ភ្នំពេញៈ កម្ពុជា-ជប៉ុន បាន​ចុះហត្ថ​លេខា លើលិ​ខិត​ប្តូរ​សារ និង​ឯក​សារ​ពាក់​ព័ន្ធស្តីពីការ​បន្តផ្តល់​-ទទួល ហិរញ្ញ​ប្បទាន​ឥត​សំណង​របស់​ជប៉ុន​ជាង ៣ លាន ​៦ សែន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង “អាហា​រូបករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​» ខណៈ​គម្រោង​នេះ បាន​ផ្តល់​អាហា​រូបករណ៍​ដល់​មន្រ្តី​កម្ពុជា​ចំនួន ៥២២ រូប​ គិត​ចាប់​ពីឆ្នាំ ​២០០០ មក។

រដ្ឋ​មន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក​ ប្រាក់ សុ​ខុន និង​លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ​ (MIKAMI Masahiro) ​ឯក​អគ្គ​រាជទូត​ជប៉ុន​ ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី ១៣ ខែ​មិថុនា ឆ្នាំ ២០២២ បាន​ចុះ​ហត្ថលេខា​ លើ​លិខិត​ប្ដូរ​សារ​ ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ​របស់​ជប៉ុន​ ដែលមាន​ទឹកប្រាក់​ចំនួន ៣៦៣​ លាន​យ៉េន (ប្រមាណ ៣ លាន ៣ សែន ៦ ម៉ឺន​ដុល្លារ​អាមេរិក) សម្រាប់​គម្រោង “អាហា​រូបករណ៍​អភិវឌ្ឍ​ន៍​ធន​ធាន​មនុស្ស​» ។

ក្រោម​ហិរិញ្ញ​ប្បទាន​ឥត​សំណង​នេះ​ មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ ២៦ រូប​ ដែល​រួម​មាន​បេក្ខ​ជន​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន​២៤​រូប និង​ថ្នាក់​បណ្ឌិត​ចំនួន​២​រូប នឹង​ទទួល​បាន​អាហារូប​ករណ៍​ទៅ​បន្តការ​សិក្សា​នៅសា​កលវិ​ទ្យាល័យ​ល្បីៗជា​ច្រើន​ក្នុង​ប្រទេស​ជប៉ុន​។

លោក​ ប្រាក់ សុខុន បាន​បញ្ជាក់​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​នេះ​ថា​ តាង​នាម​ឱ្យរាជ​រដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា សូម​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​រាជ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ដែល​មិន​ត្រឹម​តែ​ផ្ដល់​ហិរញ្ញប្ប​ទានឥ​តសំណង​ JDS និង​អាហា​រូបករណ៍​ដល់​កម្ពុ​ជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​កម្ពុជា។​

លោក​ថា៖‍​ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បន្ត​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ របស់​ប្រទេសជ​ប៉ុន ដល់​កម្ពុជា​និង​ជំនួយ​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ ​រាត​ត្បាត​កូវីដ​ ១៩»។

លោក​បាន​ឱ្យដឹង​ថា ចាប់​តាំង​ពី​គម្រោង​អាហា​រូបក​រណ៍ អភិវឌ្ឍន៍​ធន​ធាន​មនុស្ស ឬ​ «JDS» ត្រូវ​បាន​ផ្តល់​ជូន​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ២០០០​ មក គម្រោង​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅក​ម្ពុជា តាម​រយៈ​ការ​ផ្តល់​អាហា​រូបក​រណ៍ ដល់​មន្ត្រី​រាជ​ការ​កម្ពុជា​ចំនួន​ ៥២២ ​រូប មក​ពីក្រសួង-ស្ថាប័ននា​នា ដែល​ក្នុង​នោះ​ មាន​​ ២៧​ រូប​ ជា​មន្ត្រី​ក្រសួង​ការ​បរទេស​។

លោក​បន្ត​ទៀត​ថា ក្នុង​នោះ​ មាន​មន្ត្រី​ចំនួន ៤៣៩​ រូប បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​មួយ​ចំនួន​ទៀត​​បាន​កាន់​មុខ​តំណែង​ជាអ្នក​ដឹក​នាំ និង​មុខ​តំណែង​សំខាន់ៗ​ជាច្រើន​ នៅ​តាម​ក្រសួង​-ស្ថាប័ន​របស់​ពួក​គេរៀងៗ​ខ្លួន។​

លោកបា​នគូស​បញ្ជាក់​ថា៖ «ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ជារួម​របស់​យើង​ ខ្ញុំសូម​បញ្ជាក់​ថា ទោះបី​ជា​មាន​ការរាត​ត្បាត​នៃ​ជំងឺកូវី​ដ ​១៩​ ក៏ដោយ​ ក៏ចំណង​មិត្ត​ភាព​ភាតរភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​រវាង​កម្ពុជា និង​ជប៉ុន នៅ​តែ​ស្ថិត​ស្ថេរ និង​បន្ត​រីក​ចម្រើន ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំរ​បស់​ប្រទេស​យើង​ទាំង​ពីរ​ក្នុង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំន​ងទ្វេភាគី​»។

ស្ថាន​ទូតជ​ប៉ុន​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា វិធាន​ការ​រឹត​ត្បិត​នៅ​តាម​ព្រំដែន​របស់​ប្រទេស​ជប៉ុន​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​សារ​តែ​ជំងឺ​កូវីដ ​១៩ ត្រូវ​បាន​បន្ធូរ​បន្ថយ​នាពេល​ថ្មីៗ​នេះ។ ការកើន​ឡើង​នៃ​ចំនួន​ភ្ញៀវទេស​ចរ ធុរ​ជន សិស្ស-និស្សិត ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ចូល​ប្រទេស​ជប៉ុន​មួយ​ជំហាន​ម្តងៗ​។

ស្ថាន​ទូត​ជប៉ុន គូស​បញ្ជាក់​ថា ៖«យើង​សង្ឃឹម​ថា ស្ថាន​ការណ៍​នឹង​កាន់​តែប្រសើរ​ឡើង ហើយ​ជំនួយ​នេះអាច​រួម​ចំណែក​បន្ថែម​ទៀត ដល់​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​នៅ​កម្ពុជា​តាម​រយៈការ​សម្រួល​​ដល់​ការ​ផ្លាស់​ប្តូរ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​»។

លោក ប្រាក់ សុខុន បាន​ឱ្យដឹង​ដែរថា ប្រទេស​ទាំង​​ ២ ក៏បាន​រក្សា​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​និង​ទំនាក់​ទំនង​កំរិត​ខ្ពស់​​​ជា​ញឹក​ញាប់ ដែល​បាន​បង្ហាញ​ជាក់​ស្តែង​ រួម​មាន​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​ ហ្វូមីអូ គី​ស៊ីដា នាយក​រដ្ឋ​មន្ត្រី​ជប៉ុន មក​កាន់​ប្រទេស​កម្ពុជា កាល​ពីខែមីនា​ឆ្នាំ​នេះ និង​ការ​អញ្ជើញ​ចូល​រួម​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន ក្នុង “កិ​ច្ច​ប្រជុំ​កំពូល​ អាស៊ី-ប៉ាស៊ី​ហ្វិក ស្តីពី​ទឹក” លើក​ទី៤ នៅ​ទីក្រុង​គូម៉ាម៉ូ​តូក្នុង​ខែ​មេសា ឆ្នាំ​ ២០២២​ ក៏ដូច​ជា​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​រវាង​មន្ត្រី​យោ​ធាជាន់​ខ្ពស់​ជាដើម​។

លោក​សង្ឃឹម​យ៉ាង​មុត​មាំថា នឹង​មាន​សកម្ម​ភាព និង​ព្រឹត្តិ​ការណ៍​ជាច្រើន​ថែម​ទៀត​រវាង​ប្រទេស​​ទាំង​ពីរ​នៅចុង​ឆ្នាំ​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៣០​ នៃ​បេស​កកម្ម​នៅក្រៅ​ប្រទេស​ លើក​ដំបូង​របស់​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន​នៅ​កម្ពុជា ក្រោម​ប្រតិ​បត្តិការ​រក្សា​សន្តិភាព នៃ​អង្គការ​សហ​ប្រជា​ជាតិ និង​ការ​រំលឹក​ខួប​លើក​ទី​៧០ នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ជប៉ុន នាឆ្នាំ​ក្រោយ​ ។

លោក​បញ្ជាក់​ថា៖​​ «ជាកិ​ច្ច​បញ្ចប់ ខ្ញុំ​សូម​សម្តែង​អំណរ​គុណយ៉ាង​ស្មោះ​ស្ម័គ្រ​ចំពោះឯ​កឧត្តម​ឯកអគ្គ​​រាជ​ទូត​មិកាមិ និង​សហ​ការី​នៅ​ស្ថាន​ទូត​ជប៉ុន ព្រម​ទាំង​បុគ្គ​លិក នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការអន្តរ​ជាតិ​ជប៉ុន​សម្រាប់​កិច្ចខិត​ខំប្រឹង​ប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​ នូវ​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​រវាង​ប្រជាជាតិ​យើង​ទាំង​ពីរ ក៏ដូច​ជា​គាំទ្រ​ដល់​ការ​អភិវឌ្ឍដ៏​រយៈ​ពេល​វែងនៅ​កម្ពុជា​»៕