ភ្នំពេញៈ មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ​ ១ រូប​ ដែល​បើក​ម៉ូតូ​បរទាំង​ស្រវឹងស្រា​ ត្រូវបាន​​នគរបាល​ការិយាល័យ​ចរាចរ​ណ៍​​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើការ​ពិន័យ​ដោយផ្អាក​​ពី​ការងារ​ចំនួន ៣ ខែ។ នេះ​បើតាម​គេហទំព័រ​​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ។

យោងតាម​គេហទំព័រ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​ក្នុង​ផេ​ក​របស់ខ្លួន​ នៅ​ថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២២ ថា បន្ទាប់ពី​បានឃើញ​ការចុះ​ផ្ស​ព្វ​​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក ទាក់ទង​ទៅនឹង​មន្ត្រីនគរបាល​ចរាចរ​ណ៍​មួយរូប នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹងរេ​ពេញ​ផ្លូវ ហើយ​បានធ្វើឱ្យ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​មន្ត្រីនគរ​បាល​ជាតិ។

ប៉ុន្តែ​ទង្វើ​នេះ ​គឺជា​ទង្វើ​របស់​បុគ្គល ដែល​មន្ត្រី​រូបនេះ​មិន​អនុវត្ត​តាម​បទបញ្ជា ក៏ដូចជា​វិន័យ​របស់​កងកម្លាំង ជាពិសេស​ក្នុងនាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់។

គេហទំព័រ​បន្តថា៖ «ដូច្នេះ​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​គោល​ការដឹកនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ​២០២២ ការិយា​ល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​មន្ត្រី​រូបនេះ ឱ្យ​ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ ធ្វើ​កិច្ចសន្យា»។

គេ​ទំព័រ​ដដែល​បញ្ជាក់​ថា៖ «អនុវត្ត​វិន័យ​កងកម្លាំង ដោយ​សម្រេច​ចេញ​លិខិត​ព្រមាន​ដោយ​ផ្អាក​ការងារ និង​ដក​បញ្ឈរ​ជើង​រយៈពេល​ ០៣ ខែ ហើយ​ត្រូវ​បង្ហាញ​មុខ​ នៅ​ការិយា​ល័យ​បុគ្គលិក​ជា​រៀល​រាល់ថ្ងៃ»។

បើតាម​គេហទំព័រ គឺ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ ​ដល់​ប្រជាពលរដ្ឋ​ដែល​បានផ្តល់​ជា​ព័ត៌មាន ក៏ដូចជា​រូបភាព​ទាក់ទង​បញ្ហា​នេះ។ ជាមួយ​គ្នានេះ ស្នង​ការដ្ឋាន​នគរបាល ​រាជធានី​ភ្នំ​ពេញ រីករាយ​នឹង​ទទួល​នូវ​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា៕