ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ កំពុង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹកស្អាត​ប្រើ​ប្រាស់​នៅតំបន់​សង្កាត់​ព្រៃស​ ឱ្យបាន​រួចរាល់​ មុន​រដូវ​ប្រាំង​ឆ្នាំ​ក្រោយ ​ខណៈ​តំបន់​នេះ​មាន​ប្រជាពល​រដ្ឋ​ប្រមាណ​ជាង​ ២ ម៉ឺន​គ្រួសារ​ ប្រឈម​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់។​​​ នេះ​បើ​តាម​អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ។

លោក ​ឡុង ណារ៉ូ ​អគ្គនាយក ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​បច្ចុប្បន្នភាព​ក្នុង​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ» ​កាលពី​ថ្ងៃ​ទី ៩ ​ខែមិថុនា ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ​អ្វី​ដែល​រដ្ឋាករ​ទឹក​ស្វយ័ត​កំពុង​ប្រមើល​មើល ​និង​កំពុង​សិក្សា ​គឺ​នៅ​សង្កាត់​ព្រៃស ​ត្រង់​ចន្លោះ​ផ្លូវជាតិ​លេខ ២ ​និង​ផ្លូវជាតិ​លេខ ៣ ​ដែលជា​តំបន់​ផ្តល់​សេវា​របស់​រដ្ឋាករ​ទឹក។ តាម​ការប៉ាន់​ប្រមាណ ​ប្រហាក់​ប្រហែល​នឹង​តំបន់​កំបូល ​និង​តំបន់​ឈូកវ៉ា​២​ដែរ ​ដែល​តំបន់​នេះ​មាន​ប្រមាណ ​២-៣ ម៉ឺន​អតិថិជន ​ដែល​កំពុង​ខ្វះ​ទឹក។

លោក​ថ្លែងថា​៖ «ដូច្នេះ​ដើម្បី​ឱ្យ​តំបន់​ ដែល​ខ្វះ​សម្ពាធ​ទឹក​ឱ្យមាន​សម្ពាធ​ឡើង​វិញ​ យើង​ត្រូវ​យក​ប្រភព​ទឹក​ពី​តំបន់​ផ្សេង​មក​បញ្ចូល​នៅ​តំបន់​ដែល​ខ្វះ។ រាល់​ថ្ងៃ ​យើង​កំពុង​ធ្វើ​ការងារ​នេះ​យ៉ាង​សស្រាក់​សស្រាំ​បំផុត ​ដើម្បី​សំដៅ​ធានា​ថា ​រដូវប្រាំង​ឆ្នាំ​ក្រោយ​តំបន់​នេះ​ពលរដ្ឋ​លែង​ខ្វះ​ទឹក​ប្រើ​ប្រាស់។ ពួក​ខ្ញុំ​កំពុង​ធ្វើ​ការងារ​លើ​តំបន់​នេះ​ពី​ឥឡូវ​នេះ​ទៅ»។

បើ​តាម​លោក​អគ្គនាយក ​នារដូវ​វស្សា​នេះ ​ពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ ពី​ព្រោះ​ទឹក​ទន្លេ​កើន​ឡើង​ខ្ពស់​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​របស់​រដ្ឋាករទឹក ​អាច​បូម​ទឹក​កើនឡើង​ដល់​ជាង​ ៦ សែន​ ៥ ម៉ឺន​ម៉ែត្រ​គុប​ជា​រៀងរាល់​ថ្ងៃ។​ រដូវ​វស្សា​នេះ​ រដ្ឋាករ​ទឹក​អាច​បូមទឹក​កើនឡើង​បាន​ប្រមាណ ​៥-៦ ម៉ឺន​ម៉ែត្រគុប​ ក្នុង​ ១ ថ្ងៃ ​ដែល​ធ្វើ​ឱ្យ​សម្ពាធ​ទឹក​មាន​ការឡើង​ខ្ពស់​អាច​ផ្គត់​ផ្គង់​គ្រប់គ្រាន់។ បើ​ទឹក​ទន្លេ​កាន់​តែ​ឡើង​ខ្ពស់​ថែមទៀត ​សមត្ថភាព​ផលិត​កាន់តែ​កើនឡើង​ខ្ពស់​ថែម​ទៀត។​

លោក​បញ្ជាក់ថា​៖ «ដូច្នេះ​មាន​តែ​តំបន់​ព្រៃស​នេះ​មួយទេ​ ដែល​យើង​ត្រូវ​ធ្វើ ​ហើយ​ដែល​មាន​អតិថិជន​ប្រមាណ ​២-៣ ម៉ឺន​អតិថិជន។ យើង​កំពុង​រៀបចំ​ដំណើរការ​សកម្មភាព​ធ្វើ​ការងារ ​(Advance Action) ​ពី​ឥឡូវ​ទៅ​ហើយ ​ដើម្បី​ពិនិត្យ​មើល​ទី​តាំង​ដែល​ខ្វះខាត​ទឹក»។​

លោក​ ឡុង ណារ៉ូ ​ឱ្យដឹងថា ​បច្ចុប្បន្ន​ រដ្ឋាករ​ទឹក ​មាន​បច្ចេកវិទ្យា​ថ្មី ​ហៅថា ​Water Calibration។ បច្ចេក​វិទ្យា​នេះ​អាច​យក​សម្ពាធ​នៃ​ការប្រើ​ប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នានា ​ដែល​មាន​បច្ចុប្បន្ន​ ដាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​​​ ហើយ​​ប្រព័ន្ធ​កុំព្យូទ័រ​នឹង​គណនា​ឃើញ​តំបន់​ណា​ដែល​មាន​សម្ពាធ​ទឹកខ្សោយ​ ឬ​ខ្វះទឹក​សម្រាប់​ធ្វើ​ការដោះ​ស្រាយ។

លោក​ ខាត់ សុខៃ ​ចៅសង្កាត់​ព្រៃស ​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី ១៣ ​មិថុនាថា ​សង្កាត់​ព្រៃស​មាន​ភូមិ​ចំនួន ​១២ ​និង​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ​៤ ពាន់​គ្រួសារ​ ក្នុងនោះ​មាន​ពលរដ្ឋ​ប្រមាណ​២០ គ្រួសារ​ ដែល​ជា​អ្នក​មក​រស់នៅ​ថ្មី​មិនទាន់​បាន​តបណ្ដាញ​ទឹក​ស្អាត​ប្រើ​ប្រាស់​រួច​រាល់​នោះ​ទេ។

លោក​បានឱ្យដឹង​ថា ​ប្រជាពលដ្ឋ​នៅ​តំបន់​សង្កាត់​ព្រៃស ​បាន​តបណ្ដាញ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​រួច​រាល់​គ្រប់​ភូមិ ​តាំងពី​ឆ្នាំ​២០២០។

លោក​បញ្ជាក់ថា​៖ «ទឹក​នៅពេល​យប់​បានចេញ​គ្រាន់​បើ​បន្តិច ​នៅ​ពេល​ថ្ងៃ​ទឹក​ចេញ​ខ្សោយ។ភូមិ​មួយ​ចំនួន​ប្រើ​ស្ទើតែ​មិន​កើត​ ទាល់​តែ​យប់​បាន​មានទឹក​ប្រើ»។

លោក​ សុខៃ ​បង្ហាញ​ការសប្បាយ​ចិត្ដ ​ក្រោយ​ឮ​ដំណឹង​ថា ​រដ្ឋាករ​ទឹក​កំពុង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​នៅ​តំបន់​សង្កាត់​ព្រៃ​ស​នេះ ​ដោយ​សង្ឃឹមថា ​រដូវ​ប្រាំង​ឆ្នាំ​ក្រោយ ​នឹង​លែង​ខ្វះខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​ទៀត៕