ភ្នំពេញៈ អស់​រយៈពេល​ ២ ​ឆ្នាំ​មកហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែលជា​កម្មវិធី​ជំនួយ​សង្គម​។

តាមរយៈ​កម្មវិធី​ដែល​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៦៨​ លាន​ដុល្លារ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​សរុប​ជាង ​២,៧ ​លាន​នាក់​នៃ​គ្រួសារ​សរុប​ជាង​ ៦៨ ​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​។

បើ​គិត​ត្រឹម​ថ្ងៃទី​ ២៤ ឧសភា ឆ្នាំ ​២០២២ រដ្ឋាភិបាល​បាន​បន្ត​​បើកប្រាក់​ដល់​ជន​ងាយ​រងគ្រោះ​​សម្រាប់​ជុំ​ទី​ ៩ លើក​ទី​ ២ ដែល​សរុប​មាន​ពលរដ្ឋ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ២៣ ​លើក​។

ក្នុង​ស្ថានភាព​ឱនភាព​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយសារ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​រុញច្រាន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅក្នុង​ភាពក្រីក្រ​បន្ថែមទៀត​។ ប៉ុន្តែ​​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ពលរដ្ឋ​អាច​បន្ត​រស់រាន​មានជីវិត​ និង​វិលត្រឡប់​ទៅ​ប្រកបរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​​ជា​ប្រក្រតី​ឡើងវិញ​គួបផ្សំ​ជាមួយ​ការដាក់ចេញ​នូវ​វិធានការ​របស់​រដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​ដែលមាន​ប្រសិទ្ធភាព​។

ពលរដ្ឋ​ងាយ​រងគ្រោះ​ជាពិសេស​​គ្រួសារ​ដែល​បាន​បណ្ណ​ក្រីក្រ​ទាំង​មុន​កូវីដ និង​ក្នុងអំឡុង​មាន​​វិបត្តិ​កូវីដ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ដែល​បាន​យក​ចិត្ត​ទុកដាក់​គិតគូរ​ដោយ​មិន​បណ្តោយ​ឱ្យ​នរណាម្នាក់​ស្លាប់​ដោយសារ​ស្រេកឃ្លាន​។

អ្នកស្រី ភួង រតនា រស់នៅ​ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់អង្រែ​លើ ខណ្ឌ​មានជ័យ បាន​ថ្លែងថា អ្នកស្រី​ទទួល​បាន​បណ្ណ​ក្រីក្រ​អំឡុងពេល​រីក​រាលដាល​ជំងឺ​​កូវីដ​ ១៩ ជាង​ ១ ​ឆ្នាំ​មកហើយ​​ដោយ​ក្នុង​គ្រួសារ​អ្នកស្រី​ទទួលបាន ​៣០​ ម៉ឺន​រៀល​ក្នុង​ ១​ ខែ​។

អ្នកស្រី​ថា​៖ «​គ្រួសារ​ខ្ញុំ​មាន​​សមាជិក​ច្រើន​ទទួល​បាន​ ៣០​ ម៉ឺន​រៀល ឪពុក​ខ្ញុំ​ពិការ ប្តី​ខ្ញុំ​ធ្វើ​សំណង់ ហើយ​ខ្ញុំ​នៅ​មើល​ថែកូន​»​។ ក្រៅពីនេះ​អ្នកស្រី​ រតនា​ ក៏​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ដោយឡែក​នៅពេល​ពពោះ​កូន​ក្នុង​អំឡុងពេល​មាន​កូវីដ​ថែម​ទៀតផង​ដែរ​។

អ្នកស្រី​បន្តថា​៖ «​ពេល​ខ្ញុំ​ទម្ងន់​ទៅ​ពេទ្យ​ម្តង​បាន​ ៤ ​ម៉ឺន​រៀល​​រហូត​ដល់​ពេល​ទៅ​ឆ្លង​ទន្លេ​​បាន​លុយ​ ២០ ​ម៉ឺន​រៀល និង​បាន​លុយ​ធ្វើដំណើរ ហើយ​បន្ទាប់ពី​សម្រាល​កូន​ហើយ ខ្ញុំ​នាំ​កូន​ទៅ​ចាក់​ថ្នាំ បាន​ម្តង​ ៤​ ម៉ឺន​រៀល​»​។

អ្នកស្រី​បាន​ថ្លែង​ទាំង​ទឹកភ្នែក​​រលីងរលោង​អួលដើមក​ និង​បាន​បញ្ចេញ​អារម្មណ៍​ក្តុកក្តួល​​អរគុណ​ដល់​រដ្ឋាភិបាល​ថា ការផ្តល់​ជំនួយ​នេះ​ពិតជា​បាន​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​អ្នកស្រី​លើ​ការចំណាយ ទឹក ភ្លើង និង​ទិញ​ម្ហូបអាហារ​ប្រចាំថ្ងៃ​។

ជាមួយ​គ្នា​នេះដែរ អ្នកស្រី ចែម អន ដែល​រស់នៅក្នុង​សហគមន៍ ព្រែក​តាគង់ ភូមិ​ព្រែក​តាគង់ សង្កាត់​​ចាក់អង្រែលើ ខណ្ឌ​មានជ័យ បាន​ថ្លែង​ដែរ​ថា សម្រាប់​សហគមន៍​នេះ​មាន​ពលរដ្ឋ​រស់នៅ​ចំនួន​ ៤៩៦ ​គ្រួសារ ក្នុងនោះ​អ្នកទទួល​បាន​បណ្ណ​ក្រីក្រ​ប្រមាណ​ ៥០ ​គ្រួសារ​។

អ្នកស្រី​បាន​ឱ្យដឹងថា ពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​គឺ​ភាគច្រើន​មាន​ជីវភាព​ខ្វះខាត ប្រឈម​នឹង​ការអត់ឃ្លាន ប៉ុន្តែ​ដោយសារ​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ជាពិសេស​ក្នុង​​អំឡុង​ពេល​បិទ​ខ្ទប់ គឺ​បាន​ជួយ​សម្រាល​បន្ទុក​ពួកគេ​បាន​មួយ​កម្រិត​ថែមទៀត​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ដូច្នេះ​ពលរដ្ឋ​មិនសូវ​ជួប​ការលំបាក​ខ្លាំង​ ឬ​ខ្វះខាត​ច្រើន​ប៉ុន្មាន​ដែរ​ ដោយសារ​រាជរដ្ឋាភិបាល​បាន​ជួយ​ជ្រោមជ្រែង​។ ​គ្រួសារ​ខ្លះ​សមាជិក​ច្រើន​បាន​រហូត​ដល់​ ៣០ ​ម៉ឺន​រៀល បន្ថែម​ពីនេះ​អ្នក​អត់​មាន​បណ្ណ​ក្រីក្រ ខាង​ចៅសង្កាត់ គាត់​ចុះមក​ជួយ​ដោះស្រាយ​ជីវភាព​​ខ្វះខាត អត់​ឱ្យ​ប្រជាជន​ដេកស្លាប់​ទេ​»​។ ជាមួយ​គ្នា​នេះដែរ អ្នកស្រី​សំណូមពរ​ចង់​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​ផ្តល់នូវ​ការឧបត្ថម្ភ​សាច់ប្រាក់​យ៉ាង​ហោចណាស់​ ១ ​ឆ្នាំ​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​លទ្ធភាព​វិល​ទៅរក​ភាពប្រក្រតី​វិញ​។

លោក ឈួរ សុបញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម និង​ជា​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ និង​បាន​ឆ្លើយតប​ទាន់​ពេលវេលា​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ផង និង​អ្នកស្លាប់​ដោយសារ​កូវីដ​ផង​។

លោក​បាន​ថ្លែងថា​៖ «​រដ្ឋាភិបាល​កំពុងតែ​អនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ដោយ​ទទួល​បាន​ជោគជ័យ ដែល​រដ្ឋាភិបាល​ចំណាយ​រហូតដល់​ជាង​ ៦៨ ​លាន​ដុល្លារ​ដែល​បាន​អនុវត្ត​​ជុំ​ទី​ ៩ លើក​ទី​ ២ ​ដែល​គឺជា​ការគិតគូរ​របស់​រដ្ឋាភិបាល​»​។

លោក​បញ្ជាក់ថា មក​ដល់​ម៉ោង​នេះ បញ្ហា​ក្រីក្រ​ត្រូវ​បាន​ដោះស្រាយ ដោយ​ការផ្ទេរ​សាច់ប្រាក់​តាមរយៈ​ការធ្វើ​បណ្ណ​ក្រីក្រ​ទៅតាម​ការស្នើសុំ​ និង​កម្មវិធី​ជួយ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ថែម​ទៀតផង​។

លោក​ថា​៖ «​បើ​កាលពីមុន​ ៣ ​ឆ្នាំ​ម្តង​ទើប​ស្នើសុំ​បណ្ណ​ក្រីក្រ​បាន ប៉ុន្តែ​ក្នុង​អំឡុង​កូវីដ​ ១៩ ​យើង​បាន​កែសម្រួល​វិធីសាស្ត្រ​ក្នុង​ការស្នើសុំ​យ៉ាងយូរ​បំផុត​ ២​ សប្តាហ៍​ទៅ​ ១ ​ខែ​។ មួយវិញទៀត អំឡុងពេល​បិទខ្ទប់​យើង​ក៏មាន​កម្មវិធី​ជួយ​គ្រួសារ​ក្រីក្រ​​ជួយ​ដល់​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ អ្នកស្លាប់​ដោយសារ​កូវីដ ក៏​រដ្ឋាភិបាល​ជួយ​ដែរ អ៊ីចឹង​បញ្ហា​នេះ គឺ​រដ្ឋាភិបាល​បាន​ជួយ​គ្រប់គ្រាន់​ហើយ​»​។

លោក ថេង បញ្ញាធន ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួង​ផែនការ​បាន​ឱ្យដឹងថា មុនពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ពលរដ្ឋ​កម្ពុជា​រស់នៅក្នុង​ភាពក្រីក្រ​មាន​ប្រមាណ​តែ​ ២,៣ ​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ​ក្នុង​រង្វង់​ប្រមាណ​ ២,៨ ​លាន​នាក់​។

ចៅសង្កាត់​ស្វាយប៉ាក​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​លោកស្រី ជុំ សារ៉ុម បាន​ថ្លែង​ថា ក្នុងអំឡុង​កូវីដ​ ១៩ រីករាលដាល​ខ្លាំង មន្ត្រី​មូលដ្ឋាន​នៅ​សង្កាត់​ស្វាយប៉ាក​បាន​ចុះទៅ​សង្កេត និង​ពិនិត្យ​វាយតម្លៃ​ជាក់ស្តែង​តាម​គ្រួសារ​នីមួយៗ​ ​ដើម្បី​ទទួលបាន​បណ្ណ​ក្រីក្រ​​ឈាន​ទៅ​ទទួល​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រដ្ឋាភិបាល​។

លោកស្រី​ថា​៖ «​យើង​ចុះ​អង្កេត​ដោយ​គិតពី​ធនធាន​ប្រជាពលរដ្ឋ​ ដើម្បី​រាប់បញ្ចូល​ទៅក្នុង​ពលរដ្ឋ​ក្រ ​១ ក្រ​ ២ និង​ក្រ​ ៣ ប៉ុន្តែ​ភាគច្រើន​ទទួល​បានតែ​ក្រ​ ១ ​និង​ក្រ​ ២ ​ទេ ព្រោះ​ក្រ ​៣ គឺ​បានន័យថា គាត់​មាន​ជីវភាព​សមរម្យ​ហើយ​»​។

ចំណែក​លោក សុំ រតនៈ រស់នៅ​ខេត្ត​តាកែវ​ក៏បាន​លើកឡើង​ដែរ​ថា​៖ «​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គឺ​ល្អ​មែនទែន ព្រោះ​អំឡុងពេល​បិទខ្ទប់​យើង​មិនបាន​ប្រកបរបរ​រកស៊ី​មិនមាន​លុយ កាក់​អី​ទេ ជួប​ការខ្វះខាត​ច្រើន អ៊ីចឹង​ការផ្តល់​ថវិកា​ពី​រដ្ឋាភិបាល​គឺ​អាច​ជួយ​យើង​ដោះស្រាយ​​ជីវភាព​មួយរយៈ ហើយ​ខ្ញុំ​អរគុណ​មែនទែន​ដល់​រដ្ឋាភិបាល​កម្ពុជា​»​។

លោកប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​​បាន​សាទរ​ចំពោះ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ដែល​ប្រឈមមុខ​ខ្លាំង​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ និង​បាន​បន្ត​សុពលភាព​ជា​បន្តបន្ទាប់​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ជា​ចំណាត់ការ​ល្អ​ក្នុង​ការជួយ​ដល់​ពួកគាត់​ ដើម្បី​ឱ្យ​គាត់​​បន្ត​រស់រាន​មាន​ជីវិត និង​មានលទ្ធភាព​ប្រកប​កិច្ចការងារ​ក្នុង​ការដោះស្រាយ​ជីវភាព​ខ្លួនឯង​»​។

ទោះជា​យ៉ាងណា​លោក​សំណូមពរ​សូមឱ្យ​ការជួយ​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ធ្វើឡើង​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​មាន​សមធម៌ ជាពិសេស​កុំឱ្យ​មានការ​រើសអើង​។

ទន្ទឹមនឹង​នេះដែរ ក្រសួង​សង្គមកិច្ច​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​តាម​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មានវិទ្យា​ដែល​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​ពីថ្ងៃ​ទី ​៧ មិថុនា ២០២២ តទៅ​។

ក្រសួង​បាន​ឱ្យដឹងថា ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​លើកកម្ពស់​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព​ក្នុង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ជាពិសេស​ជួយ​សម្រួល​មន្ត្រី​គ្រប់គ្រង​កម្មវិធី​ និង​អនុវត្ត​កម្មវិធី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ប្រមូល​ទិន្នន័យ បញ្ចូល​ទិន្នន័យ ពិនិត្យមើល​ទិន្នន័យ និង​បញ្ចេញ​របាយការណ៍​ទិន្នន័យ​បាន​លឿន​រហ័ស​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ពិចារណា​ និង​សម្រេចចិត្ត​កែសម្រួល​យុទ្ធសាស្ត្រ​ និង​ឆ្លើយតប​បញ្ហា​នានា​ឱ្យបាន​ទាន់​ពេលវេលា​៕