បាត់​ដំបងៈ គណៈ​កម្មការ​ខេត្ត​បាត់​ដំបង​រៀបចំ​ការ​បោះឆ្នោត​ បាន​បដិសេធ​ ​ពាក្យបណ្តឹង​ចំនួន​ ១៩​ របស់​គណ​បក្ស​ភ្លើង​ទៀន ដែល​ពាក់​ព័ន្ធ​នឹង​ករណី បិទទ្វារ​មណ្ឌល​ការិយាល័យ​បោះ​ឆ្នោត​ មិន​អនុញ្ញាត​ឱ្យ​ប្រជាពល​រដ្ឋ​ ចូល​ទៅ​តាម​ដាន​មើល​ការ​រាប់​សន្លឹក​ឆ្នោត​ ដោយ​សារ​តែ​គណ​បក្ស​នេះ បាន​ដាក់​ក្រោយ​មួយ​ថ្ងៃ​នៃកាល​បរិច្ឆេទ​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​បណ្តឹង។

លោក សុខ ហីង ប្រធាន​លេខាធិការ​ដ្ឋាន​ គណៈ​កម្មការ​ខេត្ត​បាត់​ដំបង​ រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែ​មិថុនា​ថា ទាក់ទង​ទៅ​នឹង​បណ្តឹង​របស់​គណ​បក្ស​ភ្លើង​ទៀន​ទាំង​ ១៩ នោះ​ ​គឺដាក់​នៅ​ក្រោយ​ថ្ងៃ​អាជ្ញាយុ​កាល ព្រោះ​តាម​ច្បាប់​កំណត់ គឺ​ត្រូវ​ដាក់ អំឡុង​ពេល ​៣ ថ្ងៃ ក្រោយ​ការ​បោះ​ឆ្នោត​។

លោក​បន្ត​ថា ក្រោយ​គណ​បក្ស​នេះ យក​ពាក្យ​បណ្តឹង​មក​ដាក់​នៅ​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មការ​ខេត្តបាត់​ដំបងរៀបចំ​ការបោះ​ឆ្នោត ពុំ​មាន​ការ​បើក​សវនា​ការ​ដើម្បី​ដោះស្រាយ​នោះ​ទេ គឺលេខា​ធិការ​ដ្ឋាន​ គណៈ​កម្មការ​ខេត្ត​ បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង ​ទៅ ​គណបក្ស​ភ្លើង​ទៀន​វិញ​ភ្លាម​ ប៉ុន្តែ​ បើ​គណ​បក្ស​ភ្លើង​ទៀន មិន​សុខ​ចិត្តការ​សម្រេច​របស់​លេខា​ធិការ​ដ្ឋាន​ គ​ណ​បក្សភ្លើង​ទៀន អាច​បន្ត​ប្តឹង​ទៅ គជប ទៀត​បាន ស្រប​ទៅតាម​កាល​កំណត់​របស់​ច្បាប់ ​។

លោក​ថ្លែង​ថា៖ «គណ​បក្ស​ភ្លើង​ទៀន ភាគ​ច្រើន​ ប្តឹង​លើអាជ្ញាធរ​មូល​ដ្ឋាន​ និង​ប្តឹង​មន្ត្រី​ គជប​ មិន​ឱ្យ​ ប្រជាពលរដ្ឋ​ និ​ង សកម្ម​ជន​របស់​គាត់ ចូល​ក្នុង​មណ្ឌល​ការិយា​ល័យ​រាប់ សន្លឹង​ឆ្នោត ដើម្បី​តាមដា​ន។ ត្រង់​ចំណុច​នេះ គេមិ​នឱ្យ​ចូល​រ ព្រោះ​វាខុស​ទៅ​នឹង​និតិវិធី។ អ្នក​ដែល​មាន​សិទ្ធិ​ចូល មាន​តែ​មន្ត្រី ​គជប ភ្នាក់​ងារ​គណ​បក្ស​នយោ​បាយ ហើយ​គាត់​នៅក្នុង​ហ្នឹង​ដែរ និង អ្នក​សង្កេត​ការណ៍​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី គជប»។

លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍​នៅថ្ងៃ​ទី ​១២ ខែ​មិថុនា ​ថា​ បណ្តឹង​រប​ស់គណ​បក្សភ្លើង​ទៀន ស្ទើតែ​គ្រប់​រាជ​ធានី​ខេត្ត មិន​ថា បណ្តឹង​នៅ​ខេត្ត​បាត់​ដំប​ងទេ ត្រូវ​បាន​បដិសេធ​ និង​មិន​ទទួល​យក​ទៅដោះ​ស្រាយ ​ដោយ​គណៈក​ម្មការ​ឃុំ​សង្កាត់ រៀបចំ​ការ​បោះឆ្នោត និង គណៈ​កម្មការ​រាជធានី​ខេត្ត​ រៀបចំការ​បោះឆ្នោត​ និងបាន​ចាត់​ទុក​ថា បណ្តឹង​ទាំង​នោះ មិនមាន​ភស្តុតាង​គ្រាប់​គ្រាន់ និង​ហួស​អាជ្ញាយុ​កាល​ជាដើម​។

លោក​បន្ត​ថា បណ្តឹង​មួយ​ចំនួ​ន​ទៀត ត្រូវ​បាន​សម្រប​សម្រួល​ បញ្ចប់​នៅតាម​ឃុំសង្កាត់​បោះឆ្នោត ​ដោយស្នើសុំ​ឱ្យមាន​ការ​ដក​ពាក្យ​បណ្តឹង​វិញ​ជាដើម​។ បណ្តឹង​មួយ​ចំនួន​ អាច​នឹង​បន្តប្តឹង​មក​ គជប ​ដើម្បី​ឱ្យ​មាន​ការ​ដោះស្រាយ​បន្តទៀត​ ខណៈ​បណ្តឹង​នៅ តាម​បណ្តារាជ​ធានី​ខេត្ត​មួយ​ចំនួន កំពុង​តែ​ដោះ​ស្រាយ​និង​រៀបចំ​ឯក​សារ​។

លោក​ថ្លែង​ថា៖ «គាត់​ចេះ​តែ​ ឱ្យ​យើង​ប្តឹង ប៉ុន្តែ នៅ​ពេល​ដែល​ប្តឹង​ទៅគេ​បដិសេធ ​កន្លែង​ខ្លះ ស្ទើតែ​អង្វរ​ និង​លត់​ជង្គង់ ឱ្យដក​ពាក្យ បណ្តឹង​វិញ ​ព្រោះ​ឃើញ​ថា ភាព​មិន​ប្រក្រតី​វាមាន​ច្រើន​ពេក។ យើង​ក៏មាន​ការ​សម្រប​សម្រួល​ទៅតាម​ហ្នឹង​ទៅ និយាយ​ទៅ​គណ​បក្ស​យើង​វាស្លូត​ពេក ព្រោះ​យើង​គិត​ថា យើង​ជាខ្មែរ​តែមួយ ប៉ុន្តែ យើង​គ្រាន់​តែចង់​បាន​តម្លៃភាព​សមរម្យ​ និង​យុត្តិធម៌​ទេ»។

លោក សំ សុគន្ធាមី​ នាយក​ប្រតិ​បត្តិ អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នីក​ហ្វិក  ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១​២​ ខែមិថុ​នា ​ថា បណ្តឹង​របស់​គណ​បក្ស​ភ្លើង​ទៀន​ ខ្លះ លោក​ ឃើញ​ថា ត្រូវ​បាន​បដិសេធ​ ព្រោះ​ ហួស​អាជ្ញាយុកាល​ និង​​ បណ្តឹង​ខ្លះ​ទៀត​ ពា​ក់ព័ន្ធទៅ​នឹង​រឿង​​ព្រហ្ម​ទណ្ឌ ក៏ គជប​ បដិសេធ​ដែរ​ ព្រោះ​វាមិន​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់ គជប​ ។

លោក​បន្ត​ថា បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតទៀត​សោត លុះត្រា​តែមាន​កម្មវត្ថុ​អ្វីមួយ​ច្បាស់​សាស់​ ទើប​ គជប សម្រេច​ទទួល​យក​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ និង​និតិវិធី។

លោក​ថ្លែង​ថា៖ «គណ​បក្ស​នយោ​បាយ​មាន​សិទ្ធិ​ប្តឹង ឱ្យតែ​ពិនិត្យ​មើល​ឃើញ ភាព​មិន​ប្រក្រតី​ណា​មួយ​ក្នុង​ពេល​បោះឆ្នោត ​ប៉ុន្តែ ​បើ​ប្តឹងវា​អត់​ស្ថិត​ក្រោម​សមត្ថ​កិច្ច និង​និវិធី ​របស់ គជប​ គេបដិសេធ​ហើយ»​។

លោក​ សោម សូរីដា ​អ្នក​នាំពាក្យ​ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃ​ទី ១២ ខែ​មិថុនា​ថា ដំណើការ ​នៃការ​ដាក់​ ទទួល​ និង​ដោះ​ស្រាយ​បណ្តឹងពាក់ព័ន្ធ​ទៅនឹង​ថ្ងៃស (ថ្ងៃ​សៅរិ៍ទី ៤ ខែ​មិថុនា ឆ្នាំ ២០២២) និង​ថ្ងៃ​បោះឆ្នោត​ ដែល​ថ្ងៃទាំង​ពីរ​នេះ គណៈ​កម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ទទួល​បាន​ ចំនួន​ ៨៥ បណ្តឹង​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​អស់​ហើយ ។

ក្នុង​នោះ​ មាន ៣២ បណ្តឹង ​បាន​បន្ត​មក​គណៈ​កម្មការ​រាជធានី​ខេត្ត ​រៀបចំ​ការ​បោះឆ្នោតនិង ៥៦ បណ្តឹង​ទៀត​ ត្រូវ​បាន​ប្តឹង​ផ្ទាល់​មក​ គណៈ​កម្មការ​រាជ​ធានី​ខេត្ត​ រៀបចំ​ការ​បោះឆ្នោត​ពាក់​ព័ន្ធ​នឹង​ការ​សុំដាក់​ទោស​មន្ត្រី​បោះឆ្នោត​ ដោយ​សរុប​ទាំង​អស់ ៨៨​ បណ្តឹង។

លោក​ថ្លែង​ថា​៖« ក្នុង​ចំណោម​ ៨៨ បណ្តឹង​នេះ​ ត្រូវ​បាន​ គណៈក​ម្មការ​រាជ​ធានី​ខេត្ត​ បាន​ដោះស្រាយ​ ៦២​ បណ្តឹង​ និង​នៅសល់​ចំនួន​ ២៦ បណ្តឹង​ បាន​និង​កំពុង​បន្ត​ដោះ​ស្រាយ។ ដោយ​ឡែក នៅ ​គជប មាន​តែមួយ​បណ្តឹង​ ទាក់​ទ​ង​ ថ្ងៃស ​និងថ្ងៃ​បោះ​ឆ្នោត ហើយ​ គជប បាន​ដោះស្រាយ​បញ្ចប់​ហើយ​»។

លោក​បញ្ជាក់​ទៀត​ថា ចំណែក​បណ្តឹង​មួយ​ទៀត​ ពាក់​ព័ន្ធ​នឹង​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះឆ្នោត​ ដែ​ល​មាន​ការ​បិទផ្សា​យ​នៅ​ទីស្នាក់​ការ​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ក្នុង​រយៈពេល​បីថ្ងៃនេះ​ គណៈ​កម្ម​ការរាជធានី​ខេត្ត​ ទទួល​បាន​ ៥០ បណ្តឹង ហើយ ៥០ បណ្តឹង​នេះ បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​អស់​ហើយ។ ដោយ​ឡែកបណ្តឹង​ដែល​ត្រូវ​ប្តឹង​បន្ត​មក គជប ​គជប មិន​ទាន់​ទទួល​បាន​នោះទេ ​៕