កំពតៈមន្រ្ដី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ យុវជន​កម្ពុជា​និងយុវជន​មក​ពីប្រទេស​​ក្នុង​តំបន់​ចំនួន​២៦​រូបបាន​សន្ទនាគ្នាដើម្បី​ផ្លាស់​ប្ដូរ​ទស្សនៈនិង​មតិយោ​បល់​អំពីតួ​នាទី​សង្គម​ស៊ីវិល​និង​ការ​ចូល​រួមរ​បស់​យុវ​ជន​ក្នុង​កិច្ច​ការ​​នយោ​បាយនិង​ការ​អភិ​វឌ្ឍ​ប្រទេស​​ដើម្បី​បង្កើន​កិច្ច​សហ​ការ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​។​​

កិច្ច​សន្ទនា​នេះ​ធ្វើឡើង​រយៈ​ពេល​៣​ថ្ងៃចាប់ពីថ្ងៃទី​១០​ ខែមិថុនា ឆ្នាំ​២០២២​ ដល់​ថ្ងៃទី​១២​មិថុនា ​នៅ​ខេត្ត​កំពត ដែល​រៀបចំនិង​ឧបត្ថម្ភដោយ​មូល​និធិ​របស់​អាល្លឺ​ម៉ង់ ​Konrad Adenauer Stinting ​ក្រោម​ប្រធាន​បទ​ផ្សេងៗ​គ្នា។​

ក្នុង​នោះ​មានកិច្ច​សន្ទនា​អំពី​ស្ថាន​ភាពនិង​​តួនាទី​សង្គម​​ស៊ីវិលនៅក​ម្ពុជានិងក្នុង​សង្គម​ប្រជាធិ​បតេយ្យ​ដទៃទៀត។ តួនា​ទី​​និង​ការ​ចូល​រួម​របស់​យុវ​ជន​ក្នុង​កិច្ច​ការ​នយោ​បាយនៅកម្ពុ​ជានិងក្នុង​សង្គ​មប្រជាធិប​តេយ្យដទៃទៀ​តនិង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបា​លនិង​សង្គម​ស៊ីវិលនិង​បញ្ហា​ប្រឈម​នៅ​កម្ពុជានិង​ក្នុង​សង្គ​ម​ប្រជា​ធិប​តេយ្យ​ដទៃ​ទៀត។​

លោក​ ជិន ម៉ាលីន រដ្ឋលេ​ខាធិការ​ក្រសួង​យុត្តិធម៌ ​ថ្លែង​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅថ្ងៃទី១​២ មិថុនា​ថា លោក​បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​កិច្ចសន្ទនាជាមួយតំណាង​មកពី​សង្គមស៊ីវិលនិងយុវជនមកពីបណ្ដាប្រទេស​ក្នុង​តំបន់​អាស៊ាន ទាក់ទងនឹង​ «អំពី​តួ​នា​ទី​សង្គម​ស៊ីវិល​ និង​ការ​ចូល​រួមរ​បស់​យុវ​ជន​ក្នុង​កិច្ច​ការ​នយោបាយ»។

លោកថ្លែងថា ​នេះ​គឺជា​កិច្ច​សន្ទនា​ថ្នាក់​តំបន់រៀបចំដោយមូលនិធិរបស់ អាល្លឺម៉ង់ Konrad Adenauer Stinting ។ ក្នុង​កិច្ច​សន្ទនានេះមាន​វាគ្មិន​មកពីតំណាង​អង្គការ​សង្គម​ស៊ីវិលនិង​មាន​យុវជន​ចូលរួម​មក​ពីបណ្ដា​ប្រទេស​​ក្នុង​តំបន់​អាស៊ាន​ចំនួន​​៥ ទៀត រួមជា មួយ​​យុវជន​កម្ពុជា​សរុប ២៦រូប។

លោក​បញ្ជាក់ថា​៖«តាមរយៈកិច្ច​សន្ទនានេះគឺយើង​​ជជែកគ្នាអំពីតួនាទីរបស់យុវជនថាតើ​យុវជន​មាន​តួនាទី​អ្វីខ្លះ​ក្នុង​កិច្ច​ការនយោបាយ ក្នុង​ការ​អភិវឌ្ឍប្រទេសនៅកម្ពុជា និង​ការ​ដកបទពិសោធ​នៅតាម​បណ្ដាប្រទេស​ជិត​ខាង​ក្នុង​តំបន់»​​។​

លោកបន្តថា​៖«ក្នុង​នោះ​ក៏បាន​ពិភាក្សា​អំពីតួនាទី​របស់​សង្គម​ស៊ីវិលថា​តើ​សង្គម​ស៊ីវិល​ បានដើរតួនាទី​សំខាន់​អ្វីខ្លះ ក្នុង​កិច្ច​ការ​​នយោបាយនិង​​​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​បញ្ហា​ប្រឈម​រវាង​ទំនាក់ទំនង​សង្គមស៊ីវិលថា តើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​បង្ខិត​​ការយល់​ខុស​គ្នា ភាព​មិនទុក​ចិត្ដ​គ្នា​រវាង​រាជរដ្ឋា​ភិបាលនិង​សង្គម​ស៊ីវិល​ឱ្យកាន់​តែមាន​គម្លាត​តូចហើយ​អាច​ធ្វើ​ការ​សហ​ការ​គ្នា​បាន​ដើម្បី​ឈានទៅ​ការ​អភិវឌ្ឍ​ប្រទេស​រួម​គ្នា»​។​

លោកស្រី⁣ ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ដែល​បាន​ចូល​រួម​​​ជាវាគ្មិន​ក្នុង​កិច្ចសន្ទនានេះ​បាន​លើកឡើងថា សង្គម​ស៊ីវិល​ជឿថា​ ការ​ផ្ដល់​ឱកាស​ឱ្យយុវជន និង​​ការ​កសាងសមត្ថភាព​របស់​​ពួកគេ​នឹង​ផ្ដល់​ឱ្យពួកគេ​នូវ​ជម្រើ​សក៏ដូចជាកិច្ច​សហ​ប្រតិបត្ដិការ​ល្អ​នៅក្នុង​កិច្ច​ការងា​រ​គោល​នយោបាយ កិច្ច​ការងារ​បច្ចេក​​ទេស​​ក្នុង​ការ​​​ប្រើ​ប្រាស់​ចំណេះដឹងលើ​​ការ​អភិវឌ្ឍប្រទេស​នា​ពេល​ខាង​មុខ​។

លោកស្រីថ្លែង​ថា​៖«អ៊ីចឹងយើង​ជឿជាក់ថា យុវជន​គឺជា​ចលករ​ដ៏សំខាន់​នៅក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជាវិជ្ជ​មាន​​ សម្រាប់​សង្គម​ និង​ប្រទេស​ទាំង​មូល​»៕