ព្រៃវែងៈ​ នា​យក ​នាយ​ក​រង គណៈ​កម្មការ​គ្រប់​គ្រង​សាលា ​លោក​គ្រូ អ្នក​គ្រូ ​វិទ្យាល័យ ​ជា ស៊ីម​ រក្សជ័​យដែល​ស្ថិត​ក្នុង​ឃុំ​រក្សជ័យ ​ស្រុក​បាភ្នំ ​ខេត្ដ​ព្រៃវែង បាន​អំពា​វនាវ​ដល់​​សប្បុរសជន​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ ដើម្បីជួស​ជុល​ដំបូល​អគារ​សិក្សា​ចំនួន ៣ បន្ទប់ ខណៈ​អគារ​សិក្សា​នេះ​មាន​ស​ភាព​​​​ចាស់​ទ្រុឌ​ទ្រោម​ខ្លាំង​ពីព្រោះ​សាង​សង់​ឡើង​តាំង​ពី​ ២៥ ​ឆ្នាំ​មុន។ នេះ​បើ​តាម​លោក ឈឹម សំណាង​ នាយក​វិទ្យា​ល័យ​​។​

លោក​ ឈឹម​ សំណាង នាយក​វិទ្យា​ល័យ ជា ស៊ីម ​រក្សជ័យ​ ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​​ ពីថ្ងៃទី​ ១៤ ខែ​មិថុនា​ថា អគារ​សិក្សា​២​ខ្នង​មាន ​១០​ បន្ទប់ ​ដែល​ចាស់​ទ្រុឌ​ទ្រោម​ខ្លាំង​នេះ​ គឺបាន​សាង​សង់​ឡើង​ប្រមាណ ​២៥ ​ឆ្នាំ​ទៅ​ហើយ​តាំង​​ពី​វិទ្យា​ល័យ​នេះ​ស្ថិត​នៅ​ជា​អនុវិទ្យា​ល័យ​នៅ​ឡើយ​។​

លោក​បាន​ឱ្យដឹង​ថា អគារ​សិក្សា​២​ខ្នង​នេះ ​សាង​សង់ពីថ្ម ​ប្រក់​ដំបូល​ហ្វ៊ីប្រូស៊ីម៉ង់ត៍​ ប៉ុន្ដែ​បច្ចុប្បន្ន​ដំបូល​រងការ​ខូច​ខាត ធ្លុះ​ធ្លាយ​អស់​ស្ទើ​រទាំង​ស្រុង បង្ក​ផល​លំបាក​ដល់​ការ​សិក្សា​របស់​សិស្ស​។

លោក​ថ្លែង​ថា​៖ «ឥឡូវ​សាលា​មិនមា​ន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ជួសជុ​ល​ទេ។ អគា​រនេះ​មាន ​១០​ បន្ទប់​ ថ្មីៗនេះ​យើង​​​​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​រៃអង្គាស​ថវិកា​ជួស​ជួល​ម្ដង​ហើយ ​ប៉ុន្ដែ​ថវិកា​នោះ​យើង​ជួសជុ​ល​បាន​តែ ​៧ បន្ទប់​ ប្រក់​ដំបូល​​ស័ង្កសី។​យើង​គ្រាន់​តែជួស​ជុល​ប្រក់​ដំបូល​ស័ង្កសី​ ដើម្បី​កុំឱ្យ​សិស្ស​ទទឹក​ទឹក​ភ្លៀង​ព្រោះ​រដូវ​វស្សា​មាន​ភ្លៀង​ច្រើន​សិស្ស​លំបាក​រៀន​សូត្រ​»។

លោក​ សំណាង ​បាន​ឱ្យដឹង​ថា វិទ្យា​ល័យ​ជាស៊ីម ​រក្សជ័យ បង្រៀន​សិស្ស​កម្រិត​វិទ្យា​ល័យនិ​ង​អនុវិទ្យា​ល័យ​ ដែល​ក្នុង​ឆ្នាំ​សិក្សា​ ២០២២-​២០២៣ ​នេះ ​មាន​សិស្សស​រុប​ជិត​ ១​ ពាន់នាក់​។​ វិទ្យា​ល័យ​នេះ មាន​អគារ​សិក្សា​ចំនួន៧​ខ្នង ស្មើ​នឹង​៣០​បន្ទប់ ក្នុង​នោះ​អគារ​ចាស់​ដែល​កំពុង​ជួស​ជុល​​មាន​​២អគារ​ស្មើនឹង ​១០​ បន្ទប់។ ក្នុង​ចំណោម​ ៣០ បន្ទប់​នេះ​ គណៈ​កម្មការ​គ្រប់គ្រង​សាលា​បាន​បែង​ចែក​បន្ទប់​មួយ​ចំនួន​សម្រាប់​ធ្វើ​ជា​បណ្ណា​ល័យ​ បន្ទប់​​​កុំព្យូទ័រ​ និង​បន្ទប់​ការិ​យា​ល័យ​ផង​ដែរ​​។

តាម​សេចក្តី​អំពាវ​នាវ​របស់​នាយក​នាយក​រង​គណៈ​កម្មការ​គ្រប់គ្រងសា​លាលោក​គ្រូ-អ្ន​កគ្រូ បាន​អំពាវ​នាវ​ដល់​សប្បុរ​​សជន ​មាតា​-បិតា​សិស្ស អតីតសិ​ស្ស សហ​គមន៍ អាជ្ញាធរ​មូល​ដ្ឋាន សិស្សា​នុ​សិស្ស​ទាំង​អស់​ មេត្តា​ចូល​រួម​ថវិ​កាដើម្បី​ជួសជុ​លដំបូល​អគារសិ​ក្សាចំនួន​៣​ប​ន្ទប់​បន្ថែម​ទៀត។​

«កន្លង​ទៅ​នេះ​សាលា​រៀន​បាន​ធ្វើបុណ្យផ្កា​ប្រមូល​ថវិកា​ជួស​ជុលដំ​បូលអ​គារបាន​ចំនួន​ ៧ បន្ទប់​រួចហើយ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​នៅ​សល់​ ៣ ​បន្ទប់​ទៀត​ ដែលមិន​បាន​ជួសជុល​ដោយ​សារ​ខ្វះថវិកា​នៅស​ល់ ៣​ បន្ទ​ប់​ ដែល​មិន​ទាន់​បាន​​ជួស​ជុល​នោះ​ទ្រុឌ​ទ្រោម​ខ្លាំងណាស់​នៅ​ពេល​មាន​ភ្លៀងធ្លា​ក់ សិស្សអ​ង្គុយ រៀ​នមិនកើ​តទេ ព្រោះ​មាន​ទឹក​ស្រក់​ពី​ដំបូ​ល​អគារ»។ នេះ​បើតា​ម​សេចក្ដី​អំពាវ​នាវ​ដដែល​​។​

លោកស្រី​ អ៊ីត​ ណារ៉ាន់ គ្រូ​បង្រៀនមុខ​វិជ្ជា​ជីវវិទ្យា​ ថ្នាក់ទី​ ១១-១២ នៅ​វិទ្យា​ល័យ​ ជា ស៊ីម​ រក្សជ័យ​នេះ​ដែរ​ បាន​ឱ្យ​ដឹង​ថាអគារ​ចាស់២​ខ្នង​ដែល​កំពុង​ជួស​ជុល​នេះ​រ​ងការ​ខូច​ខាត​ទ្រុឌ​ទ្រោម​ខ្លាំងដំបូល​ហ្វ៊ីប្រូស៊ីម៉ង់​ត៍​ធ្លុះ​ធ្លាយ បង្អួច​បាក់​បែក និង​មិន​មាន​សម្ភារ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​សម្រាប់​ផ្ដល់​សុខ​ភាព​សិក្សា​ល្អ​​ដល់​សិស្ស​ទេ​​។

លោក​ស្រី​ប្រាប់​ថា​៖ «អគារ​ចាស់ ​២ ​ខ្នង​នេះ​ សាង​សង់​ឡើង​ចាប់​តាំង​ពី​បង្កើត​អនុវិទ្យា​ល័យ​ ជា ស៊ីម​រក្ស​ជ័យ​ដំបូង​ កាល​ពីជាង​ ២០​ ឆ្នាំមុន ​ដូច្នេះ​សំណង់​ផ្សេង​ៗ​បាន​ចាស់​ទ្រុឌ​ទ្រោម​អស់​ទៅហើ​យ​។ អគារ​ចាស់​នេះ​សម្រាប់​​បង្រៀន​សិស្ស​ថ្នាក់​ទី ​១០-១១»​។

លោក​ ប៉ាវ សុធីរ ប្រធាន​មន្ទីរ​អប់រំ យុវ​ជន និង​កីឡាខេត្ដ​ព្រៃ​វែងបាន​ឱ្យដឹង​ថា បច្ចុប្បន្ន​ទូទាំង​ខេត្ដ​មាន​វិទ្យា​ល័យ​​ចំនួន​ ៣២​ នៅ​តាម​បណ្ដា​ស្រុក​ទាំង​ ១៣​ នៃខេត្ដ​ព្រៃវែង ​ក្នុង​នោះ​សិស្ស​កម្រិ​ត​មធ្យម​សិក្សា​មាន​ជាង​ ៦​ ពាន់​នាក់​​។

លោក​បញ្ជាក់​ថា​៖ «ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​ទៅ​តាម​វិទ្យា​ល័យ​នីមួយៗក្នុង​ខេត្ត​ គឺក្រសួង​អប់រំ​យុវជន​និង​កីឡា​ គឺជា​អ្នក​ទម្លាក់​ថវិកា​ដោយ​ផ្ទាល់​ទៅ​វិទ្យា​ល័យ ដោយ​អនុវត្ដ​តាម​ទម្រង់ ​វិមជ្ឈ​ការ និង​វិសហ​មជ្ឈការ​»។

គួរ​បញ្ជាក់​ថា ឆ្នាំ​សិក្សា ​២០២០-​២០២១​ សិស្ស​ជាប់​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុ​តិយ​ភូមិ សរុប ​១ ៧៥​៣ នាក់ ​ក្នុងនោះ​ខេត្ដ​ព្រៃ​វែង​មាន​សិស្សជា​ប់​និទ្ទេស ​​A ចំនួន ៨៩ នាក់ ​ក្នុង​នោះសិស្សនា​រីមាន​ ៦១ នាក់​៕