រតនគិរី​/​មណ្ឌលគិរីៈ កំពុង​ប្រកបរបរ​អាជីវកម្ម និង​រស់នៅ​ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ​ដែល​ក៏​ជា​តំណាង​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ផង​នោះ បាន​ចាប់ផ្ដើម​ស្នើសុំ​ខ្ចីប្រាក់​ពី​ធនាគារ​យក​មក​ធ្វើ​អាជីវកម្ម និង​បង្កើន​មុខរបរ​ក្នុង​គ្រួសារ​តាំងពី​ឆ្នាំ​ ២០១៤ ក្នុង​ទំហំ​ទឹកប្រាក់​ដំបូង ១ ពាន់​ដុល្លារ ហើយ​បច្ចុប្បន្ន​នេះ​លោក​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ និង​ខ្ចី​ក្រៅ​ផ្លូវការ​រហូតដល់​ ៥​ ម៉ឺន​ដុល្លារ ដោយសារ​តម្រូវការ​នៃ​ការពង្រីក​អាជីវកម្ម​ និង​ការងារ​ធ្វើ​ចម្ការ​។

ក្នុង​វ័យ​ ៣៧ ​ឆ្នាំ និង​មានកូន ​២ ​នាក់​ក្នុងបន្ទុក លោក​ តុលា បាន​ថ្លែង​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជាមួយ​នឹង​ប្រាក់កម្ចី​នេះ​គឺ​មិន​ត្រឹមតែ​អាច​ឱ្យ​លោក​មាន​លទ្ធភាព​ក្នុងការ​ពង្រីក​មុខរបរ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​ជួយ​លោក​ចាត់ចែង​ប្រាក់​ខ្លះ ដើម្បី​ធ្វើ​ចម្ការ​ផងដែរ​។ នៅក្នុង​តំបន់​របស់​លោក​កំពុង​រស់នៅ​មាន​ពលរដ្ឋ​ពី ៩០ ទៅ ៩៥ ភាគរយ​បាន​ខ្ចីប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​យកមក​បង្កើត​មុខរបរ​ធ្វើ​ចម្ការ និង​សាងសង់​ផ្ទះសំបែង​។

លោក​ តុលា បានចាប់ផ្ដើម​សុំ​ខ្ចីប្រាក់​ពី​ធនាគារ​លើកដំបូង​នៅ​ឆ្នាំ​ ២០១៤ ចំនួន​ ១ ០០០ ដុល្លារ ហើយ​បច្ចុប្បន្ន​បាន​ជំពាក់​ប្រាក់​ធនាគារ​ចំនួន ៣ ម៉ឺន​ដុល្លារ និង​មាន​ខ្ចី​សាច់ញាតិ​ដែល​មិនមាន​ការប្រាក់ ២ ​ម៉ឺន​ដុល្លារ​ទៀត​។

លោក​ថា កាលណា​ខ្ចីប្រាក់​ពី​ធនាគារ​កាន់តែ​ច្រើន អត្រា​ការប្រាក់​កាន់តែ​ធ្លាក់ចុះ​។ រាល់ថ្ងៃនេះ អត្រា​ការប្រាក់​របស់​លោក​ស្ថិត ០,៩៦ ភាគរយ​នៃ​ប្រាក់កម្ចី​ធនាគារ​សរុប​ប្រមាណ ៣ ម៉ឺន​ដុល្លារ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​រាល់ថ្ងៃនេះ ខ្ញុំ​ជាប់​កម្ចី​ប្រាក់​នៅ​ធនាគារ​ស្ថាបនា​។ កាលពី​មុន ខ្ញុំ​ស្នើ​កម្ចី​ពី​ធនាគារ​តែ ១ ​ពាន់​ដុល្លារ​ទេ ដើម្បី​ទៅរក​ស៊ី ហើយ​ដល់​ពេល​ខ្ញុំ​រកស៊ី​ចំណេញ ខ្ញុំ​ក៏បាន​ស្នើ​កម្ចី​ឡើងដល់ ៥-៦ ពាន់​។ ដល់ពេល​ខ្ញុំ​រកស៊ី​ចំណេញ​ថែមទៀត ខ្ញុំ​ក៏បាន​ស្នើ​កម្ចី​ពី​ធនាគារ​កើនឡើង​ ដើម្បី​យកមក​រកស៊ី​ (​ធ្វើ​អាជីវកម្ម​)»​។

បច្ចុប្បន្ន​លោក​ តុលា ត្រូវ​បង់​សង​ទៅ​ធនាគារ​វិញ​ក្នុង ១​ ខែ ៦០០ ដុល្លារ​។ ចំនួន​នេះ​លោក​ថា នៅក្នុង​ខែ​ខ្លះ​លោក​ក៏​ជួប​ការលំបាក​ដែរ ប៉ុន្ដែ​តាំងពី​លោក​បាន​ខ្ចីប្រាក់​ពី​ធនាគារ​មកដល់​សព្វ​ថ្ងៃនេះ​មិន​ដែលមាន​បញ្ហា​អ្វី​ទេ ដោយសារ​អាជីវកម្ម​ដែល​កំពុងបើក​ដំណើរការ​អាច​រកចំណូល​បាន​សមល្មម​នឹង​បង់​ត្រឡប់​ទៅ​ធនាគារ​វិញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ខ្ចីលុយ​ពី​ធនាគារ គឺ​ខ្ចី​ដើម្បី​បើក​ផ្សារ​លក់ដូរ (Mart)​។ បច្ចុប្បន្ន​ផ្សារ​របស់​ខ្ញុំ លក់ដូរ​ដំណើរការ​បាន​ខ្លះ​ដែរ វា​មិនទាន់​ដើរ​ល្អ​ទេ ប៉ុន្ដែ​ក្នុង​កម្រិត​ល្មម​អាច​បង់​ធនាគារ​បាន​»​។

លោក​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ខ្លះ​នៅក្នុង​តំបន់​របស់​លោក ពួកគាត់​ខ្ចីប្រាក់​ពី​ធនាគារ ដើម្បី​យក​មក​ធ្វើ​ចម្ការ ចិញ្ចឹម​សត្វ ហើយ​ពលរដ្ឋ​ភាគច្រើន​ខ្ចីប្រាក់​ត្រឹម ១ ម៉ឺន​ដុល្លារ​ចុះក្រោម​។ ដូច្នេះ​ក្នុង ១ ខែ​ពួកគេ​ត្រូវ​បង់ប្រាក់​ត្រឡប់​ទៅ​ធនាគារ​វិញ​ក្នុង​រង្វង់ ២-៣ រយ​ដុល្លារ​។ ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដែល​ពលរដ្ឋ​និយម​ស្នើសុំ​ខ្ចីប្រាក់ គឺ​អាស្រ័យ ត្រង់​ថា ធនាគារ​នោះ​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគេ​។ លោក​បាន​ឱ្យ​ដឹងថា ធនាគារ​ខ្លះ​មាន​លក្ខខណ្ឌ​ច្រើន​ក្នុងការ​ស្នើសុំ​ខ្ចីប្រាក់​ដូច្នេះ​ពលរដ្ឋ​មិនសូវ​ស្នើសុំ​ខ្ចី​ទេ​។

ធនាគារ​ខ្លះ​មាន​កម្មវិធី​ខ្ចីប្រាក់​ច្រើន ដូចជា​កម្មវិធី​ខ្ចីប្រាក់​ជា​ក្រុម​ជាដើម​ដែល​ពលរដ្ឋ​និយម​ស្នើសុំ​ខ្ចី​។ ករណី​ធនាគារ ផ្ដល់​កម្ចី​ជា​ក្រុម មាន​ន័យថា ពលរដ្ឋ​ដែល​ស្នើសុំ​ខ្ចី​មាន​គ្នា​ចាប់ពី ៣ នាក់​ឡើងទៅ​។ ប៉ុន្ដែ​កម្ចី​បែបនេះ ធនាគារ មិន​អនុញ្ញាត​ឱ្យប្រាក់​ខ្ចី​ច្រើន​ទេ គឺ​ឱ្យ​ត្រឹម​ពី ១ ​លាន​រៀល​ទៅ ២ ​លាន​រៀល​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ការស្នើសុំ​ខ្ចី​ជា​ក្រុម​នេះ អ្នក​ស្នើសុំ​ខ្ចី ជា​អ្នកធានា​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។ បើសិន​ជា​អ្នក​ណាម្នាក់​រត់​ ឬ​គ្មាន​លទ្ធភាព​បង់ប្រាក់​សមាជិក​ក្នុង​ក្រុម​ដែលជា​អ្នកធានា​ជា​អ្នកជួយ​សង​ជំនួស​។

លោក​ថា​៖ «​ធនាគារ​ខ្លះ​មុននឹង​ផ្ដល់​កម្ចី គឺ​ត្រូវ​សាកសួរ​លើ​មុខងារ​តួនាទី ប្រាក់ខែ​យើង គេ​មើល​លើ​ប្រាក់ខែ​យើង​មាន​ចាប់ពី​ប៉ុន្មាន​រយ​ដុល្លារ​ឡើងទៅ​ក្នុង ១ ខែ គឺ​គេ​ឱ្យ​ខ្ចីប្រាក់​តាម​ហ្នឹង​ដែរ​។ ដូច្នេះ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នេះ​វា​អត់​ទៀងទេ គោលការណ៍ គឺ​ខុសគ្នា​ទាំងអស់​»​។ លោក​ តុលា ​បន្តថា​៖ «​យើង​គិត​មើល​បើ​យើង​ចាំ​មាន​លុយ​ឱ្យ​គ្រប់​តែម្ដង ដើម្បី​បើក​អាជីវកម្ម មិនដឹង​ពេលណា​គ្រប់​។ អ៊ីចឹង​យើង​បង្ខំ​ចិត្ដ ដើម្បី​រក​ខ្ចី​ធនាគារ គឺថា បើ​យើង​មិន​ខ្ចី​យើង​មិនមាន​អ្វី​ធ្វើ​។ អ៊ីចឹង​យើង​ត្រូវតែ​ខ្ចី ហើយ​ត្រូវតែ​ប្រឹងរក​សង​គេ​វិញ​»​។

ប៉ុន្តែ​លោក​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយរូប​ដែរ ប្រសិនបើ​បុគ្គល​ណា​ម្នាក់ ស្នើ​លុយ​ពី​ធនាគារ​ ឬ​មីក្រូ​ហិញ្ញវត្ថុ គឺ​ត្រូវ​គិតពី​គោលដៅ​នៃ​ការស្នើ​កម្ចី​ប្រាក់​នោះ តើ​ដើម្បី​ធ្វើ​អី​? ទៅរក​ស៊ី​អី​ខ្លះ​បាន​វា​ចំណេញ​? បើសិនជា​យើង​អត់​មាន​គោលដៅ យើង​មិនបាច់​ខ្ចី​ទេ​។ បើ​យើង​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​របស់​យើង គឺ​ស្នើ​កម្ចី​ពី​ធនាគារ​ចុះ​ត្រឹមត្រូវ​»​។

អ្នកស្រី សុខ ភារម្យ រស់នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ដែល​គ្រួសារ​អ្នកស្រី​បាន​ចាប់ផ្ដើម​ខ្ចីប្រាក់​ពី​ធនាគារ​អេស៊ីលីដា ដំបូង​កាលពី​ឆ្នាំ​ ២០១០ បន្ទាប់មក បាន​ខ្ចីប្រាក់​ពី​ធនាគារ​ផ្សេងទៀត មាន​ដូចជា ធនាគារ​ប្រាសាក់ ស្ថាបនា និង​បច្ចុប្បន្ននេះ​កំពុង​ជាប់​ខ្ចី​ជាមួយ​ធនាគារ ហត្ថា​កសិករ ដើម្បី​យកប្រាក់​ទាំងនោះ មក​ពង្រីក​មុខរបរ លក់​សម្ភារ​ដែក និង​សម្ភារ​អគ្គិសនី​។

លោកស្រី​ប្រាប់ថា​៖ «​ដំបូង​ (​ឆ្នាំ​ ២០១០) ​ខ្ញុំ​ខ្ចី​គេ​ ១ ៥០០ ដុល្លារ ហើយ​មកដល់​ឆ្នាំ​ ២០២១ ខ្ញុំ​ខ្ចី​គេ ៣ ម៉ឺន​ដុល្លារ​មករក​ស៊ី​បើក​កន្លែង​លក់​ដែក សម្ភារ​អគ្គិសនី និង​សម្ភារ​សំណង់​មួយចំនួន​»​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ធនាគារ​ហត្ថា​កសិករ​ផ្ដល់​កម្ចី​ឱ្យ​ខ្ញុំ​ទាល់តែ​ខ្ញុំ​ពិតជា​យកលុយ​កម្ចី​គេ​នោះ មក​ធ្វើ​អាជីវកម្ម​ពិតប្រាកដ​មែន ដូចដែល​បាន​ស្នើ បើសិន​ជា​ខ្ញុំ​មិន​យក​លុយ​កម្ចី​នោះមក​ធ្វើ​ទេ គេ​នឹង​មិនឱ្យ​ខ្ចី​ទេ ហើយ​ក្នុង​រយៈពេល​ ៣ ខែក្រោយ ពេល​ផ្ដល់​កម្ចី បើ​យើង​មិន​ធ្វើ​អាជីវកម្ម​ដូចដែល​យើង​បានស្នើ​នោះ គេ​នឹង​ដក​កម្ចី​ទៅវិញ​»​។

ចំនួន​ប្រាក់​ដែល​អ្នកស្រី​ខ្ចី ៣ ​ម៉ឺន​ដុល្លារ កាលពី​ឆ្នាំ​ ២០២១ ធនាគារ​បានគិត​ការប្រាក់​ចំនួន ១ ភាគរយ ហើយ​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​ក្នុង​រយៈពេល ៦ ​ឆ្នាំ ត្រូវ​បង់​ជាប្រចាំ​ខែ ក្នុង ១ ខែ​ជាង ៦០០ ដុល្លារ​។ ប្រាក់កម្ចី​ទាំងនេះ អ្នកស្រី​បាន​យក​ទៅ​ធ្វើ​ផ្ទះ​ជាង ៨ ពាន់​ដុល្លារ​ហើយ​ប្រាក់​នៅសល់ យកទៅ​ទិញ​សម្ភារ​មក​លក់​។

អ្នកស្រី ភារម្យ លើកឡើងថា បច្ចុប្បន្ន​អ្នកស្រី​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុង​ការ​រកប្រាក់​បង់​ត្រឡប់​ទៅ​ធនាគារ​វិញ ដោយសារ​តែ​ការលក់​សម្ភារ​ដែក និង​សម្ភារ​អគ្គិសនី​មិនសូវ​មាន​អតិថិជន​មក​ទិញ​។ អ្នកស្រី​នឹង​ទៅ​ជួប​ជាមួយ​ធនាគារ ដើម្បី​ស្នើសុំ​ពន្យារពេល​សម្រាប់​ការបង់ប្រាក់​ពី ៦ ​ឆ្នាំទៅ​រយៈពេល​យូរ​ជាង​នេះ​ ដើម្បី​បន្ថយ​ចំនួន​ប្រាក់​ត្រូវ​បង់​ប្រចាំខែ​។

លោក​ ចឹក សុខឃីម អ្នក​សម្របសម្រួល សមាគម​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​មណ្ឌលគិរី សង្កេត​ឃើញ​ថា ពលរដ្ឋ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ ដែល​បាន​ខ្ចីប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។

លោក​ថា កន្លងមក​មាន​ព័ត៌មាន​ពី​ខេត្ដ​ខាង​ក្រោមៗ ដូចជា​ខេត្ដ​រតនគិរី​ជាដើម​ឃើញថា ដោយសារ​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​មាន​ភាពងាយស្រួល​ក្នុង​ការ​ផ្ដល់​កម្ចី​ទើប​ពលរដ្ឋ​ដែល​យក​កម្ចី​មួយចំនួន​រត់គេច​មិន​សង​ប្រាក់​ទៅ​ធនាគារ​វិញ​ក៏​កើតមាន​ ហើយ​ពលរដ្ឋ​ខ្លះ​គិតថា ការរត់​គេច​អាច​រួចខ្លួន ហើយ​ភ្លេច​គិតថា ធនាគារ​ ឬ​មីក្រូហិរញ្ញវត្ថុ អាច​រឹបអូស​ទ្រព្យសម្បត្ដិ​របស់​ពួកគាត់​។ ប៉ុន្ដែ​លោក​បញ្ជាក់ថា ករណី​បែបនេះ នៅក្នុង​ខេត្ដ​មណ្ឌលគិរី​មិនទាន់​ឃើញ​កើតមានឡើង​ទេ​។

លោក សុខឃីម បញ្ជាក់ថា​៖ « ខ្ញុំ​ឃើញ​ភាគច្រើន ពួកគាត់​ប្រើ​ខុស​គោលដៅ​ច្រើនណាស់​។ បើសិន​ជា​គាត់​ខ្ចី​គេ​មករក​ស៊ី បើ​រកស៊ី​មែន ខាត​ ឬ​ចំណេញ​ក៏​អាចមាន​លុយ​ដើមទុន បង្វិល​សង​គេ​វិញ​ដែរ​។ នៅពេល​ដែល​គាត់​ដាក់​មូលហេតុ​ខ្ចី​ធ្វើ​អី មាន​មូលហេតុ​ផ្សេងៗ​ជាច្រើន​ ប៉ុន្ដែ​នៅពេល​បាន​លុយ​មកហើយ​គាត់​ប្រើ​ខុសពី​គោលបំណង​ដែល​ស្នើ​កម្ចី​នោះ​។ ចំណុច​ទាំងនេះ​ដែលមាន​ជួប​បញ្ហា​ទៅ​ថ្ងៃមុខ​»​។

លោក ហ៊ាង មករា អ្នកផ្ដល់​សេវា​កម្ចី​ឥណទាន​ដល់​អតិថិជន​នៃ​ធនាគារ​ស្ថាបនា ក្នុង​ខេត្ដ​មណ្ឌលគិរី​ប្រាប់ថា ពួកលោក​ជា​អ្នករៀបចំ​ឯកសារ​ផ្សេងៗ​របស់​អ្នក​ចង់​ស្នើសុំ​ខ្ចីប្រាក់​ ដើម្បី​ដាក់​ស្នើ​ទៅ​គណៈកម្មការ​ផ្ដល់​កម្ចី​​របស់​ធនាគារ ដើម្បី​ធ្វើការ​សម្រេច​ថា ផ្ដល់​កម្ចី​ ឬ​មិន​ផ្ដល់​។

លោក​ថា​៖ «​ការរៀបចំ​ឯកសារ​សម្រាប់​ការដាក់​ស្នើសុំ​កម្ចី​ប្រាក់​នេះ គឺ​យើង​មាន​លក្ខខណ្ឌ និង​ផ្ចិតផ្ចង់​ទៅតាម​ស្ដង់ដា​របស់​ធនាគារ ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​អាជីវកម្ម​របស់​អ្នកស្នើ​កម្ចី គឺ​ទាល់តែ​អាជីវកម្ម​របស់​ពួកគាត់ គ្រប់​លក្ខខណ្ឌ​ទើប​យើង​ដាក់សំណើ​របស់​ពួកគាត់​ ដើម្បី​ស្នើសុំ​កម្ចី​។ ពលរដ្ឋ​ធម្មតា បើ​ពួកគាត់​មាន​ដីធ្លី ប៉ុន្ដែ​អត់​មាន​មុខរបរ​ក៏​ពួកគាត់​មិនអាច​ស្នើ​កម្ចី​បានដែរ​។ ធនាគារ​ខាង​ខ្ញុំ មិនមែន​ចេះតែ​ផ្ដល់​កម្ចី​ទេ​ទាល់តែ​គាត់​មាន​មុខរបរ ទើប​ខាង​ខ្ញុំ​ផ្ដល់ជូន​ដល់​ពួកគាត់​»​។

បើតាម​លោក មករា ពលរដ្ឋ​អ្នក​ទទួល​កម្ចី​ប្រាក់​ពី​ធនាគារ​ស្ថាបនា​នៅក្នុង​ទីរួមខេត្ដ​មណ្ឌល​គិរី មិនដែល​កើតមាន​បញ្ហា ចំពោះ​ការបង់ប្រាក់​យឺតយ៉ាវ​ ឬ​រត់ចោល​មិន​ព្រម​បង់ប្រាក់​ត្រឡប់មក​ធនាគារ​វិញ​នោះទេ​។

ម៉ាត​របស់​លោក គ្រើង តុលា ​ដែល​កំពុង​ដំណើរការ​នៅ​ខេត្តមណ្ឌលគិរី​។ រូបថត សហការី

លោក ស ណក មេភូមិ​ក្រេះ និង​ជា​ប្រធាន​សហគមន៍​ដី​សហគមន៍​សមូហភាព​ភូមិ​ក្រេះ​ស្ថិតនៅ​ឃុំ​ប៉ូយ ស្រុក​អូរជុំ ខេត្ដ​រតនគិរី ឱ្យដឹងថា នៅក្នុង​ភូមិ​ក្រេះ គិត​ត្រឹម​ឆ្នាំ​ ២០២២ ​នេះ មាន​ប្រជាពលរដ្ឋ​សរុប ១០១ គ្រួសារ​ក្នុង​ចំណោម​នេះ​មាន​ពលរដ្ឋ ៥៧ គ្រួសារ​បាន​ទទួល​កម្ចី​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បើ​គិត​ជា​ប្រាក់កម្ចី​សរុប​មាន​ប្រមាណ ២០ ម៉ឺន​ដុល្លារ​។ ក្នុងចំណោម​គ្រួសារ​ដែល​ស្នើ​កម្ចី​ទាំងនេះ ភាគច្រើន​មាន​ការ​លំបាក​ក្នុង​ការសង​ប្រាក់​ទៅ​ធនាគារ​វិញ ដោយសារ​ពលរដ្ឋ​ភាគច្រើន​យក​កម្ចី​មក​ ដើម្បី​ធ្វើ​ចម្ការ​ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០២១-២០២២​ នេះ​ដំណាំ​កសិកម្ម មិន​អំណោយផល​នាំឱ្យ​មាន​ការខាតបង់​ច្រើន​។ ​

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​មានការ​លំបាក​ក្នុងការ​បង់ប្រាក់​ទៅ​ធនាគារ​វិញ​នេះហើយ ទើប​ពួកយើង​បានដាក់​លិខិត​ស្នើសុំ​ទៅគ្រប់​ធនាគារ ក្រសួង​ពាក់ព័ន្ធ និង​សម្ដេច​ក្រឡាហោម ស ខេង ដើម្បី​ជួយ​អន្តរាគមន៍​ពីព្រោះ​ខាង​បុគ្គលិក​គេៗ​បង្ខិតបង្ខំ​រកលុយ បើ​មិនមាន​លុយ​ឱ្យគេ​ដោះដូរ​ដី​ដោះដូរ​អី​»​។ ពលរដ្ឋ​បាន​ស្នើ​ឱ្យ​បន្ធូរបន្ថយ​អត្រា​ការប្រាក់ និង​កុំ​ដំឡើង​ប្រាក់​ដើម នៅពេល​ដែល​ពួកគេ​បង់ប្រាក់​យឺតយ៉ាវ ហើយ​នឹង​ស្នើឱ្យ​មានការ​ពន្យារពេល​ក្នុង​ការ​បង់ប្រាក់​ទៅ​ធនាគារ​វិញ​។

អ្នកស្រី​ ធុក ញ៉ង់ ប្រធាន​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ដ​រតនគិរី ឱ្យដឹងថា ពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ខេត្ដ​នេះ ភាគច្រើន​យក​កម្ចី​ប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ទៅធ្វើ​ចម្ការ ដាំ​ដំណាំ ប៉ុន្ដែ​ក្នុង​ឆ្នាំ​ ២០២១-២០២២ នេះ​ដំណាំ​មិនសូវ​ទទួលបាន​ផល ទើប​មាន​ការលំបាក​ចំពោះ​ការបង់ប្រាក់​ទៅ​ធនាគារ​វិញ​។

អ្នកស្រី​ប្រាប់ថា​៖ «​ទាក់ទង​ការសង​ត្រឡប់​ទៅ​ធនាគារ​វិញ ពួកគាត់​មាន​ផលវិបាក ដោយសារ​បញ្ហា​វា​ស្ថិតនៅក្នុង​ស្ថានភាព​កូវីដ ​១៩ ផង ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ផង អ៊ីចឹង​ការធ្វើ​ស្រែចម្ការ​អត់​ទទួល​បាន​ផល ដូច្នេះ​មិនអាច​សង​ទៅ​ធនាគារ​ទាន់​ពេលវេលា​ទេ​។ ពលរដ្ឋ​ខ្លះ​ក៏​សម្រេច​ចិត្ដ​លក់​ដីធ្លី​ក៏មាន​ដែរ ដើម្បី​សង​ទៅ​ធនាគារ​វិញ​»​។

អគ្គលេខាធិការ​សម្ព័ន្ធ​ជនជាតិដើម​ភាគតិច​កម្ពុជា​លោក យុន ឡូរ៉ង់​លើកឡើង​ថា ការទទួល​កម្ចី​របស់​ជនជាតិ​ដើម​ភាគតិច​គឺមាន​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​សុវត្ថិភាព​ដីធ្លី​របស់​ពួកគាត់​។ បញ្ហា​នេះ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ស្ទាក់ស្ទើរ ឬក៏​ប្ដូរ​ជំហរ ក្នុងការ​ជ្រើសរើស​​របប​កម្មសិទ្ធិ​ដី​ពី​សមូហភាព​មក​ឯកជន​។

ក្រៅពីនេះ​ក៏​នាំឱ្យ​មាន​ការបែកបាក់​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផងដែរ​។ ចំណែក ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ក៏មាន​បញ្ហា​ខ្លះ​ដែរ ដោយសារ​ពួកគាត់​មាន​បំណុល ក្នុងពេល​ដែល​មិនទាន់​អាច​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​។ «​បើសិន​ជា​គាត់​ខ្ចី​មក​ធ្វើ​កសិកម្ម​អី អាហ្នឹង​វា​មិន​អី​ទេ​។ ប៉ុន្ដែ​ភាពខ្វះ​ចន្លោះ​មួយចំនួន គាត់​យកប្រាក់​កម្ចី​មក​ទិញ​របស់របរ​ផ្សេងៗ វា​ហានិភ័យ​សម្រាប់​ពួកគាត់​»​។

លោក ឡូ​រ៉ង់ សង្កេតឃើញ​ចំណុច​ខ្វះខាត​លើ​ការផ្ដល់ប្រាក់​កម្ចី​ដល់​ជនជាតិ​ភាគតិច​នេះ គឺពាក់ព័ន្ធ​ទៅនឹង​ការ​អនុវត្ដ​ច្បាប់​ និង​ការត្រួតពិនិត្យ​លើ​លិខិតបទដ្ឋាន​គតិយុត្ដ​នានា ចំពោះ​ការអនុញ្ញាត​ឱ្យ​ជនជាតិភាគតិច​អាច​ស្នើ​កម្ចី​ប្រាក់​បាន​។

លោក​ថា​៖ «​មានន័យថា ខាង​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ពួកគាត់​ស្រួល​នៅ​មូលដ្ឋាន​ដែរ ដោយ​មិនមាន​យោង​ទៅលើ​ឯកសារ​អ្វី​ឱ្យ​វា​ត្រឹមត្រូវ ឬក៏​សួរនាំ​មុននឹង​ផ្ដល់​កម្ចី​ថា សហគមន៍​ដែល​ស្នើ​កម្ចី​នោះ​ជា​សហគមន៍​អ្វី ជា​សហគមន៍​សមូហភាព​ ឬមួយ​ក៏​យ៉ាងម៉េច​។ ពេលខ្លះ​វា​មិនមែន​មកពី​មិនបាន​សួរ ប៉ុន្ដែ​វា​អាចមកពី​ចំណេះដឹង​របស់​មន្ដ្រី​ផ្ដល់​ឥណទាន​ទាំងនោះ​ឬ​យ៉ាងម៉េច​»​។

កាលពី​ថ្ងៃទី​ ៣ ខែឧសភា ឆ្នាំ​ ២០២២ ​អង្គការ​លីកាដូ​បាន​រាយការណ៍​ថា ទីប្រឹក្សា​អនុលោមភាព Ombudsman នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) បានទទួល​ពាក្យបណ្ដឹង នឹង​បន្ត​ដំណើរការ​ពិនិត្យ​មើល​បណ្តឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការរំលោភ​លើ​បទដ្ឋាន​អនុវត្ត​ស្តង់ដា​របស់ IFC ដែល​ប្រព្រឹត្ត​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន​ ៦ ដែល​ផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​នៅ​កម្ពុជា​។

អង្គការ​នេះ​ឱ្យដឹងថា ពាក្យបណ្តឹង​នេះ​ត្រូវ​បាន​ដាក់​ក្នុងនាម​អ្នក​ខ្ចី​ដែល​រង​ផលប៉ះពាល់ តំណាង​ដោយ​អង្គការ​សមធម៌​កម្ពុជា (EC) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ​)​។

លោកស្រី​ ណាលី ពីឡូក នាយិកា​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា​៖ «​ម្ចាស់​បណ្ដឹង​ទាំងនេះ​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​ចែករំលែក​បទពិសោធ​របស់​ពួកគេ ដើម្បី​លាតត្រដាង​អំពី​ការខូចខាត និង​ការរំលោភ​បំពាន ដែល​ប្រព្រឹត្ត​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​នៅ​កម្ពុជា​។

លោកស្រី​ថា​៖ «​ការវិនិយោគ​ប្រកប​ដោយ​គ្រោះថ្នាក់​​ និង​ខ្វះ​ការចាត់​វិធានការ​ចាំបាច់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​គម្រោង​កម្ចី​ឥណទាន​ខ្នាតតូច​របស់ខ្លួន​បាន​បំផ្លិចបំផ្លាញ​ការរស់នៅ​​ និង​ខូចខាត​ដល់​សហគមន៍​ជាច្រើន​នៅក្នុង​ប្រទេស ហើយ​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ ដើម្បី​ផ្តល់​ការអនុគ្រោះ​ពិតប្រាកដ​ដល់ អ្នក​ខ្ចីប្រាក់​ទាំងនេះ​»​។

សេចក្ដី​ប្រកាស​ឱ្យដឹងថា ជា​លទ្ធផល​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ បណ្តាល​មកពី​ការវិនិយោគ​ និង​កម្ចី​ឥណទាន​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ចំនួន ៦ ដែល​ផ្តល់​កម្ចី​ឥណទាន​ខ្នាតតូច​នៅក្នុង​ប្រទេស​ដូចជា ធនាគារ​អេស៊ីលីដា ធនាគារ​ហត្ថា ធនាគារ​ស្ថាបនា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិលអូអិលស៊ី​ និង​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ដែល​រួមគ្នា​កាន់កាប់​ប្រមាណ​ជា ៧៥ ​ភាគរយ នៃ​កម្ចី​ឥណទាន​ខ្នាតតូច​នៅក្នុង​ប្រទេស​ទាំងមូល​។

ស្ថាប័ន​ទាំង ៦ ទទួល​បាន​ការអនុម័ត​ទឹកប្រាក់​ច្រើនជាង​ ៤០០​ លាន​ដុល្លារ​ពី​មូលនិធិ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​រយៈពេល​ ៥​ ឆ្នាំ​ចុង​ក្រោយនេះ រួមមាន​កម្ចី​ឥណទាន​ដោយផ្ទាល់​កម្ចី​បញ្ចូល​គ្នា កម្ចី​ឥណទាន​ និង​ការវិនិយោគ​ផ្អែកលើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយ​មាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​។

សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែឧសភា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ​ថា ពួកគេ​បានដឹង​ពី​សេចក្តី​ថ្លែងការណ៍ ដែល​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​។ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បម្រើ និង​ជួយ​ដល់​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​វា​គួរឱ្យ​សោកស្តាយ​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ការលើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ការកាត់​បន្ថយ​ភាពក្រីក្រ និង​កំណើន​សេដ្ឋកិច្ច​ទាំងអស់នេះ មិនត្រូវ​បាន​ឱ្យ​តម្លៃ ឬ​មើលរំលង ដោយ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ២ ​នេះ​។

ក្នុង​អំឡុងពេល​មានការ​រាតត្បាត​កូវីដ​ ១៩ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ជួយ​សម្រួល​បន្ទុក​ដល់​អតិថិជន​របស់ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយសារ​កូវីដ​-១៩ តាមរយៈ​ការធ្វើ​ឥណទាន​រៀបចំ​ឡើងវិញ ប្រមាណ​ជាង ៦២ ម៉ឺន​គណនី ជាមួយនឹង​សមតុល្យ​សាច់ប្រាក់​សរុប​ប្រមាណ ជាង ៧ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែមីនា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែងការណ៍​។

លោកស្រី ជា សេរី អគ្គនាយិកា​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) មានប្រសាសន៍​ក្នុង​កម្មវិធី​មួយ​កាលពី​ខែមេសា​ថា កន្លងមក​ថា មាន​ការត្អូញត្អែរ​ជាច្រើន ជុំវិញ​ការលំបាក​សម្រាប់​លទ្ធភាព​ទទួល​បាន​ឥណទាន ប៉ុន្តែ​អ្នកទទួល​កម្ចី​ខ្លះ​ហាក់​មិនបាន​យកចិត្ត​ទុកដាក់​ចំពោះ​ក្តីបារម្ភ​ដែល​អ្នកផ្តល់​ប្រាក់កម្ចី​ និង​និយតករ​លើកឡើង​នោះទេ​។

លោកស្រី​ថ្លែងថា ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ដែល​ជា​ស្ថាប័ន​ត្រួតពិនិត្យ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១២ ​បាន​កត់ត្រា​ប្រវត្តិ​ទិន្នន័យ​នៃ​ការសង​ត្រឡប់​ទាំងអស់​ទៅកាន់​ធនាគារ​។ នៅក្នុង​វិធី​នេះ ឥណទាន​របស់​អ្នក​ខ្ចី​នឹង​ត្រូវបាន​មើលឃើញ​នៅ​គ្រប់​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។

លោកស្រី​បន្តថា​៖ «​យើង​នឹង​ដឹង​ច្បាស់​ថា អ្នកណា​ជា​អ្នក​ខ្ចី​ល្អ អ្នកណា​ជា​អ្នក​ខ្ចី​មិនល្អ​។ ដូច្នេះ​បើ​អ្នក​ចង់​បន្ត​ខ្ចី ហើយ​ខ្ចី​ក្នុង​អត្រា​ការប្រាក់​ល្អ នោះ​អ្នក​ត្រូវ​បង្ហាញ​ភ័ស្តុតាង សងលុយ​ឱ្យ​ទាន់ពេល​ត្រូវ​ប្រឹងប្រែង​ធ្វើ​ទាន់ពេល​»​។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ កន្លងមកនេះ បាន​ធ្វើឱ្យ​ប៉ះពាល់​ជាទូទៅ​ដល់​ស្ទើរ​គ្រប់​វិស័យ​នៃ​អាជីវកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​គឺ​វិស័យ​ទេសចរណ៍​ដែល​ប្រមូលផ្តុំ​នៅតែ​ទីក្រុង និង​ទីប្រជុំជន​។ លោកស្រី​និយាយ​ថា​៖ «​សម្រាប់​វិស័យ​កសិកម្ម​ប៉ះពាល់​តិចជាងគេ ប្រជាជន​នៅ​ខេត្តមណ្ឌលគិរី និង​រតនគិរី​ជាដើម​មិនសូវ​ទទួលរង​ផលប៉ះពាល់​ប៉ុន្មាន​ទេ​។ ហេតុនេះ​ចំពោះ​បញ្ហា​លើ​ការសង​ត្រឡប់​ក៏មាន​បញ្ហា​តិចតួច​តាម​នោះដែរ​»​។

លោកស្រី​ក៏បាន​កត់សម្គាល់​ជាទូទៅ​ផងដែរ​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាពល្អប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ​មួយចំនួន​របស់​អតិថិជន ដូចជា​ប្រជាជន​កម្ពុជា​ហ៊ាន​និយាយ​ដោយ​បើកចំហ​អំពី​ការទទួល​យក​ឥណទាន ខណៈ​ដែល​ពួកគេ​មាន​ភាព​អៀនខ្មាស​ក្នុង​អតីតកាល​។ វា​ក៏មាន​ការផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​អ្នក​ខ្ចី​ទាក់ទង​នឹង​ការ​សន្សំ ការចង់​បាន​ទំហំ​ប្រាក់កម្ចី និង​ការសង​ប្រាក់​វិញ​។

អ្នកស្រី​បន្ថែម​​ថា​៖ «​ពីមុន​ពួកគេ [​អ្នក​ខ្ចី​ខ្លះ​] ​ចង់បាន​សាច់ប្រាក់​ខ្ចី​តាម​ដែល​ពួកគេ​ចង់បាន ដោយ​មិន​ខ្វល់​ពី​ការសង​ប្រាក់​វិញ ប៉ុន្តែ​ថ្មីៗ​នេះ ពួកគេ​អាច​គិតថា តើ​ពួកគេ​អាច​សង​វិញ​បាន​ប៉ុន្មាន​?»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គី សេរីវឌ្ឍន៍ បាន​និយាយថា លោក​បាន​អាន​នូវ​របាយការណ៍​របស់​អង្គការ​លីកាដូ ប៉ុន្តែ​លោក​យល់ថា អ្វីដែល​របាយការណ៍​បាន​លើកឡើង​គឺ​មិន​គ្រប់​ជ្រុងជ្រោយ និង​ផាត់​ចោល​តួនាទី​សំខាន់​របស់​វិស័យ​ហិរញ្ញវត្ថុ​ដែល​បានធ្វើ​កន្លងមក​។

លោកបញ្ជាក់ថា​៖ «​ព្រោះ​បើ​យើង​និយាយ​ពី​មីក្រូហិរញ្ញវត្ថុ​គឺ​បាន​ជួយ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ច្រើនណាស់​ ជាពិសេស​អ្នក​ដែល​ខ្វះ​ដើមទុន​អាច​ទទួល​បាន​ ប៉ុន្តែ​មាន​កម្ចី​ចំនួន​តូច​ត្រឹមតែ​ ១ ​ភាគរយ​ខូច​មិនបាន​សង​»​។

លោក​បាន​អះអាង​ថា ការផ្តល់​កម្ចី​ដល់​ជនជាតិដើម​ភាគតិច​បាន​ជួប​ហានិភ័យ​ដោយសារ​តែ​ការប្រើប្រាស់​កម្ចី​ខុស​ទិសដៅ ដូចជា អ្នក​ខ្ចីប្រាក់​នៅ​ខេត្ត​នោះ​អះអាង​ពី​ការយក​ទៅធ្វើ​កសិកម្ម ប៉ុន្តែ​ពួកគេ​យកទៅ​ទិញ​គោយន្ត​ដឹកឈើ​ប្រកប​អាជីវកម្ម​កាប់​ឈើ​ជាដើម ដែលជា​របរ​ខុសច្បាប់​។ ពេលដែល​មាន​ការ​ហាម​ឃាត់ គាត់​នឹង​ជួប​បញ្ហា​លើ​ការសង​ប្រាក់​ត្រឡប់​មកវិញ​។

លោក​និយាយ​ថា​៖ «​ការផ្តល់​កម្ចី​ដល់​ជនជាតិដើម​ភាគតិច​តាម​តំបន់​ព្រៃភ្នំ​មាន​ហានិភ័យ ដោយសារ​កម្ចី​ភាគច្រើន​ត្រូវបាន​ខ្ចី​សម្រាប់​ទិញ​គោយន្ត អ៊ីចឹង​ហានិភ័យ​គឺ​ខ្ពស់ជាង​សម្រាប់​អ្នក​ខ្ចី​យកទៅ​ធ្វើ​អាជីវកម្ម​»​។

បើតាម​លោក​ គ្រើង តុលា ការស្នើ​កម្ចី​ប្រាក់​ពី​ធនាគារ​តែ​ម្នាក់ឯង​ធនាគារ​ខ្លះ​មាន​លក្ខខណ្ឌ​ត្រូវការ​ប្លង់រឹង​ (​ប្លង់ដី​)​ មាន​ប្លង់ដី ឬ​មានការ​បញ្ជាក់ថា ពលរដ្ឋ​មាន​ដី​ច្រើន​ដែល​លក្ខខណ្ឌ​នេះ​ធនាគារ​អាចឱ្យ​ស្នើ​កម្ចី​បាន​ច្រើន​។ ប៉ុន្ដែករណីនេះ​ក៏​អាស្រ័យ​ទៅតាម​ធនាគារ​ដែរ​។ ចំណែក​ប្លង់ទន់​ ឬ​ប្លង់ដី​ដែល​មិនទាន់​បាន​ចុះបញ្ជី​ទទួល​ស្គាល់​ជា​លក្ខណៈ​ថ្នាក់ជាតិ គឺជា​ឯកសារ​ប្រភេទ គុណភាព​ទាប​ដែល​អាចមាន​ជាច្រើន​ទម្រង់​ហើយ​អាច​ធ្វើជា​សក្ខីភាព​នៃ​ការកាន់កាប់​ដី​នោះ អាចមាន​ជា​ការ​បញ្ជា​ក់ដោយ​អាជ្ញាធរ​មូលដ្ឋាន​មាន​រដ្ឋបាល ភូមិ ឃុំ និង​ស្រុក ឬ​អាចជា​លិខិត​ទិញ​លក់ ឬ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​យ៉ាង​សាមញ្ញ​ដែល​ពុំមាន​អាជ្ញាធរ​ដឹងឮ​ជាដើម​។

លោក​បញ្ជាក់​​ថា​៖ «​ក្រោយពី​យើង​មាន​ប្លង់​ទន់​បែបនេះហើយ ទើប​យើង​អាច​ស្នើសុំ​ធ្វើ​ប្លង់រឹង​បាន​។ ប្លង់រឹង​នេះ​មានន័យ​ថា ប្លង់​កម្មសិទ្ធិ ហើយ​ប្លង់​ទន់ ជា​ប្លង់​សម្គាល់​សិទ្ធិ (​មិនទាន់​ជា​កម្មសិទ្ធិ​ទេ គ្រាន់តែ​សម្គាល់​សិទ្ធិ​)​។ ប្លង់​សម្គាល់​សិទ្ធិ​នេះ ចុះ​ហត្ថលេខា​ពី​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ដល់​ស្រុក​»​។

គិត​ត្រឹម​ខែមីនា ឆ្នាំ​ ២០២២ កម្ពុជា​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ៥៦ (​ធនាគារ​ក្នុងស្រុក​ចំនួន ២៥​ ធនាគារ​បុត្រ​សម្ព័ន្ធ​ចំនួន​ ១៨ និង​ធនាគារ​សាខាបរទេស​ចំនួន ១៣)​។ ធនាគារ​ឯកទេស​ចំនួន ១០ (​ធនាគារ​រួមបញ្ចូល​នៅក្នុង​ស្រុក​ចំនួន​ ៤ និង​ធនាគារ​បរទេស​ចំនួន ៦) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៨៤ (​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ (MDIs) ចំនួន ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ វត្ថុ​ចំនួន ៧៩) ក្រុមហ៊ុន​ភតិសន្យា​ចំនួន ១៧ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ចំនួន ៦ នៅ​កម្ពុជា ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ប្រាក់​ចំនួន ៣០ និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​ចំនួន ២៣២៕