The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន បបួល​អ្នក​ចោទ​គណប្រជាជន​កម្ពុជា និង គជប ថា លួច​សន្លឹកឆ្នោត ​ស្បថ​ «​ឱ្យ​ងាប់​ដោយ​រន្ទះបាញ់ និង​ងាប់​តៃហោង​»

លោក ហ៊ុន សែន បបួល​អ្នក​ចោទ​គណប្រជាជន​កម្ពុជា និង គជប ថា លួច​សន្លឹកឆ្នោត ​ស្បថ​ «​ឱ្យ​ងាប់​ដោយ​រន្ទះបាញ់ និង​ងាប់​តៃហោង​»

Content image - Phnom Penh Post
មន្ត្រី គជប ត្រួតពិនិត្យ​លទ្ធផល​បោះឆ្នោត​បឋម​ពី​ថ្ងៃទី ​១៣​ មិថុនា​។ រូបថត គជប

លោក ហ៊ុន សែន បបួល​អ្នក​ចោទ​គណប្រជាជន​កម្ពុជា និង គជប ថា លួច​សន្លឹកឆ្នោត ​ស្បថ​ «​ឱ្យ​ងាប់​ដោយ​រន្ទះបាញ់ និង​ងាប់​តៃហោង​»

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បបួល​អ្នក​ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា លួច​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី ៥ កាលពី​ថ្ងៃទី ​៥ ខែមិថុនា ស្បថ «​ឱ្យ​ងាប់​ដោយ​រន្ទះបាញ់ និង ងាប់តៃហោង​» ខណៈ​ក្នុង​ការបោះឆ្នោត​នេះ គណបក្ស​ប្រជាជន​ទទួល​អាសនៈ​ជា​មេឃុំ ចៅសង្កាត់​ជាង ៩៩ % និង​អាសនៈ​ជា​ក្រុមប្រឹក្សា​ជាង​ ៨០ %​។

ការបបួល​ស្បថ​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ចែក សញ្ញាបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​ជាង ២ ​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី​ ១៣ ខែមិថុនា និង​បន្ទាប់ពី​ក្រុម​ប្រឆាំង​មួយចំនួន​បាន​លើកឡើង​ពី​ការលួច​សន្លឹកឆ្នោត​ជា​បន្តបន្ទាប់ នៅក្រោយ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​។ លោក​ ហ៊ុន សែន បាន​ស្នើ​ទៅដល់​អ្នក​ដែល​ពូកែ​ចោទប្រកាន់ថា លួច​សន្លឹកឆ្នោត​ឱ្យ​ជួយ​បង្រៀន​លោក​ពី​របៀប​នៃ​ការ​លួច​ផងដែរ​ថា គេ​ធ្វើ​យ៉ាងម៉េច​។

លោក​បញ្ជាក់ថា​៖ «​សុំ​ជួយ​បង្រៀន អាម៉ាក​លួច​ហ្នឹង គេ​លួច​យ៉ាងម៉េច​វ៉ី ។ ជួយ​បង្រៀន​ផង​បានទេ តើ​គេ​លួច​របៀប​ម៉េច? សុំឱ្យ​អ្នក​ដែល​ថា គជប ជា​អ្នក​លួច ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​លួច គេ​ធ្វើ​ម៉េច​?»​។

លោក​លើកឡើង​ថា ដំណើរការ​បោះឆ្នោត​ចាប់ផ្តើម​នៅវេលា​ម៉ោង ៧ ព្រឹក និង​បញ្ចប់​នៅ​ម៉ោង ៣ រសៀល ហើយក៏​បាន​រាប់​នៅ​ទីតាំង​ការិយាល័យ​នោះ ប៉ុន្តែ​ពួកគេ​បាន​ចោទប្រកាន់​ថា មាន​អ្នក​លួច​សន្លឹកឆ្នោត​ទៅវិញ​។ ទោះជា​យ៉ាងណា​លោក​ថា អ្នក​ដែល​ចោទប្រកាន់ថា មាន​ការលួច​នោះ មិន​ដែល​ហ៊ាន​ចេញមុខ​មក​ស្បថ​នោះទេ បែរជា​ចាត់ទុក​ថា ជា​រឿង​កំប៉ិក​កំប៉ុក​ទៅវិញ​។

ទោះជា​យ៉ាងណា​លោក ហ៊ុន សែន ថា ការស្បថ​នេះ​មិនមែន​ជា​រឿង​កំប៉ិក​កំប៉ុក ឬ​តូចតាច​ ឬ​ជា​ពាក្យ​ទាល់ច្រក ឬក៏​ជា​ការ​លេងសើច ដូច​ការលើក​ឡើង​ពី​ក្រុមប្រឆាំង​នោះទេ ព្រោះ​សូម្បីតែ ការចូល​កាន់​តំណែង​ជា​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​សមាជិក​រដ្ឋសភា​ទាំងអស់​ក៏​តែងតែ​ធ្វើ​ពិធី​ស្បថ​ដែរ​។

លោក​មានប្រសាសន៍​ថា​៖ «​អ្នកឯង​ចោទ​គេ​ថា គេ​លួច​ហ្នឹង​ហ៊ាន​ស្បថ​ឱ្យ​រន្ទះបាញ់​អត់ ឱ្យ​ងាប់តៃហោង ឬ​អត់ យើង​និយាយ​គ្នា​អ៊ីចេះ​វិញ​ម្តង ហើយ​កុំ​ថា រឿង​ស្បថ​ជា​រឿង​លេងសើច​ជា​រឿង​កំប្លែង​។ សូម្បីតែ​ប្រធានាធិបតី​អាមេរិក​ក៏​គេ​យក​គម្ពីរ​គ្រិស្ត​ទៅ​ស្បថ​ដែរ​»​។

មួយវិញ​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​មិន​ចរចា​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នាពេល​កន្លងមក និង​នៅពេល​ខាងមុខ ព្រោះ​គណបក្ស​របស់​លោក​ក៏​ជា​គូប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ដែរ​។

លោក​បន្តថា លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​គណបក្ស​លោក​ទទួល​សំឡេង​ជាង ៧០ % និង ទទួល​អាសនៈ​ជា​មេឃុំ ចៅ​សង្កាត់​ជាង ៩៩ % និង​អាសនៈ​ជា​ក្រុមប្រឹក្សា ជាង ៨០ % គ្រប់គ្រាន់​ណាស់ សម្រាប់​គណបក្ស​ប្រជាជន​។ បើ​ចង់​ចរចា​លើ​បញ្ហា​អ្វីមួយ គណបក្ស​នយោបាយ​ទាំងនោះ​អាច​ទៅ​ចរចា​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

លោក​ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៣ ​មិថុនា​ថា ការបោះឆ្នោត​កន្លងមក​នេះ​ធ្វើឡើង​ប្រកប​ដោយ​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ គួរ​ពិនិត្យមើល​ទៅលើ​អង្គការ​ធំៗ​រួម​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ផងដែរ ដែល​តែងតែ​តាមដាន និង​វាយតម្លៃ​លើ​ការបោះឆ្នោត​នានា ប៉ុន្តែ​ពួកគេ​មិន​ចូលរួម​សង្កេតការណ៍ និង​មិន​ហ៊ាន​វាយតម្លៃ​នោះទេ​។ មួយវិញទៀត​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែល​គណបក្ស​ភ្លើងទៀន​មាន​ទាំង​ឯកសារ និង​ភ័ស្តុតាង​ដែល​ថត​បាន​គ្រប់​បែបយ៉ាង​ក៏​បង្ហាញថា វា​មិន​យុត្តិធម៌ និង​ត្រឹមត្រូវ​ដែរ​។ សូម្បីតែ​មុន​ការបោះឆ្នោត​ក៏មាន​ការរំលាយ​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន​ទៀត ដែល​ទាំងអស់​នេះ បង្ហាញ​ដល់​អង្គការ​ធំៗ ថា​មិន​ទុកចិត្ត និង​មិន​យុត្តិធម៌​រួច​បាត់​ទៅហើយ​លើ​ការបោះឆ្នោត​នេះ​។

លោក​ថ្លែងថា​៖ «​រហូត​មក​ទល់​ពេលនេះ មាន​អង្គការ​ណាខ្លះ​ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ថា ត្រឹមត្រូវ យុត្តិធម៌ ក្រៅតែពី​អង្គការ​ដែល​ជួល​មក​គ្រាន់តែ​លើកជើង និង​លើកដៃ​ហ្នឹង​! អានេះ​បញ្ជាក់​ច្បាស់​ហើយ​មិនបាច់​ទៅ​និយាយ​អី​ច្រើន​វែងឆ្ងាយ​ទេ​»​។

ពាក់ព័ន្ធ​នឹង​ការស្បថ​វិញ​លោក​ ថាច់ សេដ្ឋា និយាយ​ថា មិនមាន​អ្វី​ចម្លែក​នោះទេ កន្លង​មកនេះ មន្ត្រី​រដ្ឋាភិបាល​តែងតែ​ស្បថ​មុន​ចូលកាន់​តំណែង ស្ទើរតែ​គ្រប់គ្នា ប៉ុន្តែ បឹងបួ ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នានា​នៅក្នុង​ប្រទេស​រលាយ​គ្មាន​សល់​។

ឆ្លើយតប​ទៅនឹង​ការលើក​ឡើង​របស់​លោក ថាច់ សេដ្ឋា លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា បើសិន​ជា​អស់​បឹង អស់​ព្រៃ អស់​ភ្នំ និង​អស់​ធនធាន​ធម្មជាតិ ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ប្រជាពលរដ្ឋ​ពិតជា​មិន​ព្រម​បោះឆ្នោត​គាំទ្រ​ជូន​គណបក្ស​ប្រជាជន​ឱ្យ​ឈ្នះ​បន្តទៀត​ទេ​។

លោក​បញ្ជាក់ថា​៖ «​បើសិន​ជា​មាន​ការ​បាត់​ដី បាត់​ព្រៃព្រឹក្សា ដូច​គាត់​លើកឡើង​នេះ អាហ្នឹង ប្រជាពលរដ្ឋ​ប្រាកដជា​មិន​បោះឆ្នោត​គាំទ្រ​ជូន​ទេ ហើយ​អ្វីដែល​គាត់​លើកឡើង មិនមែន​ទើបតែ​លើកឡើង​ចំពោះតែ​ការបោះឆ្នោត ឆ្នាំ​ ២០២២ នេះ​ទេ គឺ​គាត់​បាន​លើកឡើង​តាំងពី​ឆ្នាំ​ ៩៣ ​មក​ម្ល៉េះ​»​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៣ ខែមិថុនា​ថា តាម​ការសង្កេត​របស់​លោក​មិនទាន់​មាន​អ្នកណា​និយាយថា លួច​ ឬ​បន្លំ​សន្លឹកឆ្នោត​ទេ ប៉ុន្តែ​គ្រាន់តែ​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត មិនទាន់​មាន​ភាពត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌​។

លោក​បន្តថា ម្យ៉ាងទៀត​នៅពេល​បោះឆ្នោត​មាន​ភាពមិន​ប្រក្រតី​មួយចំនួន​ដូចជា អាជ្ញាធរ​អង្គុយ​កត់​ឈ្មោះ ប្រជាពលរដ្ឋ សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​ចូលទៅ​មណ្ឌល​បោះឆ្នោត និង​បិទ​មណ្ឌល​បោះឆ្នោត មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​មើល​ការរាប់​សន្លឹកឆ្នោត​ជាដើម​។

«​ខ្ញុំ​មិន​ច្បាស់​ទេ​ថា អ្នកណា​ថា លួច​ហ្នឹង​ប៉ុន្តែ​សម្រាប់​ជំហរ​ខ្ញុំ​ខ្ញុំ​មិន​ហ៊ាន​ថា​លួច​ទេ​គ្រាន់តែ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បោះឆ្នោត វា​មាន​រឿង​ធ្វើឱ្យ​អ្នក​ចូល​ប្រកួត ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​អាច​មាន​ការមិន​ទុកចិត្ត​ខ្លះ​ទាក់ទង​ទៅលើ​សមាសភាព គជប ភាគច្រើន​មកពី​សមាសភាព​គណបក្ស​កាន់អំណាច​»​។

ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​ការលួច​សន្លឹកឆ្នោត​លោក សោម សូរីដា អ្នក​នាំពាក្យ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែ​មិថុនា​ថា លោកនាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​ភាពត្រឹមត្រូវ និង​យុត្តិធម៌​របស់ គជប ក្នុង​ការ​បំពេញ​ភារកិច្ច​របស់ខ្លួន​ ព្រោះ​ការរៀបចំ​ការបោះឆ្នោត​មិនបាន​ធ្វើ​ដោយ​ការ​លាក់បាំង​ពី​ភ្នែក​របស់​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍ អ្នកសារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ណាមួយ​ទេ​។

លោក​បន្តថា ជាទូទៅ​ដំណើរការ​បោះឆ្នោត កន្លង​មកនេះ​ត្រូវបាន​មតិ​ជាតិ អន្តរជាតិ និង​គណបក្ស​នយោបាយ​ភាគច្រើន​បាន​វាយតម្លៃ​ថា ប្រព្រឹត្ត​ទៅ​ដោយ​មាន​តម្លាភាព និង​យុត្តិធម៌​ក្នុង​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាម​កំហែង​។

លោក​ថ្លែងថា​៖« គណបក្ស​នយោបាយ​ដែលមាន​ការចោទ​ប្រកាន់​មក គជប ហើយ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ រៀបចំ​ឯកសារ​ដាក់បន្ទុក​ប្តឹង​មក គជប ទៅលើ​អ្វីដែល​គាត់​រកឃើញ​ភាពមិន​ប្រក្រតី​នូវ​អ្វីដែល គជប អនុវត្ត ប៉ុន្តែ​តាម​ការអនុវត្ត​កន្លងមក និង​តាម​របាយការណ៍​ទទួល​បាន​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត បណ្តឹង​ភាគច្រើន គ្មាន​ឯកសារ​ភ័ស្តុតាង​ច្បាស់លាស់​»​។

លោក សោម សូរីដា បញ្ជាក់ថា ជាមួយ​គ្នា​នេះ គជប បាន​រៀបចំ​សមាសភាព ក្រុម​ការងារ​ត្រួតពិនិត្យ និង​បូកសរុប លទ្ធផល​នៅ​ថ្ងៃទី​ ១៣ ខែមិថុនា ដែល​ទទួល​លទ្ធផល​ពី​គណៈកម្មការ រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​ទាំងអស់ ដើម្បី​កំណត់ និង​បែងចែក​អាសនៈ​ ដើម្បី​ត្រៀម​ប្រកាស​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ នៅ​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ ​២០២២៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍