ភ្នំពេញៈ រាជរដ្ឋាភិបាល​ជប៉ុន បន្ត​ផ្តល់​ជំនួយ​ឥត​សំណង​ជាង ៣ លាន​ដុល្លារ​អាមេរិក ​សម្រាប់​រួម​ចំណែក​​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច សង្គម និង​ធនធាន​មនុស្ស​នៅ​កម្ពុជា និង​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​ ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។

សេចក្តី​ប្រកាស​ព័ត៌​របស់​ក្រសួងការ​បរទេស ចុះ​ថ្ងៃទី​១១ ខែ​មិថុនា បាន​ឱ្យដឹង​ថា​ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​និង ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​ មិកាមិ ម៉ាសា​ហ៊ីរ៉ូ នឹង​ចុះហត្ថ​លេខា លើលិខិត​ប្ដូរ​សារ និង​ឯក​សារ​ពាក់​ព័ន្ធ ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​ចំនួន ៣៦៣ លាន​យ៉េន (ប្រមាណ ៣,៣៦ លាន​ដុល្លារ​អាមេរិក) ដើម្បី​អនុវត្ត​គម្រោង​«អា​ហា​រូប​ករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស»​ នៅ​ថ្ងៃទី​១៣ ខែមិថុ​នា ឆ្នាំ​២០២២​។

ក្នុង​សេចក្តី​ប្រកាស​បញ្ជាក់​ថា​៖« ហិរ​ញ្ញ​ប្បទាន​ឥត​សំណង ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ចូល​រួម​ចំណែក​យ៉ាង សំខាន់​ដល់កិ​ច្ចខិតខំ​ប្រឹង​ប្រែង របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច សង្គម និងធន​ធាន​មនុស្ស​នៅ​កម្ពុជា ព្រម​ទាំង​ពង្រឹងប​ន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អដែល​មាន​ស្រាប់ និង​ចំណង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​»។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍​ថា លោកមិន​ទាន់​អាច​ផ្តល់​ការ​អត្ថា​ធិប្បាយ​បន្ថែម​បាន​ទេដោយ​រង់ចាំថ្ងៃ​ចុះហត្ថ​លេខា។ លោក​ថា៖«ពេល​ចុះហត្ថ​លេខា ឯក​ឧត្តម​ ឧប​នាយករដ្ឋ​មន្រ្តី និង​ឯកអគ្គ​រាជ​ទូត​ជប៉ុន នឹង​ថ្លែង​បញ្ជាក់​បន្ថែម​»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ច័ន្ទរឿន ថ្លែងថា ការផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន ផ្នែក​ធនធានមនុស្ស​ដល់​កម្ពុជា ​គឺជា​ជំនួយ​ដ៏មានតម្លៃ​ដែល​អាចជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​អភិវឌ្ឍ​ចំណេះ​ជំនាញ​ក្នុង​ការកសាង​ប្រទេស​ជាតិ​រយៈពេល​វែង​។

លោក​ថ្លែងថា​៖ «​និស្សិត​ ឬ​មន្ត្រី​ដែល​ទទួល បាន​ អាហារូបករណ៍ នឹង​ក្លាយជា​ធនធាន​ដ៏មាន​តម្លៃ​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​នាពេល​អនាគត​។ ជំនួយ​នេះ​ក៏​អាច​ក្លាយជា​ចំណង ដើម្បី​រឹតចំណង​ការទូត​រវាង​ប្រទេស និង​ប្រទេស ហើយ​វា​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​បន្ថែម​ពីលើ​ទំនាក់ទំនង​ការទូត​»​។

រដ្ឋាភិបាល​ជប៉ុន កាលពី​ឆ្នាំ​២០២១ បាន​ផ្តល់​ជំនួយ​ចំនួន ៣៦២ លាន​យ៉េន ដែល​ស្មើនឹង​ប្រមាណ ៣,៣ លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង «អាហា​រូប​ករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស»។

តាម​រយៈ​គម្រោង​នោះ មន្រ្តីរាជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន ២៦ រូប (ដែល​ក្នុង​នោះ​២៤​រូប រៀនថ្នាក់​អនុ​បណ្ឌិត និង​២រូប រៀន​ថ្នាក់​បណ្ឌិត) បាន​ទទួល​អត្ថប្រយោជន៍​ពីការ​ទៅ​បន្ត​ការ​សិក្សា​កម្រិត​ខ្ព​ស់​នៅក្នុង​ប្រទេស​ជប៉ុន។

ក្នុង​ពិធី​ចុះហត្ថ​លេខា​កាល​ពីពេល​នោះ លោក ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ថា ចាប់​តាំងពី​ការ​ដាក់​ឱ្យ​ដំណើរ​ការ​នៅក្នុង​ឆ្នាំ ២០០០ គម្រោង​អាហារូប​ករណ៍​ អភិវឌ្ឍន៍​ធន​ធានមនុ​ស្ស ឬហៅ​ថា «JDS» បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​គាំ​ទ្រដល់​ការ​អភិវឌ្ឍធន​ធាន​មនុស្ស​នៅ​កម្ពុជា។

លោក​បន្ត​ថា អស់រយៈ​ពេល​ជាង ២០​ឆ្នាំ JDS បាន​ផ្តល់​អាហា​រូបករណ៍​ដល់​មន្រ្តី​កម្ពុជា​ប្រមាណ ៥០០​នាក់ ដែល​ក្នុ​ងនោះ​មាន ២៤​នាក់ មក​ពីក្រសួងការ​បរទេស ។

លោក​ថា៖«ជំនួយ​របស់​ប្រទេស​ជប៉ុន​នេះ ដែល​គ្រប​ដណ្ត​ប់​លើការ​អភិវឌ្ឍ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ សុខ​ភាព និងការ​អប់រំ ក្នុង​ចំណោម​វិស័យ​ជា​ច្រើនផ្សេង​ទៀត បាន​ចូល​រួ​មចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និង​ធន​ធានម​នុស្ស​នៅក​ម្ពុជា»៕