ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​ប្រមាណ​ជាង​ ៣៦ ​ម៉ឺន​នាក់ នៅក្នុង​ឆ្នាំ​ ២០២៣ ក្នុងនោះ​មន្ត្រី​ក្នុង​ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ​នឹងមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​មន្ត្រី​ចប់​វគ្គ​បណ្ដុះបណ្ដាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ជាង​ ២​ ពាន់​នាក់ កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា ថា​៖ «​ការរៀបចំ​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំក្រោយ គ្រោង​នឹង​ដំឡើង​ប្រាក់បៀវត្សរ៍ យើង​ខាន​ដំឡើង​ប្រាក់បៀវត្សរ៍ ២ ​ឆ្នាំ គឺ​នៅ​ឆ្នាំ ​២០២០ និង ២០២១ ឥឡូវ​នៅ​ឆ្នាំ ២០២២ នេះ យើង​នឹង​ចាប់ផ្តើម​ដំឡើង​ប្រាក់បៀវត្សរ៍ តែ​ឡើង​មិន​គិត​ជា​ភាគរយ​ទេ ឡើង​តាមរបៀប គឺ​ប្រាក់ខែ​តិច​ឡើង​បាន​ច្រើនជាង អ្នក​ប្រាក់ខែ​ខ្ពស់​ឡើង​តិចជាង​។ គ្រូបង្រៀន និង​គ្រូពេទ្យ​ទាប​បំផុត​ឱ្យបាន ១​ លាន​រៀល​កន្លះ​កន្លងទៅ​ដូច​ជាង ១ លាន ៣ ​សែន​រៀល ហើយ​មន្ត្រី​ដទៃទៀត​កន្លងទៅ​ដូចជា ១ ​លាន ២ ​សែន យើង​អាចធ្វើ​ទៅបាន ឥឡូវនេះ​បន្ធូរបន្ថយ​ការចំណាយ​បាន​យ៉ាងច្រើន បើ​ប្រៀបធៀប​ជាមួយ​ពេល​កូវីដ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ទោះបីជា​ពិភពលោក​មាន​ភាព​ច្របូក​ច្របល់ ដោយសារ​សង្គ្រាម​ផង និង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​កម្ពុជា​មិនទាន់​ដល់​កម្រិត​ដែល​ហៅថា ហានិភ័យ​នៃ​ការដួលរលំ​នោះទេ​។ ដោយសារ​បញ្ហា​កូវីដ​ ១៩ បាន​ធូរស្រាល ហើយ​រដ្ឋ​កាត់បន្ថយ​ការចំណាយ​ច្រើន ដូច្នេះ​ (​រាជរដ្ឋាភិបាល​) ក៏បាន​គិតគូរ​ពី​ការដំឡើង ប្រាក់បៀវត្សរ៍​ដល់​គ្រូបង្រៀន និង​គ្រូពេទ្យ​យ៉ាង​ទាប​បំផុត ១ ​លាន​ ៥​ សែន​រៀល​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន ផងដែរ ឱ្យ​គិតគូរ​ពី​ការកាត់​ពន្ធ​ (​ប្រាក់ខែ​) ដើម្បី​សម្រួល​ដល់​អ្នកមាន​ប្រាក់ខែ​ទាប ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន​ផងដែរ ដោយ​ត្រូវ​ដំឡើង​ពិតាន​នៃ​ប្រាក់​បៀវត្សរ៍​ជាប់ពន្ធ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​៖ «​យើង​ដាក់​តារាង​ជាប់ពន្ធ អ្នកមាន​ប្រាក់​បៀវត្សរ៍​ក្រោម ១ ​លាន ៥ សែន ១ រៀល អត់​ជាប់ពន្ធ ព្រោះ​ដើម្បី​ចៀសវាង​អ្នកមាន​ប្រាក់ខែ​ទាប​ជាងគេ​ជាប់ពន្ធ ហើយ​អ្នកមាន​ប្រាក់ខែ​ខ្ពស់​ជាប់ពន្ធ​ចុះ​។ អ៊ីចឹង​យើង​គិត​នេះ ទាំង​ក្នុង​វិស័យ​រដ្ឋ ទាំង​វិស័យ​ឯកជន​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ថ្លែង ដោយ​រំឭក​ដល់​មន្ត្រីរាជការ​ត្រូវ​បម្រើ​ប្រជាលរដ្ឋ​ដោយស្មោះ​ត្រង់ និង​កុំ​ចាត់ទុក​ខ្លួនឯង​ជា​ចៅហ្វាយ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទោះបី​បញ្ហា​តិចតួច​ក៏ដោយ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា​៖ «​អ្វីដែល​ខ្ញុំ​ចង់​ដាស់តឿន​សម្រាប់​មន្ត្រី​របស់​យើង នោះ​គឺ​ត្រូវ​ចាំ​ឱ្យបាន រំឭក​ខ្លួនឯង​ឱ្យបាន​ជាប់​ជាប្រចាំ យើង​ជា​មន្ត្រី​ដែល​ត្រូវតែ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ មិនមែន​ជា​ចៅហ្វាយ​ប្រជាពលរដ្ឋ​ទេ សូម​ក្តាប់​ចំណុច​នេះ​ឱ្យបាន ថា​យើង​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​មិនមែន​ជា​ចៅហ្វាយ​ពលរដ្ឋ​ទេ ហើយ​ត្រូវ​ទុក​ការបម្រើ​ប្រជាពលរដ្ឋ​ជា​គោលដៅ​ដែល​យើង​ត្រូវធ្វើ ធ្វើ​មន្ត្រី​បើ​មិន​ចាត់ទុក​ការបម្រើ​ប្រជាពលរដ្ឋ​ជា​គោលដៅ គឺ​មិនចាំបាច់​ធ្វើ​ជា​មន្ត្រី​ទេ ហើយ​បញ្ហា​របស់​ប្រជាជន​មិនមែន​បញ្ហា​តូចតាច​ទេ​»​។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បើតាម​គម្រោង​របស់​រាជរដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្សរ៍​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ​ត្រូវ​រៀបចំ​ច្បាប់​ថវិកា និង​ការគិតគូរ​ផ្សេងៗ ចាប់ពី​ឆ្នាំ​ ២០២២ នេះ​តទៅ​។

លោក ប៊ុនណា ថ្លែងថា​៖ «​ការដំឡើង​ប្រាក់​បៀវត្សរ៍​នេះ​គឺ​សំដៅ​ទៅលើ​មន្ត្រី​រាជការ​ទូទាំង​ប្រទេស និង​កងកម្លាំង​ប្រដាប់​អាវុធ មិនមែន​ដំឡើង​តែ​គ្រូបង្រៀន និង​ក្រុមគ្រូពេទ្យ​ប៉ុណ្ណោះ​ទេ​។ សម្តេច​លោក​​គិតគូរ​ទាំងអស់ គ្រាន់តែ​លោក​លើកឡើង​វិស័យ​អាទិភាព​គ្រូបង្រៀន និង​សុខាភិបាល ប៉ុន្តែ​ការគិតគូរ​របស់​រាជរដ្ឋាភិបាល គឺ​គិត​សម្រាប់​មន្ត្រីរាជការ​ជាទូទៅ​រួមទាំង​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​និង​មន្ត្រី​ផ្នែក​ផ្សេងៗ​ទៀត ទាំង​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​»​។

លោក ប៊ុនណា ថ្លែងថា តាមពិត​រាជរដ្ឋាភិបាល​គ្រោង​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ក្នុង​ផែនការ ៥ ​ឆ្នាំ ពី​ឆ្នាំ​ ២០១៨​ ដល់ ២០២៣ ប៉ុន្តែ​ដោយសារ​ជួប​បញ្ហា​កូវីដ ក្នុង​ឆ្នាំ​ ២០២១​ និង​ ២០២២ ទើប​អាក់ខាន​សម្រាប់​ការដំឡើង​។

លោក ប៊ុនណា ថ្លែងថា​៖ «​មកដល់​ស្ថានភាព​បច្ចុប្បន្ន​ឃើញថា យើង​អាច​គ្រប់គ្រង​ស្ថានភាព​កូវីដ​បានល្អ​ប្រសើរ ហើយ​លទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល​របស់​យើង​ក៏មាន​ភាពរឹងមាំ អ៊ីចឹង​បានជា​រាជរដ្ឋាភិបាល​បាន​គិតគូរ​ទៅលើ​រឿងនេះ អ៊ីចឹង​យើង​មាន​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចការ​ទាំងអស់​នេះ គឺជា​ការរួមចំណែក​មួយ​ ដើម្បី​គាំទ្រ​ទៅដល់​ការលើក​កម្ពស់​គុណភាព​នៃ​សេវាសាធារណៈ ដែល​នឹង​ជំរុញ​មន្ត្រី​រាជការ​ឱ្យចូល​រួម​ប្រឹងប្រែង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការបម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត និង​ជួយ​ទ្រទ្រង់​ជីវភាព​ដល់​មន្ត្រីរាជការ​ឱ្យ​គាត់​រួមចំណែក​នៅក្នុង​ការគាំទ្រ​ទៅដល់​ការលើក​កម្ពស់​សេវា​សាធារណៈ​»​។

លោក យក់ ប៊ុនណា បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មន្ត្រី​រាជការ​ស៊ីវិល​នៅក្នុង​រាជរដ្ឋាភិបាល​មាន​ជាង ២១ ​ម៉ឺន​នាក់ និង​កងកម្លាំង​ប្រដាប់អាវុធ​ជាង ១៥ ​ម៉ឺន​នាក់ ដែល​ក្នុងចំណោម​នោះ គ្រូបង្រៀន​មាន​ប្រហែល​ជិត ១២ ម៉ឺន​នាក់ ហើយ​គ្រូពេទ្យ​មាន​ជាង ២ ​ម៉ឺន​នាក់​៕