ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ដ​នៅតាម​បឹង​ទន្លេសាប ពន្លឿន​ការ​អនុវត្ដ​បទបញ្ជា​ឱ្យ​កាត់​ឆ្វៀល​ដី​បឹង​នេះ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​យូរ​ឆ្នាំ និង​បន្ត​ដាំដុះ​កូនឈើ​លើ​ផ្ទៃដី​ដែល​បាន​រឹបអូស​មកវិញ ហើយ​ថែរក្សា​ដី​បឹង​ទន្លេ​សាប​ឱ្យបាន​គង់វង្ស​លែង​មាន​ការកាប់​ទន្ទ្រាន​។ លោក​បញ្ជា​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​បើក​វគ្គ​សិក្សា​ថ្មី​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​នា​ថ្ងៃទី ​១៣ ខែមិថុនា​។

នៅពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ លោក​ប្រាប់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​បឹង​ទន្លេសាប​ត្រូវ​អនុវត្ត​បទបញ្ជា ឬ​សារ ដែល​លោក​បាន​បញ្ជូន​ទៅឱ្យ​ហើយ​នោះ​ត្រូវធ្វើ​ឱ្យបាន​លឿន និង​ត្រូវមាន​ការទទួល​ខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​។ នេះ​ស្ថិត​ក្នុង​វិធី​ចាត់ចែង ដែល​មិនត្រូវ​មើលស្រាល ហើយ​លោក​ត្រូវយក​ការទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ និង​ចំពោះ​មុខ​ភាព​គង់វង្ស​នៃ​បឹង​ទន្លេសាប​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ឥឡូវ​អស់លោក​ធ្វើទៅ​គ្មាន​អ្នកណា​ស្គាល់​ភូមិសាស្ត្រ​ជាង​អស់លោក​ទេ​។ អស់លោក​ទៅ​ឆ្វៀល​កាត់​ចេញពី​តំបន់​ ៣​។ ឥឡូវ​ឧទាហរណ៍​ថា នៅ​កន្លែង​ហ្នឹង ផ្ទៃដី​ហ្នឹង គាត់ [​ពលរដ្ឋ​] កំពុងតែ​គ្រប់គ្រង ៥ ​ពាន់​ហិកតា​យើង​កាត់​អា​ ៥ ​ពាន់​ហិកតា​ឱ្យ​គាត់​ចេញ​ហើយ​យើង​អាច​ទុក​បន្ថែម​ប្រមាណ ១០ ​ភាគរយ ឬ​ប៉ុន្មាន​ហិកតា​ទៀត​ឱ្យ​គាត់​ទទួលផល ដូច​ដែល​ខ្ញុំ​ចុះ​ធ្វើ​នយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​នៅ​ឆ្នាំ ​២០១២ គឺ​ស្ថានភាព​ស្បែក​ខ្លា​»​។

លោក​បញ្ជាក់​ថា លោក​នឹងមិន​រុះរើ​ពលរដ្ឋ​ចេញពី​បឹង​ទន្លេសាប​តាម​អនុសាសន៍​របស់​អង្គការ​-​សង្គម​ស៊ីវិល​មួយចំនួន​នោះទេ​។ លោក​ប្រាប់​ឱ្យ​អង្គការ​ណា​ដែល​ផ្ដល់​អនុសាសន៍​នោះ​ទៅធ្វើ​ខ្លួនឯង​ចុះ​។ លោក​ឱ្យដឹងថា កន្លងទៅ​មាន​អង្គការ​មួយចំនួន​ទាមទារ​ដាក់​បឹង​ទន្លេសាប​ទៅជា​តំបន់​អ្វីមួយ ប៉ុន្ដែ​លោក​បដិសេធ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ថា​អត់​ទេ ខ្ញុំ​ត្រូវ​ឆ្វៀល​អាហ្នឹង​ឱ្យ​គាត់ [​ពលរដ្ឋ​]​។ ប៉ុន្ដែ​បើសិន​ជា​ថា យើង​មាន ប៉ុន្មាន​កន្លែង​ហ្នឹង​ [​តំបន់​បឹង​ទន្លេសាប​] ឱ្យ​គាត់​ទៅជា​ព្រៃ​សហគមន៍ កន្លែង​ហ្នឹងហើយ​ទុកឱ្យ​ពួកគាត់​ថែទាំ​កន្លែង​ហ្នឹង​ល្អ​ជាងគេ​។ គាត់​ថែទាំ គាត់​រក​ឧស​នៅ​កន្លែង​ហ្នឹង គាត់​អាច​ចាប់​ត្រី​នៅ​កន្លែង​ហ្នឹង​»​។

ក្រៅពី​ការ​កាត់​ឆ្វៀល​ដី​បឹង​ទន្លេសាប លោក​នាយក​រដ្ឋមន្ដ្រី​ក៏បាន​អំពាវនាវ ពលរដ្ឋ​កុំ​កាប់​ព្រៃ ​ឬ​ចូលទៅ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​បន្ថែមទៀត​។

លោក​ថា​៖ «​អ៊ីចឹង​អស់​លោក​ដើរ​ធ្វើ​អាហ្នឹង​។ អា​តំបន់​ ២ ​ខ្លះ​កាត់ ទៅជា​តំបន់​ ១ អា​តំបន់​ ៣ ​ខ្លះ​កាត់​ទៅជា​តំបន់​ ២​។ ប៉ុន្ដែ​តំបន់​ ៣​ ខ្លះ វា​អត់​នៅ​ជិត​តំបន់​ ២ វា​អត់​នៅ​ជិត​គេ វា​នៅ​កណ្ដាល​ឯណោះ អ៊ីចឹង​ឆ្វៀល​វា​ទៅ​។ កុំឱ្យ​គាត់​រស់នៅ​ដោយ​មិនដឹងថា អនាគត​អញ​ត្រូវគេ​ជម្លៀស​ទៅណា​។ អាហ្នឹង​ទើប​ការដឹកនាំ​ជាក់ស្ដែង​និយម​»​។

តាម​ការបង្ហាញ​របស់​លោក​គ្រាន់តែ​នៅ​តំបន់​កំពង់​ភ្លុក​ (​ខេត្ដ​សៀមរាប​) ដីចម្ការ និង​ភូមិ​ខ្លះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​ ១៨៥២ ឬ​តាំងពី​ឆ្នាំ​ ១៧០០-១៦០០ ​។ ដូច្នេះ​លោក​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ត្រូវ​កាត់​ឆ្វៀល​ដី​នោះ​ឱ្យដល់​ប្រជាពលរដ្ឋ ទោះបី​តំបន់​នោះ​ស្ថិតនៅ​តំបន់​ ៣ ​ក្តី ពីព្រោះ​តំបន់​នោះ​ពលរដ្ឋ​បាន​រស់នៅ និង​កាន់កាប់​ជាក់ស្ដែង​ជាយូរ​ឆ្នាំ​មកហើយ​។ លោក​បញ្ជាក់ថា​៖ «​ហើយ​ត្រូវធ្វើ​ណា ធ្វើឱ្យ​ជាក់ស្ដែង​មិនមែន​និយាយ​មុន​បោះឆ្នោត ក្រោយ​បោះឆ្នោត​អត់​ធ្វើ​ទេ​វើយ ប្រយ័ត្ន​ប្រជាជន​ថា​បោក​»​។

ជាមួយ​គ្នានេះ លោក​ថា មាន​ចំណុច ​២ ដែល​លោក​ត្រូវ​និយាយ ទី​ ១ ដី​ដែល​រឹបអូស​ពី​អ្នក​ដែល​កាប់​ថ្មីៗ​នេះ​ដាំ​ដើមឈើ​រួចហើយ​នៅតែ​បន្ត​ដាំ ការពារ​ឱ្យបាន​។ ទី​ ២ ​កុំ​ឱ្យមាន​ការកាប់​ទន្ទ្រាន​បន្ថែម​ត្រូវ​មើល​។ លោក​ប្រាប់​អាជ្ញាធរ​ខេត្ត​ដែល​ត្រូវបាន​ផ្តល់​អំណាច​ឱ្យ​ហើយ​នោះ កុំ​ងាក​មករក​រដ្ឋមន្ដ្រី​កសិកម្ម រដ្ឋមន្ដ្រី​ធនធាន​ទឹក រដ្ឋមន្ដ្រី​បរិស្ថាន រដ្ឋមន្ដ្រី​ក្រសួង​ដែនដី នគរូបនីយកម្ម​តទៅ​ទៀត​។

តាម​អនុក្រឹត្យ​លេខ​ ១១១ អនក្រ.បក ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៧ ​ឧសភា បាន​សម្រួល​ផ្ទៃដី​ទំហំ ​៣ ៤៤៨ ​ហិកតា ៧៧ ​អា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​ចេញពី​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ដែល​កំណត់​ដោយ​អនុក្រឹត្យ​លេខ ១៩៧ អនក្រ.បក ចុះ​ថ្ងៃទី​ ២៩ ខែសីហា ឆ្នាំ​ ២០១១ បញ្ចូលមក​តំបន់ ​២ ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ​១ ៦៥៨ គ្រួសារ ប្រើប្រាស់ និង​អាស្រ័យ​ផល​។

អភិបាលខេត្ត​ពោធិ៍សាត់ លោក ជាវ តាយ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​រឿង​ដីធ្លី​នៅ​បឹង​ទន្លេសាប​បានទេ​នៅ​ថ្ងៃទី​ ១៣ មិថុនា​។

លោក​ អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ គាំទ្រ​អនុសាសន៍​របស់​លោក​ ហ៊ុន សែន​។

លោក​ថ្លែងថា​៖ «​ពីព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ដី​ ដើម្បី​បង្កបង្កើន​ផល​។ កាលណា​ទុក​យូរ ហើយ​រាជរដ្ឋាភិបាល​បាន​សន្យា​តាំង​ពីមុន​បោះឆ្នោត អ៊ីចឹង​ពួកគាត់​រង់ចាំ ដោយ​អន្ទះសា​ក្នុង​ការ​ទទួលបាន​ដី​ដែល​ត្រូវ​កាត់​ឆ្វៀល និង​បណ្ណ​កម្មសិទិ្ធ​។ ពលរដ្ឋ​ត្រូវការ​ដី​សម្រាប់​បង្កបង្កើនផល ចំពោះ​ដី​ដែល​អាចធ្វើ​កម្មសិទ្ធិ​បាន ហើយ​ដី​ខ្លះ​ជា​ដី​អាស្រ័យផល​សម្រាប់​ពួកគាត់​។ អ៊ីចឹង​វា​ជា​រឿង​មួយ​ចាំបាច់​ដែរ​។ ពីព្រោះ​វា​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ប្រើប្រាស់ និង​អាស្រ័យផល​ជាយូរ​មកហើយ​»៕

វីដេអូ៖