ភ្នំពេញៈ ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន និង​អ្នកគាំទ្រ​បក្ស​នេះ​ជាច្រើនរូប រួមទាំង​កញ្ញា​ សេង ធារី ដែល​កាន់​សញ្ជាតិ​អាមេរិក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ​មិថុនា សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ៥ ទៅ ៨ ឆ្នាំ ក្រោម​បទ​ចោទ “​រួមគំនិត​ក្បត់ និង​ញុះញង់​បង្កឱ្យ​មាន​អសន្តិសុខ​សង្គម​។

ក្រោយ​ការប្រកាស​សាលក្រម សមត្ថកិច្ច​បាន​ចាប់ខ្លួន​កញ្ញា សេង ធារី ដែលជា​អ្នកច្បាប់ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​បញ្ជូន​ទៅ​ពន្ធនាគារ​ភ្លាមៗ​តាម​អំណាច​សាលក្រម ដែល​បាន​កាត់ទោស​កញ្ញា​ដាក់​ពន្ធនាគារ ៦ ឆ្នាំ ពីបទ “​រួមគំនិត​ក្បត់​”​។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី និង​ថ្នាក់ដឹកនាំ​រួមទាំង​សកម្មជន អតីត​បក្ស​សង្គ្រោះ​ជាតិ​រាប់សិប​នាក់​ផ្សេង​ទៀត​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ស្តាប់​សវនាការ​ប្រកាស​សាលក្រម​ថា តុលាការ​បាន​ផ្តន្ទាទោស​កញ្ញា សេង ធារី និង​មនុស្ស ៤ ​នាក់​ផ្សេងទៀត ដែល​នៅក្រៅ​ពន្ធនាគារ​ឱ្យ​ជាប់ទោស ៦ ឆ្នាំ និង​បញ្ជា​ឱ្យ​ចាប់ខ្លួន​យក​មក​ដាក់​ពន្ធនាគារ​ភ្លាម​។

លោក​បន្តថា ចំណែក លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ លោក ហូរ វ៉ាន់ លោក​ ម៉ែន សុថាវរិន្ទ្រ ដែលជា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ៨ ​ឆ្នាំ​ពីបទ “​រួមគំនិត​ក្បត់​”​ ដូចគ្នានេះ​។

រីឯ​សកម្មជន​ប្រឆាំង​ ៣ ​នាក់ គឺ​លោក ហេង ចាន់រិទ្ធី លោក ទុំ ប៊ុនថន និង លោក កាក់ កុម្ភា ដែល​កំពុង​ជាប់ឃុំ​ស្រាប់​ត្រូវ​បន្ត​ជាប់ឃុំ​ ៦ ​ឆ្នាំ​បន្ថែមទៀត​។ ក្រៅពីនោះ​នៅ​មាន​សកម្មជន​អតីត​បក្សប្រឆាំង​ជាច្រើន​ទៀត​ត្រូវ​ដាក់ទោស ៥ ឆ្នាំ ប៉ុន្តែ​អនុវត្ត​ព្យួរទោស​។

លោក​បាន​លើកឡើង​នៅ មុខ​សាលាដំបូង​ថា ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី លោក​នឹង​ប្រើ​សិទ្ធិ​ក្នុង​ការប្តឹង​ទៅ​សាលាឧទ្ធរណ៍​ចំពោះ​ការចាប់ខ្លួន​កូនក្តី​របស់លោក​។ លោក​ថា​៖ «​ខ្ញុំ​នឹង​ទៅ​ជួប​កូនក្តី​នៅ​ពន្ធនាគារ ដើម្បី​ផ្តល់​សិទ្ធិ​ក្នុងការ​ប្តឹងទៅ​សាលាឧទ្ធរណ៍ នឹង​ព្យាយាម​ធ្វើ​ទៅតាម​អ្វីដែល​អាចធ្វើ​បាន ចំពោះ​ការសម្រេច​យ៉ាងណា​នោះ​នៅលើ​តុលាការ​»​។

នៅមុន​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម កញ្ញា​ សេង ធារី ក្នុង​សម្លៀកបំពាក់​យកតាម​លំនាំ​រូបសំណាក​តំណាង​សេរីភាព ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​បាន​ថ្លែងថា កញ្ញា​បាន​ត្រៀមខ្លួន​រួចរាល់​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ដែល​កាត់ទោស​កញ្ញា​ឱ្យ​ជាប់​ពន្ធនាគារ ដោយ​បញ្ជាក់ថា តុលាការ​មិនបាន​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌​នោះទេ​។

ជាមួយ​គ្នានេះ ក្រោយ​ការប្រកាស​សាលក្រម​នេះ ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា​៖ «​យើង​មានការ​រំខាន​ចិត្តជា​ខ្លាំង ចំពោះ​សាលក្រម​ដ៏អយុត្តិធម៌ នា​ថ្ងៃនេះ​ដែល​ត្រូវ​បាន​ប្រកាស​ទៅលើ​កញ្ញា​ សេង ធារី និង​អ្នកដទៃ​ទៀត​។ សេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម​ជា​សមាគម ហើយ​និង​ការអត់ឱន​ចំពោះ​ទស្សនៈ​ប្រឆាំង គឺជា​ផ្នែក​ដ៏​មាន​សារៈសំខាន់​បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ​»​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​លោក​ អំ សំអាត យល់ឃើញ​ថា ការប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅលើ​មេដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង សកម្មជន​រួម​នឹង​កញ្ញា សេង ធារី នឹងមាន​ការរិះគន់​ច្រើន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា សាលក្រម និង​ការចាប់ខ្លួន​នេះ​ធ្វើឱ្យ​មាន​ការរង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ អ៊ីចឹង​ខ្ញុំ​មើលឃើញ​ថា មានតែ​មធ្យោបាយ​តែមួយ​ទេ ដែល​អ្នកនយោបាយ​ធ្លាប់​ប្រើប្រាស់​កន្លងមក នៅពេល​មាន​ការជាប់​គាំង​វិបត្តិ​នយោបាយ គឺ​វប្បធម៌​នៃ​ការសន្ទនា​ក្នុង​ការដោះស្រាយ​»​។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ការសម្រេច​របស់​តុលាការ​ក្នុង​ការ​ផ្តន្ទាទោស​កញ្ញា សេង ធារី រួមទាំង​សកម្មជន​មួយចំនួន​ទៀត គឺជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា ដែល​តុលាការ​មាន​មូលដ្ឋាន ផ្លូវច្បាប់​រឹងមាំ និង​ច្បាស់លាស់​ក្នុង​ការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​ពាក់ព័ន្ធ​ការរួម​គំនិត​ក្បត់​ក្នុង​ការ​ចូលរួម គាំទ្រ​ការអនុវត្ត​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ក្រោម​រូបភាព​នៃ​ការវិលត្រឡប់​របស់​ «​ទណ្ឌិត សម រង្ស៊ី​»​។

លោក​ថា​៖ «​អ៊ីចឹង​ទេ​នេះ​ជា​នីតិវិធី​របស់​តុលាការ​កម្ពុជា ដែលជា​រដ្ឋ​អធិបតេយ្យ អ៊ីចឹង​គ្រប់ភាគី​ណាក៏ដោយ ដែល​មិន​សុខចិត្ត ហើយ​គាំទ្រ​ដល់​ជនជាប់ចោទ​ទាំងអស់​នេះ អាច​ជួយ​ដល់​ជនជាប់ចោទ​ទាំងអស់​នោះ​បាន តាមរយៈ​ការចូលរួម​នីតិវិធីតុលាការ​ក្នុង​ការ​ផ្តល់​មេធាវី​ជូន​គាត់ ឬក៏​ផ្តល់នូវ​ភ័ស្តុតាង សក្ខីកម្ម​ឱ្យ​បាន​រឹងមាំ​ក្នុងការ​ដោះ​បន្ទុក​តាម​ផ្លូវ​តុលាការ ដែល​គាត់​អាច​ប្តឹងទៅ​ឧទ្ធរណ៍​បាន​តាម​នីតិវិធី ច្បាប់​កម្ពុជា​ជា​ធរមាន​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​មាន​ប្រសាសន៍​ថា សាលក្រម​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ដែល​បាន​កាត់សេចក្តី​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​ដែល​រកឃើញ​បទល្មើស​។ លោក​ថា​៖ «​ដោយឡែក​ការសម្តែង​មតិ ការលើកឡើង​ពី​កង្វល់​នានា​របស់​មតិ​អន្តរជាតិ​នានា ពាក់ព័ន្ធ​សាលក្រម​នេះ ខ្ញុំ​យល់ថា វា​ជា​សិទ្ធិ​នៃ​ការ​ខ្វាយខ្វល់​របស់​ប្រទេស​ទាំងនោះ​ ប៉ុន្តែ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ អ៊ីចឹង​អ្វី​ដែលជា​ចំណាត់ការ​របស់​តុលាការ​នេះ វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ក្រោម​ច្បាប់​កម្ពុជា​»​។

សូមជម្រាប​ថា កញ្ញា ​សេង ធារី និង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ៤០​ នាក់​ផ្សេងទៀត​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ញុះញង់ រួមគំនិត​ក្បត់ និង​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ពាក់ព័ន្ធ​នឹង​គម្រោង​ដំណើរ​វិលត្រឡប់​ចូល​មក​មាតុភូមិ​វិញ​របស់​លោក សម រង្ស៊ី​ កាលពី​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩៕