ភ្នំពេញៈ គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​ ដែល​បែក​ចេញ​ពី​អតីត​គណ​បក្សសង្គ្រោះជា​តិ ​និងបាន​ចូល​រួម​ក្នុង​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​បង្រួប​បង្រួម​ ឱ្យទៅ​ជាគណ​បក្សនយោ​បាយថ្មី​មួយ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រនៅ​ឆ្នាំ ២០២៣។

លោក​ អ៊ូ ច័ន្ទរ័ត្ន ស្ថាប​និក​គណ​បក្ស​កែម្រង់​កម្ពុជា​ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣​ ខែ​មិថុនា​ថា លោក និង​តំណាង​គណ​បក្ស ៣ ផ្សេង​ទៀត ដែល​ចេញ​ពីអតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្តើម​ជជែក​គ្នាមួយជំ​ហ៊ានរួច​ហើយ ដែល​អាចនឹ​ង ឈាន​ដល់​ការ​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ នៅ​ពេល​ខាង​មុខ ដើម្បី​ធ្វើការ​ពិភាក្សា​ឱ្យបាន​កាន់​តែស៊ី​ជម្រៅ​បន្ថែម​ទៀត លើការ​បង្រួប​បង្រួម​នេះ ។

គណ​កម្មការ​ចំពោះ​កិច្ច​នេះ នឹង​ខិតខំ ប្រឹង​ប្រែង​ជជែក​គ្នា និង​ឯក​ភាព​ជាធ្លុង​មួយ ដើម្បី​រៀបចំ​ធ្វើ​សមាជ​ នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ ២០២២ ដើម្បី​ឱ្យទាន់​ពេល និង​ត្រៀម​ខ្លួន ចូល​រួម​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាង​រាស្ត្រ​ ឆ្នាំ ២០២៣។

លោក​ថ្លែង​ថា៖ «ថ្មីៗ​ នេះ​ ខ្ញុំបាន​ជជែក​ជាមួយ​គប​ណប​ក្ស​កម្ពុជា​និយម គណ​បក្ស​ឆន្ទៈខ្មែរ និង​បាន​ទាក់​ទៅ គណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ។ ដូច្នេះ នៅ​ក្នុង​អាទិត្យ​នេះ អាច​សម្រេច​ជា​គោល​ការណ៍​បាន​ហើយ ក្នុង​ការ​រៀបចំ​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ពិភាក្សា​ឈាន​ទៅ​រក​ការ​បង្កើត​គណ​បក្ស​រួម​មួយ​ » ។

លោក អ៊ូ ច័ន្ទ​រ័ត្ន​ រំពឹង​ថា ការ​បង្រួប​បង្រួម​នឹង​អាច​ចេញ​ជារូប​រាង្គ​ ព្រោះ​មេដឹក​នាំ​គណ​បក្សទាំង​អស់ សុទ្ធ​សឹង​តែបង្ហា​ញ​ពីឆន្ទៈ និង​គោល​ដៅ​ដូច​គ្នា ជា​ពិសេស ​គឺចង់ឱ្យ​មាន​ប៉ូល​នយោ​បាយថ្មី​មួយ​ទៀត សម្រាប់​ជាជម្រើស​របស់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តំាង​តំណាង​រាស្ត្រ ​ឆ្នាំ ​២០២៣​។ ទោះ​ជា​យ៉ាង​ណា​ក្រុម​នេះ​ នៅ​មិន​ទាន់សម្រេច​ ថា តើ​ត្រូវ​បង្កើត​គណ​បក្ស​នយោ​បាយ​ថ្មី ឬ​ក៏ជ្រើស​រើស​យក​គណ​បក្ស​ណាមួយ​នោះទេ​។

លោក​ គង់ គាំ ប្រធាន​កិត្តិយស​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ ប្រាប់ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៣ ខែ​មិថុនាថា ​បំណង​នៃការ​បង្រួប​បង្រួម គណ​បក្ស​ដែល​មាន​ប្រភព​មក​ពីអតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បង្កើត​ទៅ​ជា​គណបក្ស​ថ្មី​នេះ ត្រូវ​បាន​​ពិភក្សា​ចាប់តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ប៉ុន្តែ​ រយៈ​ពេល​នៃការ​ពិភាក្សា​មាន​ពេល​វេលា​ខ្លី ​។​

លោក​ថ្លែង​ថា៖ «យើង​គ្រាន់​តែ​មាន​គំនិត ឱ្យ​មាន​ជម្រើស​មួយ​ថ្មី​របស់​ប្រជាពលរ​ដ្ឋ​ទេ ។ ដូច្នេះ​ វា​មាន​ភាព​ទូលំ​ទូលាយ និង​ប្រសិទ្ធិ​ភាព​បែប​ណា យើង​មិន​អាច​ទស្សទាយ​បាន​ទេ​»។

លោក​ យ៉ែម​ បុញ្ញារិទ្ធិ ប្រធាន​គណ​បក្ស​កម្ពុជា​និយម​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៣​ ខែ​មិថុនា​ថា គណបក្ស​របស់​លោក​ ក៏ដូចជា​គណ​បក្ស​នយោ​បាយ ៣ ទៀត បាន​គិត​គូ និង​មាន​គម្រោង​បង្រួប​បង្រួម​ ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​លក្ខណៈ​ជាផ្លូវ​ការ​ទេ ​។

លោក​ថ្លែង​ថា៖ «គណ​បក្ស​ដែល​នឹង​ត្រូវ​បង្កើត​ថ្មី​នេះ ត្រូវ​ឯកភា​ពទៅលើគោ​លនយោ​បាយ ដោយ​ប្រកាន់​យក​គោល​ការណ៍ ប្រាកដ​និយម​ មិ​ន​បុគ្គល​និយម​ ហើយ​ជាគោលការណ៍​មួយ​ មិន​ជ្រុល​និយម​។ កិច្ចការ​នេះ​ បើសិន​ជា​ចង់ឱ្យ​លឿន​ ត្រូវ​តែ​ជំរុញ​ឱ្យ​លឿន​មែន​ទែន ព្រោះ​ពេល​វេលា​ក៏វា​ខ្លីដែរ​» ។

ជុំវិញ​បញ្ហា​នេះ ភ្នំ​ពេញ​ប៉ុស្តិ៍ មិន​អាច​សុំ​​អត្ថា​ធិប្បាយ​ពីលោក ខឺយ ស៊ី​នឿន អនុ​ប្រធាន​គណ​បក្សខ្មែរ​ស្រឡាញ់​ជាតិ​បាន​ទេ។

លោក សុខ​ ឥសាន​ អ្នកនាំពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃទី ​១៣ ខែ​មិថុនា​ថា គណ​បក្ស​ប្រជាជន​កម្ពុជា មិន​មាន​ការ​ភ័យ​ព្រួយ​នោះ​ទេ ព្រោះ​គណ​បក្ស​ដែល​មាន​បំណង​បង្រួប​បង្រួម​ចេញ​ពីអតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ ជា​គណ​បក្ស​ចាញ់​ម្តង​រួច​ហើយ ។ ដូច្នេះ នៅ​ពេល​ដែល​យក​កម្ទេច​កែវបែក​យក​មក​បិត​ផ្គុំគ្នា វា​មិន​អាច​ដូច​ដើម​នោះ​ទេ ។

លោក​ថ្លែងថា​៖ «វា នៅ​តែ​បន្ត​ចាញ់​ដដែល​ទេ គណ​បក្ស​ប្រជាជន​មិន​មាន​ការភ័យ​ព្រួយ​អ្វីទេ ។ យើង​ត្រូវ​យក​ពិជ​គណិត​មក​គិត ចាញ់ ១ បូក​ជា​មួយ​នឹង​ចាញ់​មួយ​ទៀត ស្មើនឹង​ចាញ់ ២ អ៊ីចឹង​វា​អត់​ទៅរួច​ទេ»​។

លោក​ ឯម សុវណ្ណារ៉ា អ្នក​វិភាគ និង​ជា​អ្នក​តាម​នយោ​បាយ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោ​ក​គាំទ្រ ព្រោះ​នេះ ​គឺជា​ចំណុច​ចាប់​ផ្តើម​មួយ របស់​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល បើទោះបី​មិនទា​ន់ក្លាយ​ទៅ​ជាបក្ស​ប្រឈម​ជាមួយ​រដ្ឋាភិ​បាល ​ប៉ុន្តែជា​កម្លាំង​ដ៏សំខាន់​ផង​ដែរ។​

លោក​បន្ត​ថា បើ​សិន​ជាគណបក្ស​ទាំង​នេះ​ មាន​ការ​រួប​រួម​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ទៀត​ នោះកាន់​តែ​ប្រសើរ​ និង​មាន​កម្លាំង​កាន់​តែខ្លាំង​ ឡើង​វិញ ដូច​ទៅអតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​អា​ច​ប្រឈម និង​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​កាន់​អំណាច​បាន​ច្រើន​។

លោក​ថ្លែង​ថា ៖« ជា​ចំណុច​ចាប់​ផ្តើម​មួយ​ល្អ កុំឱ្យ​មាន​បក្ស​តូចៗ​ ឬ​បក្ស​ឡប់​ឡែ​ច្រើន​ពេក និង​កុំ​ឱ្យមា​ន​បក្សសួន​លម្អរ​ប្រជា​ធិប​តេយ្យ​ច្រើន​។ បើរួម​គ្នា​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ទៀត កម្លាំង​ហ្នឹង ខ្លាំង​។ យើង​និយាយ​ទៅ បើ​អត់​មាន​ការ​រួម​គ្នា​ពី​បក្ស​តូច​ទេ បក្ស​នៅ​ក្រៅរដ្ឋាភិបាល​ មាន​ ៣ ទម្រង់​ធំ ៗ ចេញ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​»៕