កណ្ដាលៈ ​ស្រេង ​សុខា ​អតីត​ស្នង​ការរង​ខេត្ត​កណ្តាល​ត្រូវ​បាន​កម្លាំង​នគរ​បាល​នៃ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ ត្រូវ​បាន ចាប់​ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធ​នា​គារ​ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​១២​ ខែ​មិ​ថុនា ក្រោយ​ពី​តុលាការ​សម្រេច​កាត់​ទោស​កំបាំង​មុខ កាល​ពី​ខែវិច្ឆិកា ​ឆ្នាំ​២០២១។​

លោក​ ង៉េ​ង ​ជួ​ ប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១២ មិថុនា ថា ជន​ជាប់​ចោទ​ឈ្មោះ ​ស្រេង ​សុខា ​ជា​អតីត​ស្នងការរង​ខេត្ត​កណ្តាល​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី​១១​មិថុនា ​ឆ្នាំ ២​០២២​ហើយ​លោក​បាន​បញ្ជូន​បន្តទៅ​សាលា​ដំបូង​ខេត្ត​ កណ្តាល​នៅ​ថ្ងៃទី​១២​ មិថុនា​ ដើម្បី​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

លោក​ថ្លែងថា​៖«​ជន​ម្នាក់នេះ​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ខ្ញុំ​បាន​ចាប់ខ្លួន​គាត់​​(​ថ្ងៃទី​១១​មិថុនា​)​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​ខេត្តកណ្តាល​។​យើង​បញ្ជូន​គាត់​ឱ្យ​ខាង​តុលាការ​ហើយ​ហើយ​តុលាការ​បាន​ឃុំខ្លួន​គាត់​ហើយ​»​។​

យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ដែលមាន​ចុះហត្ថលេខា​ដោយ​លោក​រស់ ផុន​ចាន់​និមល ជា​ចៅក្រម​ជំនុំជម្រះ នៃ​តុលាការខេត្ត កណ្តាល កាលពី​ថ្ងៃទី​២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១​ហើយ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​១២ មិថុនា ឆ្នាំ ២០២២ បាន​សរសេរ​ក្នុង​ខ្លឹមសារ​ថា ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទ ប្រុស អាយុ ៤០​ ឆ្នាំ​ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មានរ​បរជា​នគរបាល​។ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល ​១​ឆ្នាំ ៦​ខែ ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់រ​ការ​ខ្ពស់ ក្រុង តាខ្មៅ ខេត្ត កណ្តាល កាលពី​ថ្ងៃទី​៣០ ខែ កក្កដា ឆ្នាំ ២០២០ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​ស្របតាម​បញ្ញត្តិ​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល​។​

​បើតាម​មន្ត្រីនគរបាល​ខេត្ត កណ្តាល​មួយរូប​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បានឱ្យដឹង​នៅ​ថ្ងៃទី​១២ មិថុនា ថា ​អតីត លោក​ស្នងការរង ស្រេង សុខា ម្នាក់នេះ បាន​បង្កបញ្ហា​តាំងពី​ជំនាន់ លោក​ម៉ៅ ភិ​រុណ ជា​អភិបាល​ខេត្តកណ្តាល​ម្ល៉េះ ដោយ ជន​ម្នាក់នេះ​បាន​បញ្ជា​ឱ្យ​ចៅសង្កាត់រ​ការ​ខ្ពស់​ស៊ី​ញ៉េ រឿង​ដី​បឹង​ទទឹងថ្ងៃ​នៅក្នុង​ភូមិ​កោះគរ សង្កាត់ រការ​ខ្ពស់ ក្រុង តាខ្មៅ យក ដី​រដ្ឋ​ជាង​ ២០​ ហិកតា ក្នុង​ដី​រដ្ឋ​សរុប​ជាង​ ៤០ ​ហិកតា​យកទៅ​កាន់កាប់​។​

បន្ទាប់មក ជន​រូបនេះ​ក៏ត្រូវ​បាន​លោក សខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​២១​ខែ មេសា ឆ្នាំ ២០២០​ផ្អាក​ការងារ​ជា​ស្នងការរង​បណ្តោះអាសន្ន​ហើយ​ត្រូវបាន​លោក​ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្ត កណ្តាល មាន​ចំណាត់ការ​បន្តម​ករហូ​ត​មាន​ដីកា​តាម​ចាប់ខ្លួន​នេះ​៕