ភ្នំពេញៈ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ បុរស​ជន​សង្ស័យ ​២ នា​ក់​ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ​មិថុនា ​ក្រោយពី​ចាប់ខ្លួនបាន​ ៤ ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ ជាមួយ​វត្ថុតាង​គ្រឿងញៀន​ចម្រុះ​ជាង​ ៥៤ ​គីឡូក្រាម​។

លោក​ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ មិថុនាថា ​ជនសង្ស័យ​ឈ្មោះ​ប៉ាវ ជាំ​ង ភេទ ប្រុស អាយុ ៣១ ​ឆ្នាំ ជា​ជនជាតិចិន និងឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា ភេទ ប្រុស អាយុ ២៦ ​ឆ្នាំ ជា​ជនជាតិខ្មែរ​។​

លោក​ថ្លែងថា​៖ «ជនសង្ស័យ​ទាំង ​២ ​នាក់​នេះ ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​។ យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ ​(​ថ្ងៃទី​ ១៤ ​មិថុនា​)​ ដើម្បីឱ្យ​តុលាការ​ចាត់ការ​បន្តទៀត​»​។​

លោក​ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ថ្លែងថា ​ជនសង្ស័យ​ទាំង ​២ ​នាក់​នោះ ជា​អ្នកជួញដូរ​គ្រឿងញៀន​ ប៉ុន្តែលោកបដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ប្រតិបត្តិការ​នៃ​ការបង្ក្រាប​បទល្មើស​នេះ​។

យោង​តាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ចុះ​ថ្ងៃទី​ ១៤ មិថុនា ឆ្នាំ ២០២២​ បាន​សរស​រថា កាលពី​វេលា​ម៉ោង​ ១៤​ និង​ ១៥ ​នាទី ថ្ងៃទី ​១០ មិថុនា ឆ្នាំ ២០២២ សមត្ថកិច្ច ចម្រុះបាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង ​៤​ គោលដៅ​។​​ ប្រតិបត្តិការ​នេះ​គឺធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយគឺ គោលដៅ​ទី​១ ​នៅ​ចំណុច ភ្លើងស្តុប​កោសដូង ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់ ​៣ ខណ្ឌទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និងគ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន ៧ ​គីឡូ​និងជាង​ ២៦ ក្រាម​។​

គោលដៅ​ទី​២ ​គឺនៅ​ចំណុច ផ្លូវ​ ៣៤៥ ស្ថិតនៅ​ក្នុងភូមិ​ទំនប់​ទី​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ឃាត់​រថយន្ត FORD RANGER ១​ គ្រឿង ជនសង្ស័យ​ ១​ នាក់ និង​មេ​តំ​ហ្វេ​តា​មីន​ (ICE) ៣២ ​គីឡូ​ និង​ ៩៦៣​ក្រាម​, កេ​តា​មីន ​១៣ ​គីឡូ​​និងជាង​ ៨ ​ក្រាម​។

គោលដៅ​ទី​៣​សមត្ថកិច្ច​បាន ឆែកឆេរ​ផ្ទះជួលនៅ​ចំណុច ផ្លូវ​លេខ​ ២ ក្នុង​បូរី​កាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ចាប់យក​វត្ថុតាង មេ​តំ​ហ្វេ​ត​មីន ​(ICE) ជិត ៦៨៩ ​ក្រាម​។

គោលដៅ​ទី​៤ គឺ​សមត្ថកិច្ច​បាន​ឆែកឆេរ​នៅ​បន្ទប់​ជួល​លេខ​ ១៨២៥ អា​ផា​ធឺ​មែន​ប៉ា​វលី នៅ ផ្លូវ​លេខ​ ១៣៩ សង្កាត់​វាល​វង្ស ខណ្ឌ​ ៧ មករា ចាប់យក​វត្ថុតាង មេ​តំ​ហ្វេ​តា​មីន​ (ICE) ជាង ៤១៧​ក្រាម​, ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​ជាង ១៦៤​ ក្រាម​, ម្សៅ​កេ​តា​មីនជិត ២១៣ ​ក្រាម និង​ម្សៅ​មិន​ច្បាស់ ​១៩៣ ​ក្រាម​។​

ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នេះដែរ កាលពី​ថ្ងៃទី​ ១៣ មិថុនា ឆ្នាំ ២០២២ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្អាត​ប្រាក់​ជុំ​ទី​៩ និង​ជុំ​ទី​១០ និង​ទិសដៅ​ការងារ​អនុវត្ត​ លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​ការងារ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀនបាន​ថ្លែងថា ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និង​ការដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់ ​នៅតែមាន និង​មិនមាន​ការថយចុះ​ដោយ​រាប់ទាំង​ពិភពលោក និង​តំបន់​ផង​៕