ប៉ៃលិនៈ ជន​សង្ស័យ​ប្រុស​-ស្រី​ចំនួន​ ៦ នាក់​ ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តប៉ៃលិន​ ​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត នៅថ្ងៃទី​ ១៣​ មិថុនា បន្ទាប់ពី​ចាប់​ខ្លួន​បាន ២ ថ្ងៃ​ ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ប្រភេទ​អក្សរ WY ​ជាង​ ១​ ពាន់​គ្រាប់ និង​ប្រភេទ​ម៉ា​ទឹក​កក​ទម្ងន់ ៣២២,០៣ ក្រាម។

លោក សេង ចិន្តា នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀនខេត្តប៉ៃលិន ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ មិថុនាថា ជន​សង្ស័យ​ទី១- ឈ្មោះ ឈុន លី​ហួរ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជាកម្មករ រស់នៅ​ភូមិ អូរ​តា​ប្រា​ង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន​ ទី២- ឈ្មោះ មាន ចាន់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ-សង្កាត់ អូរ​តា​វ៉ៅ ក្រុង-ខេត្ត​ប៉ៃលិន។ ​ទី៣- ឈ្មោះ វុ​ធ គ​ន្ធី ភេទ​ ស្រី អាយុ​ ៣៨ ឆ្នាំ រស់នៅ ភូមិ-ឃុំ កំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

​ទី៤- ឈ្មោះ វុ​ធ វ៉ាង ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិភ្នំ​កុយ ឃុំសាលា​ក្រៅ។ ​ទី៥- ឈ្មោះ ឌួង សង្ហា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិភ្នំ​កុយ ឃុំសាលា​ក្រៅ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន​ និងឈ្មោះ អ៊ុ ដាលីន ភេទ ស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិភ្នំ​កុយ ឃុំសាលា​ក្រៅ ស្រុកសាល​ក្រៅ ខេត្តប៉ៃលិន។

លោក​ថ្លែងថា៖ «ក្រុម​ជន​ទាំង ៦​ នាក់​នេះ ​ខាង​ជំនាញ​របស់ខ្ញុំ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ពួកគេ​បន្តទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ​នៅថ្ងៃនេះ​ (ថ្ងៃទី ១៣ មិថុនា) ហើយ ។ ពួកគេ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង»។

លោក​វរសេនីយ៍​ទោ ចិន្តា បញ្ជាក់​ថា ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ស្នងការ​នគរ​បាល​ខេត្ត​ប៉ៃលិន​ និង​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក​ធ្វើ​ការ​ស្រាវ​ជ្រាវ រហូត​កំណត់​មុខ​សញ្ញា​បាន។ ចំពោះ​ការងារ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នេះ ក៏មាន​ការ​សម្រប​សម្រួល​ពី​លោក សេង គីម​ឡាក់ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​ផង​ដែរ ។

លោកបន្តថា គោល​ដៅ​ទី១ សមត្ថ​កិច្ច​ឃាត់​បាន​ជន​សង្ស័យ ឈ្មោះ ឈុន លី​ហួរ បច្ចុប្បន្ន​​រស់នៅ​ភូមិ​អូរ​តា​ប្រា​ង ជាមួយ​វត្ថុតាង​គ្រឿង​ញៀន​ប្រភេទ ម៉ា​ទឹកកក (ICE) ចំនួន ៥​ កញ្ចប់​ស្មើ ទម្ងន់​ ២៣,៩០​ ក្រាម (ថ្នាំ​សុទ្ធ)។

គោលដៅ​ទី២ គឺ​សមត្ថកិច្ច​ឃាត់​​ខ្លួន​បាន​ជនសង្ស័យ ​ឈ្មោះ មាន ចាន់ ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១​ កញ្ចប់ ទម្ងន់ ០,៥៤ ក្រាម និង​ម៉ូតូ ១ គ្រឿង។ ជន​ទី៣- ​ឈ្មោះ វុ​ធ គ​ន្ធី ភេទ​ស្រី ដែល​សមត្ថ​កិច្ច​ដក​ហូត​បាន​វត្ថុ​តាង​គ្រឿង​ញៀន ម៉ា​ទឹក​កក ចំនួន ១១​ កញ្ចប់ ទម្ងន់ ២៩៧,៥៩ ក្រាម​ថ្នាំ​ញៀន​ប្រភេទ WY ចំនួន ១ ៤០៨ គ្រាប់ ទម្ងន់ ១៣៤,៣៤ ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន ១ ព្រមទាំង​ថង់​វេច​ខ្ចប់​ថ្នាំញៀន​ចំនួន ២ ដុំ​ធំ​ និង​បក្ខពួក​ចំនួន​៣​នាក់​ទៀត។

បើតាម លោក ចិន្តា ចំពោះ​វត្ថុតាង​គ្រឿង​ញៀន​សរុប​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ម៉ា​ទឹកកក (ICE) ទម្ងន់ ៣២២,០៣ ក្រាម (ថ្នាំ​សុទ្ធ) ថ្នាំញៀន​ប្រភេទ​អក្សរ​ WY ចំនួន ១ ៤០៨ គ្រាប់ ទម្ងន់​សរុប ១៣៤,៣៤ ក្រាម (ថ្នាំ​សុទ្ធ) រថយន្ត​ចំនួន ១ គ្រឿង​ពណ៌​លឿងពាក់​ស្លាក​លេខ ​2A-6243 គោយន្ត​កន្ត្រៃ​ចំនួន ១ គ្រឿង ម៉ូតូ​ ២ គ្រឿង និង​ទូរស័ព្ទ​ចំនួន ៣ ​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ២ គ្រឿង រួមទាំង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន និង​ថង់​វេច​ខ្ចប់​ថ្នាំញៀន​ចំនួន ២ ដុំ​ធំ​៕