
លោក ស៊ុន ឆ័យ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការចោទប្រកាន់របស់ជនទាំងឡាយណាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២២ ដែលផ្ទុយពីការពិត ខណៈគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ក៏ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយចោទបំភ្លៃដំណើរការបោះឆ្នោត និងទារសំណងជំងឺចិត្ត ១ លានដុល្លារ។
ការព្រមានចាត់វិធានការនេះ បន្ទាប់ពីលោក សុន ឆ័យ បាននិយាយក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២២ ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះមិនត្រឹមត្រូវ និងមិនយុត្តិធម៌។ លោកអះអាងទៀតថា ការដែលគណបក្សភ្លើងទៀនទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។
សេចក្តីថ្លែងការណ៍របស់ គ.ជ.ប. នាថ្ងៃទី ១៣ មិថុនា បញ្ជាក់ថា បើដូចនេះមែន លោក សុន ឆ័យ ក៏ត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរ ដែលមិនបានបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ហើយលោក សុន ឆ័យប្រាកដជាដឹងថា នេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ការបោះឆ្នោតគឺជា ស្នូលនៃលទ្ធិប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថា លោក សុន ឆ័យ និយាយទៀតថា «លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ប៉ុណ្ណឹង»។
សេចក្តីថ្លែងការណ៍បន្ថែមថា ការថ្លែងបែបនេះ គ.ជ.ប. មិនអាចទទួលយកបានទេ ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ។ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប. ដែលជា ស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត ដែលបានចែងក្នុងមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។ ទង្វើនេះ នឹងត្រូវផាកពិន័យជាប្រាក់ពី ១០-២០ លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
គ.ជ.ប. សរសេរថា៖ «ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប. នឹងចាត់វិធានការតាមច្បាប់ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត»។
បើតាម គ.ជ.ប. ជាគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោត គ.ជ.ប.បើកសិទ្ធិឱ្យគណបក្សនយោបាយ ប្តឹងជុំវិញភាពមិនប្រក្រតីដែលខ្លួនបានសង្កេតឃើញនៅគ្រប់ដំណាក់កាលបោះឆ្នោត ពិសេសនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងន័យនេះ គ.ជ.ប. មានយន្តការទទួល និងដោះស្រាយបណ្តឹងតាមឋានានុក្រមពីថ្នាក់ឃុំ សង្កាត់ ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ គ.ជ.ប.។ ជាពិសេសការប្តឹង ឬការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោតដំណាក់កាល ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និងដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅ ឃុំ សង្កាត់ ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឃុំ-សង្កាត់ជាធរមាន។
គួរចៀសវាងថ្លែងជាការប្រមាថ បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ដែលអាចនាំឱ្យមានការចោទប្រកាន់ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា ៣០៥ និង ៣០៦ ពាក់ព័ន្ធនឹងបទបរិហារកេរិ៍្តជាសាធារណៈ ដូចជាតាមសម្តី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬក្នុងសាលប្រជុំ...និងការបរិហារកេរិ៍្ត ដែលប្រព្រឹត្តតាមសារព័ត៌មាន ដែលត្រូវស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។
គ.ជ.ប. បញ្ជាក់ទៀតថា បច្ចុប្បន្ន គ្រប់យន្តការនៃ គ.ជ.ប. បានទទួលពាក្យបណ្តឹង និងកំពុងដោះស្រាយបណ្តឹងរហូតដល់ចប់ មុននឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥។ ទន្ទឹមនឹងនេះ នៅមានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប. ដោយគ្មានមូលដ្ឋាន។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន សុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ១៤ មិថុនា ប៉ុន្តែលោក ថាច់ សេដ្ឋា អនុប្រធានបក្សនេះដែរនោះ បញ្ជាក់ថាការលើកឡើងរបស់លោក សុន ឆ័យ គឺក្នុងគោលបំណងចង់បាននូវភាពយុត្តិធម៌ក្នុងពេលបោះឆ្នោត។ លោកចាត់ទុក ការហាមនិយាយពីការបោះឆ្នោតមិនត្រឹមត្រូវនេះ បង្ហាញថា គ.ជ.ប. ជាស្ថាប័នផ្តាច់ការចម្លែក និងមិនបាច់មានការបោះឆ្នោតនោះទេ។ លោកថ្លែងថា៖ «បើនិយាយទៅ វាដូចផ្តាច់ការពេក គ្រាន់តែនិយាយមិនត្រឹមត្រូវ អត់បាន។ ទាល់តែអបអរសាទរត្រឹមត្រូវ ១០០ ទើបល្អមែន»។
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប. និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប. ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ មិថុនា ថា តាមច្បាប់ មិនមែនគ្រាន់តែចេញសេចក្តីថ្លែងការណ៍ប៉ុណ្ណេះឈានទៅផាកពិន័យ ឬដាក់ទោសទណ្ឌនោះទេ។ ប៉ុន្តែ បើសិនជាមានបុគ្គលណាមួយនៅតែបន្តលើកឡើងផ្ទុយពីការពិត គ.ជ.ប. នឹងប្រើប្រាស់ផ្លូវច្បាប់ដើម្បីការពារភាពស្អាតស្អំរបស់ខ្លួន ព្រោះ គជប ជាស្ថាប័នអនុវត្តច្បាប់ និងទទួលខុសត្រូវមុខសភាជាតិ មិនមែនជាគណបក្សនយោបាយនោះទេ។
ជាមួយគ្នានេះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ១៣ ខែមិថុនាបានប្រគល់សិទ្ធិឱ្យលោក គី តិច ធ្វើជាមេធាវីតំណាងឱ្យគណបក្ស ប្តឹងលោក សុន ឆ័យ ទៅសាលាដំបូងរាជធានីភ្នំពេញដោយសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្ត ១ លានដុល្លារ ពាក់ព័ន្ធការបំភ្លៃលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily។
តាមលិខិតរបស់លោក គី តិច មេធាវីតំណាងឱ្យគណបក្សចូលទៅតុលាការនាថ្ងៃទី ១៤ មិថុនា បញ្ជាក់ថា៖ «ការលើកឡើងរបស់លោក សុន ឆ័យ គឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយក្នុងចេតនាទម្លាក់កំហុសដោយអសុចរិត និងមួលបង្កាច់ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត»៕
វីដេអូ៖