប​យើង​ង​អាច ប្រើប្រាស់​នូវ​កម្លាំង​ពេញ​នៃ​ម៉ាស៊ីនបូមទឹក​ទាំង ១០ នៅ​ស្ថានីយបូមទឹក​បឹងទំពុន​តែម្ដង​»​។​

លោក មាស​ភក្ដី បានឱ្យដឹងថា ក្រៅពី​បន្ថែម​ម៉ាស៊ីនបូមទឹក​ដើម្បី​រំដោះ​ទឹកជំនន់​ទៅ​ទីតាំង​ស្ថានីយ​បូមទឹក​ដែល​រង​ការ​ជន់​លិច​ខ្លាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ពង្រីក​បណ្ដាញ​លូ និង​ប្រឡាយ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រៀមរ​យន្ត​បូម​លូ​ចំនួន ១០ គ្រឿង​ដើម្បី​បូមទឹក​ចេញពី​ទីតាំង​រង​ការ​ជន់​លិច​ខ្លាំង​នា​រដូវវស្សា​នេះ​។​

លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ បានឱ្យដឹងថា ដើម្បី​រំដោះ​ទឹកជំនន់​ទឹកភ្លៀង នា​រដូវវស្សា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​បន្ថែម​ម៉ាស៊ីនបូមទឹក​នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន និង​បាន​បញ្ជូន​រថយន្ត​បូម​លូ ដើម្បី​បូម​រំដោះ​ទឹក​ភ្លាមៗ​នៅតាម​ទីតាំង​ដែល​រង​ការ​ជន់​លិច​ខ្លាំង​។​

លោក​បានឱ្យដឹងថា លោក​អភិបាល​រាជធានី ក៏បាន​ដាក់​បញ្ជាក់​ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំងអស់​ធ្វើការ​ស្ដារ​នៅតាម​លូ ប្រឡាយ​នានា ដើម្បី​បញ្ចៀស​ការកកស្ទះ នៅតាម​មាត់​លូ ប្រឡាយ​ពេល​មាន​ភ្លៀង​ធ្លាក់ ហើយ​បច្ចុប្បន្ននេះ រដ្ឋបាល​ខណ្ឌមានជ័យ​កំពុង​ចាប់ផ្ដើម​ស្ដារ​ប្រឡាយ​ចាប់ពី​ស្ថានីយ​បូមទឹក​បឹងទំពុន​រហូត​ទៅដល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។

លោក​បញ្ជាក់ថា​៖«​ជាក់ស្ដែង​ត្រង់ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្រោយពី​យើង​បានធ្វើ​លូ​ថ្មី​រួចហើយ គឺ​លែង​មានការ​ជន់​លិច​នៅ​តំបន់​នេះ​ទៀតហើយ ពលរដ្ឋ​ដែល​រស់នៅ​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ​លែង​រង​ការ​ជន់​លិច​ទៀតហើយ​។ ដូច្នេះ យើង​ចាប់​ផ្ដើមធ្វើ​បន្ត​ចេញពី​ស្ថានីយ​បូមទឹក​បឹងទំពុន​ត្រង់ចំណុច​ផ្លូវ ៣៧១ ទៅដល់​ផ្លូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ឡើងវិញ​»​។​

បើតាម​លោក ង៉ែត ខណ្ឌមានជ័យ​មាន​ស្ថានីយ​បូមទឹក​ចំនួន ៣ ក្នុងនោះ​មាន ស្ថានីយ​បូមទឹក​បឹងទំពុន ស្ថានីយ​បូមទឹក​នៅ​ព្រំប្រទល់​ខណ្ឌមានជ័យ និង​ខណ្ឌចម្ការមន និង​ស្ថានីយ​មួយទៀត ស្ថិតនៅ​ព្រំប្រទល់​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ នៅ​តំបន់​ស្ពានដែក​។ ក្រៅពីនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​កំពុង​សាងសង់​អាង​ស្ដុ​ប​ទឹក​ថ្មី​មួយ​នៅ​តំបន់​ស្ថានីយ​បូមទឹក​បឹងទំពុន​ដែល​អាច​ស្ដុក​ទឹកបាន​រាប់លាន​ម៉ែត្រគូប​ផងដែរ​៕

វីដេអូ៖