ភ្នំពេញៈ គិត​តាំង​ពី​ឆ្នាំ ២០០១ មក​ដល់​បច្ចុប្បន្ន សិស្ស​ជាង ១ ៧០០ ​នាក់ នៅ​​វិទ្យា​ល័យ​អប់រំ​ពិសេស​ទាំង ៥ បាន​ទទួល​ឧបករណ៍​ជំនួយ​ការស្តាប់​ ពី​បេសក​កម្ម​របស់​លោក ហ្សង់ប៉ូល (Jean Paul Beraha) ដែល​ជា​ស្ថាបនិក ESC (Enfants Sourds du Cambodge) ដែល​តែងតែ​មក​ពិនិត្យ​សុខ​ភាព​ត្រចៀក​ និង​ផ្តល់​ឧបករណ៍​ជំនួយ​ការស្តាប់​ ​ដល់​កុមារ​ថ្លង់ និង​ខ្សោយ​ការស្តាប់​នៅ​កម្ពុជា​។

ថ្មីៗ​នេះ លោក ហ្សង់​ប៉ូល បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ​ពី​ប្រទេស​បា​រាំង មក​បន្ត​សកម្ម​ភាព​​សប្បុរស​ធម៌​របស់​ខ្លួន​ជា​លើក​ទី ៣៨ ដល់​កុមារគ ថ្លង់​​។

លោក ម៉ែន សុវណ្ណ ជា​នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ច្បារ​អំពៅ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៨ និង​បច្ចុ​ប្បន្ន​មាន​សិស្ស​សរុប ១២១ នាក់ ​កំពុង​រៀន បាន​បង្ហាញពី​ទឹកចិត្ត​រីករាយ​ ដែល​បន្ត​​ទទួល​បាន​ជំនួយ​។

លោក​សុវណ្ណ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «សម្រាប់​ខ្ញុំ​វា​ជា​រឿង​ល្អ​ណាស់​ ព្រោះ​ក្មេងៗ​អាច​ស្ដាប់​សំឡេង​បាន ព្រោះបើ​ក្មេង​មាន​បញ្ហា​ត្រចៀក​មិន​ក្បែរ​ធ្ងន់​ គាត់​អាច​ឮសឡេង​ឡាន ម៉ូតូ​ស៊ីផ្លេ​ពេល​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ ដែល​នេះ​ជា​គុណ​ប្រយោជន៍​ដ៏​សំខាន់​មួយ​»។

លោក ឯម ច័ន្ទមករា រដ្ឋ​លេខា​ធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ សម្បទា និង​ជា​អគ្គ​លេខា​ធិការ ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជនពិការ​ បាន​លើក​ឡើងថា​៖ «យើង​អរគុណ​គាត់ ដែល​បាន​យក​សម្ភារ​ទាំងអស់​ហ្នឹង​ មក​ជួយ​ដល់​បងប្អូន​ ដែល​មាន​ពិការភាព​ ជាពិសេស​អ្នក​គរថ្លង់​នៅ​កម្ពុជា​យើង​។ យើង​ចាត់​ទុក​ថា​ កាយវិការ​នៃ​ការជួយ​ជា​អំណោយ​សប្បុរសធម៌​ក្តី​ជា​បច្ចេក​ទេស​ក្ដី គឺ​បាន​ចំណេញ​ទៅ​ដល់​ផលប្រយោជន៍​របស់​បងប្អូន​ ដែល​មាន​ពិការភាព​នៅ​កម្ពុជា​យើង​។ យើង​លើក​ទឹកចិត្ត​ឱ្យ​សប្បុរស​ជន​ដទៃ​ ក៏​ដូចជា​គាត់​នៅតែ​បន្ត​កិច្ចការ​នេះ»។

លោក ហ្សង់ប៉ូល បាន​រំឭក​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ ​តាម​រយៈការសរសេរ​ឆ្លើយ​តប​​ អំពី​រឿងរ៉ាវ និង​គំនិត​បំផុស​ការ​ដែល​នាំ​ឱ្យ​លោក​បង្កើត អង្គការ ESC ថា​ គឺ​វា​កើតឡើង​បន្ទាប់ពី​ជំនួប​នៅ​ប្រទេស​បារាំង​រវាង​លោក និង​ស្ថាបនិក​នៃអង្គការ​គ្រួសារ​ថ្មី លោក បេនីតូ (Benoit Duchateau-Arminjon) ។

លោក បេនីតូ បាន​បង្កើត​សាលា​ឯកទេស​ទី​១ សម្រាប់​ពិការភាព​ភ្នែក​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៤ និង ឆ្នាំ ១៩៩៩ គាត់​បាន​បង្កើត​សាលា​ទី​១ សម្រាប់​កុមារ​គ​ថ្លង់​។

លោក ហ្សង់ប៉ូល បន្ថែម​ថា​៖ «យើង​ក៏​ចង់​ចូលរូម​ចំណែក​ជួយ ហើយ​នៅ​ ខែកក្កដា ឆ្នាំ ​២០០១ ក្រុម​ដំបូង​របស់​អ្នក​ជំនាញ​ផ្នែក​សោតទស្សន៍​បារាំង​ បាន​ទៅ​ខេត្ត​សៀមរាប រាជធានី​ភ្នំពេញ និង​បាត់ដំបង ជា​កន្លែង​ដែល​យើង​អាច​ផ្តល់​សេវា​ថែទាំ​ការស្តាប់​ដល់​សិស្ស​គ​ថ្លង់​។ បន្ទាប់មក​នៅខែ​មីនា ឆ្នាំ​ ២០០២ យើង​បាន​ត្រឡប់​មក​វិញ​សម្រាប់​បេសកកម្ម​លើក​ទី​២​។ ​យើង​ក៏​បន្ត​បេសក​កម្ម​រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​មក​ក្នុង ​១ ​ឆ្នាំ ២​ ដង​»។

និយាយ​អំពី​ដំណើរការ​សកម្មភាព​នៃ​បេសកកម្ម​នេះ​ផង​ដែរ លោក នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ច្បារអំពៅ បាន​ឱ្យ​ដឹង​ដែរ​ថា មុន​នឹង​ធ្វើការ​ប្រគល់​ជូន​មួយៗ​ គឺ​តែងតែ​មាន​ការត្រួត​ពិនិត្យ ពី​កម្រិត​ត្រចៀក​របស់​សិស្ស​ឱ្យ​បាន​ច្បាស់​លាស់​។

មុន​ដំបូង ខាង​សាលា ​បាន​សហការ​ជាមួយ​គ្រូ​ពេទ្យ​ត្រចៀក​គៀន​ឃ្លាំង ឱ្យ​មក​សម្អាត​អាចម៍​ត្រចៀក​សិស្ស ឬ​ ​បញ្ហា​ផ្សេងៗ​។ បន្ទាប់​ពីពិនិត្យ​ហើយ​ មាន​មួយ​ក្រុម​ទៀត​វាស់​មើល​ថា​ការ​បាត់​បង់​ការស្ដាប់​របស់​សិស្ស​កម្រិត​ណា។

បន្ទាប់ពី​នោះ ​បាន​បន្ត​ឱ្យ​ក្រុម លោក​ហ្សង់ប៉ូល ពិនិត្យ​ម្ដង​ទៀត និង​សម្រេច​ថា​ សិស្ស​ម្នាក់​នោះ ​អាច​ទទួល​បាន​ឧបករណ៍​ឬ​មិនបាន​។ ព្រោះ​បើ​បាត់បង់​ធ្ងន់​ធ្ងរ បើទោះ​ជា​ប្រើ​ឧបករណ៍​ជំនួយ​ការស្ដាប់​យ៉ាង​ណា​ ក៏​មិន​អាច​ឮ​បាន​ដែរ​។

មក​ដល់​ចំនុច​នេះ លោក ហ្សង់ប៉ូល បាន​បញ្ជាក់​​ថា​ ឧបករណ៍​ជំនួយ​ការស្ដាប់​នេះ​អាច​ជួយ​ក្មេង​ដែល​បាត់បង់​ការស្ដាប់​ លើស​ពី​កម្រិត ១០០ ដេកា​ប៊ែល​។

លោក ក៏​បាន​ប្រាប់​ពីអ្វី​ដែល​ឧបករណ៍​ជំនួយ​ការស្ដាប់​ នឹង​អាច​ជួយ​ដល់​សិស្ស​គថ្លង់​ថា​៖ «ឧបករណ៍​នេះ​ អាច​ឱ្យ​សិស្ស​ដែល​ថ្លង់​ខ្លាំង​ អាច​ស្តាប់​ឮ​សំឡេង​បរិស្ថាន ដែល​មាន​សារៈសំខាន់​សម្រាប់​សុវត្ថិភាព និង​សុខុមាល​ភាព​របស់​ពួកគេ​»។ សិស្ស​ដែល​មាន​ការ​បាត់បង់​ការស្តាប់​ធ្ងន់ធ្ងរ ឬ​មធ្យម អាច​ស្តាប់​ឮ​សំឡេង​និយាយ ហើយ​អាច​ឱ្យ​ពួកគេ​រៀន​ពី​របៀប​និយាយ ដោយ​មាន​ជំនួយ​ពី​អ្នក​ព្យាបាល​ការនិយាយ​។ អ្នក​ជំនាញ​ទាំង​នេះ ​បង្រៀន​អ្នក​ខ្សោយ​ការស្តាប់​អំពី​របៀប​កំណត់​សំឡេង​ នៃ​ការ​និយាយ និង​របៀប​បញ្ចេញ​សំឡេង​នៃ​ការ​និយាយ​។

ក្រៅពី​ផ្ដល់​ឧបករណ៍​ជំនួយ​ក្នុង​ការស្ដាប់ លោក សុវណ្ណ បាន​ឱ្យ​ដឹង​ដែរ​ថា គ្រប់​សាលា​ទាំង​អស់​ក៏​មាន​គ្រូ​ជំនាញ​មួយៗ ដែល​បារាំង​បាន​បណ្ដុះ​បណ្ដាល​ឱ្យ​ចេះ​ជួសជុល​ឧបករណ៍​ ​ពេល​មាន​បញ្ហា​។ តែ​បើ​ម៉ាស៊ីន​ណា​ ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ ទើប​ទុក​ឱ្យ​គាត់​មក​ផ្ដល់​ជូន​ថ្មី ឬ​ជួសជុល​ឱ្យ ព្រោះ​ លោក​ហ្សង់ប៉ូល បាន​នាំ​ក្រុម​ការ​ងារ​មក​កម្ពុជា​១​ឆ្នាំ ២​ដង​។

ប៉ុន្តែលោក ហ្សង់ប៉ូល បាន​បញ្ជាក់​ថា ឧបករណ៍​នេះ ​នឹង​មាន​ប្រសិទ្ធ​​ភាព​ច្រើន​ជាង ៤​ឆ្នាំ បើសិន​ជា​មាន​ការថែរក្សា​ទុកដាក់​បាន​ត្រឹមត្រូវ​។

លោកបាន​ឱ្យ​ដឹង​ដែរ​ថា កន្លងមក​លោក បាន​ផ្តល់​ឧប​ករណ៍​ជំនួយ​ការស្តាប់​ឌីជីថល​ទំនើបៗ​រាប់​ពាន់​គ្រឿង​។

លោកថា​៖ «ក្នុង​អំឡុង​ពេល​បេសកកម្ម​ម្ដងៗ យើង​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ជំនួយ​ការស្តាប់​ប្រហែល​ ៥០០ នៅក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​ចំនួន ៥ នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​មាន ភ្នំពេញ​ថ្មី ច្បារ​អំពៅ កំពង់ចាម សៀម​រាប និង​បាត់ដំបង​»។

លោកបន្ថែម​ថា​៖ «កន្លង​មក សិស្ស​ជាង ១ ៧០០ នាក់ ​ត្រូវបាន​ពួកយើង​ផ្ដល់​ការបំពាក់​ដោយ​ឧបករ​ណ៍​ជំនួយ​ការស្តាប់​ ហើយ​យើង​បាន​នៅតែ​បន្ត​តាមដាន​ពួកគាត់ ចាប់ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី១២ និង​សាកល​វិទ្យា​ល័យ រហូត​ដល់​ពួក​គាត់​មាន​ការងារ​ធ្វើ​ទៀត​»។

លោក​ទទួលបាន​ការ​បិរច្ចាក​ដូចជា​ពី ក្រុមហ៊ុន Amplifon ដែល​ជា​អ្នកដឹកនាំ​សកល​ក្នុង​ការ​ថែទាំ​សុខភាព​សោត​ទស្សន៍ និង​បុគ្គល​ឯកជន​ជាច្រើន​រយ​នាក់​ទៀត​។

លោកបាន​ប្រាប់ពី​ទស្សន​វិស័យ ​បេសក​កម្ម​របស់​លោក ថា​៖ «យើង​នឹង​ផ្តល់​ការថែទាំ​ការ​ស្តាប់​ដល់​កុមារ​កម្ពុជា ដរាប​ណា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កម្ពុជា​ ត្រូវការ​ជំនួយ​របស់​យើង​។ យើង​ក៏បាន​ចូលរួម​ក្នុង​ការ​បណ្តុះ​បណ្តាល និង​បង្រៀន​គ្រូ​បង្រៀន អ្នក​ព្យាបាល​ការ​​និយាយ និង​អ្នក​បច្ចេក​ទេស​តាមរយៈ វិទ្យា​ស្ថាន​ជាតិ​អប់រំ​ពិសេស (NISE) ផង​ដែរ»។

លោក ឯម ច័ន្ទ​មករា ក៏​បាន​ឱ្យ​ដឹង​ដែរថា កន្លង​មក​រដ្ឋាភិបាល ក៏​បាន​បំពេញ​តួនាទី និង​ជួយ​ជ្រោម​ជ្រែង ជន​មាន​ពិការ​ភាព និង​អង្គការ​ជាច្រើន ហើយ​ក៏​នឹង​នៅតែ​បន្ត​ការយកចិត្ត​ទុក​ដាក់​ដល់​ពួកគាត់​។

លោកបញ្ជាក់​បន្ថែម​ថា​៖ «រដ្ឋា​ភិបាល​បាន​យក អង្គការ​គ្រួសារ​ថ្មី កម្លាយ​ជា​វិទ្យាស្ថាន​វិទ្យា​ល័យ​អប់រំ​ពិសេស ហើយ​បញ្ចូល​ឱ្យ​ទៅ​ជា​សាលារៀន​របស់​រដ្ឋ​ហើយ​។ គ្រូ​ដែល​បាន​បង្រៀន​ប្អូនៗ​ទាំងអស់​ហ្នឹង ក៏​បាន​ផ្ដល់​ក្របខណ្ឌ​ពិសេស សម្រាប់​ពួកគាត់​​ក្លាយ​ជា​បុគ្គលិក​សិក្សា​ធិការ​នៃ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​»។

លោកបន្ថែម​ថា៖ «ក្រៅ​ពី​នេះ​ រដ្ឋាភិបាល​នៅ​បន្ត​ការជួយ​ឧបត្ថម្ភ​ទៅលើ ការបង់​ថ្លៃ​ទឹក ​ថ្លៃ​ភ្លើង របស់​វិទ្យាល័យ​ច្បារអំពៅ​ក្ដី ឬ​ក៏​អង្គការ​គ្រួសារ​ថ្មី លើ​ថ្លៃ​រដ្ឋបាល​ទូទៅ ឬ​ប្រាក់​បៀវត្ស​របស់​គ្រូ​បង្រៀន​នៅ​ទីនោះ​។ សម្ភារ​ក៏​ត្រូវ​បាន ក្រសួង​អប់រំ​ថែម ដូចជា​ម៉ាស៊ីន​អក្សរ​ប្រ៊ែល បំពាក់​បន្ថែម​សម្រាប់​អ្នក​ពិការ​ភ្នែក និង​មាន​ឧបករណ៍​ជំនួយ​ផ្សេងៗ​ទៀត​ សម្រាប់​អ្នក​ពិការ​គថ្លង់​»៕