
សាលាស្រុកម៉ាឡៃនាពេលបច្ចុប្បន្ន។ រូបថត រដ្ឋបាលស្រុក
បន្ទាយមានជ័យៈ ស្រុកម៉ាឡៃ គឺជាស្រុកមួយក្នុងចំណោមស្រុកផ្សេងទៀតរបស់ខេត្តបន្ទាយមានជ័យ ដែលពីមុនសម្បូរដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល។ ស្រុកនេះមានឃុំចំនួន ៦ ជាចំណុះ រួមមាន ឃុំទួលពង្រ ឃុំអូរសំព័រ ឃុំអូរស្រឡៅ ឃុំម៉ាឡៃ ឃុំបឹងបេង និងឃុំតាគង់។
ស្រុកមួយនេះមានព្រំប្រទល់រដ្ឋបាលនៅខាងជើងទល់នឹងព្រំប្រទល់ស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ប្រទេសថៃ ខាងត្បូងទល់នឹងព្រំប្រទល់ស្រុកសំពៅលូន នៃខេត្តបាត់ដំបង។ ចំណែកខាងកើតទល់នឹងព្រំប្រទល់ស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យ និងខាងលិចទល់នឹងព្រំប្រទល់ជាមួយប្រទេសថៃ ផងដែរ។
ស្រុកម៉ាឡៃត្រូវបានគេស្គាល់ថា ជាអតីតសមរភូមិជួរមុខដែលស្ថិតនៅហ៊ុមព័ទ្ធអតីតទីបញ្ជាការមេខ្មែរក្រហម ប៉ុល ពត ដែលដឹកនាំប្រយុទ្ធកាលពីអំឡុងឆ្នាំ ១៩៧៩-១៩៩៨ និងសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទះយ៉ាងច្រើន ប៉ុន្តែបច្ចុប្បន្នស្រុកនេះបានប្រែក្លាយទៅជាតំបន់ដែលមានការប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ។
ការផ្លាស់ប្តូរទាំងនេះ ក្រោយពីក្រុមមន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានយកចិត្តទុកដាក់និងបូជាជីវិត ដោះមីននិងយកគ្រាប់មិនទាន់ផ្ទុះចេញពីតំបន់នេះ និងបានប្រែក្លាយដីតំបន់នេះឱ្យមានសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់ធ្វើកសិកម្ម និងចម្ការ សម្រាប់ធ្វើអាជីវកម្មក្នុងការបម្រើដល់ជីវភាពរស់នៅរបស់ពួកគេ។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់បានបញ្ជាក់ថា ទម្រាំមានការរីកចម្រើន និងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកមួយនេះ មន្ត្រីអង្គភាពស៊ីម៉ាក់ជាច្រើនរូបបានទទួលរងរបួសនិងបាត់បង់ជីវិត ព្រោះតំបន់នេះ បើធៀបទៅនឹងតំបន់ផ្សេងទៀត គឺមានគ្រាប់មីនច្រើនសន្ទឹកសន្ទាប់ និងក្រាស់ឃ្មឹក ព្រោះវាជាតំបន់ចុងក្រោយនៃទីបញ្ជាការមេខ្មែរក្រហម ប៉ុល ពត។
លោក ហេង រតនា បានសម្តែងក្តីរីករាយ ក្រោយពីបានខិតខំប្រឹងប្រែងក្នុងការប្រមូលយកមីន និងគ្រាប់មិនទាន់ផ្ទុះចេញពីតំបន់នេះ ជាពិសេសបានចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីករីកចម្រើននិងឃើញប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅប្រកបដោយសេចក្តីសុខនិងមានសុវត្ថិភាព។
លោកបញ្ជាក់ថា អតីតចម្ការមីនស្រុកម៉ាឡៃ បានក្លាយជាកសិដ្ឋានចម្ការដូង ចម្ការស្វាយ ចម្ការមៀន ចម្ការតាង៉ែន និងកសិកម្មផ្សេងទៀតជាច្រើន ក្រោយពីមានការយកចិត្តទុកដាក់ពីក្រុមមន្ត្រីដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៃអង្គភាពស៊ីម៉ាក់ ។
លោកថ្លែងថា៖ «ម៉ាឡៃអាចនិយាយបានថា ជាស្រុកមួយដែលមាន GDP ល្អជាងគេក្នុងចំណោមស្រុកនៅក្នុងក្របខ័ណ្ឌទូទៅប្រទេសដែលមានការអភិវឌ្ឍនិងរីកចម្រើនខ្លាំង។ អតីតអភិបាលស្រុកដែលកាលពីមុនក៏ជាអតីតជំនួយការអាពត និងថ្នាក់ដឹកនាំបន្ទាយមានជ័យបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍស្រុកម៉ាឡៃនេះឱ្យក្លាយជាស្រុកមួយមានការអភិវឌ្ឍជឿនលឿនគួរឱ្យកត់សម្គាល់។ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសថៃ ឃើញថាមានការរីកចម្រើនច្រើន»។
បើតាមលោក ហេង រតនា ស្រុកម៉ាឡៃបច្ចុប្បន្នមានការប្រែប្រួលលឿន និងមានការអភិវឌ្ឍទៅលើវិស័យកសិកម្ម ដូចជា ដំណាំដំឡូង ស្វាយ និងដូងជាដើម ជាពិសេសនោះ វិស័យអចលនទ្រព្យក៏ឃើញមានការរីកចម្រើនលឿនផងដែរ ព្រោះប្រជាពលរដ្ឋសម្រុកទៅទិញដីក៏ច្រើន ដោយសារវាស្ថិតនៅក្បែរតំបន់អូរជ្រៅ និងដីមានសុវត្ថិភាព។
ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ លោក ហេង រតនា បានសម្តែងនូវមោទនភាពដែលប្រទេសកម្ពុជាមានសុខសន្តិភាព និងបានខិតខំដាក់មុខព្រួញរំដោះផ្ទៃដីដែលមានបញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងស្រុកម៉ាឡៃនេះឱ្យទៅជាស្រុកមួយដែលមានការអភិវឌ្ឍរីកចម្រើនដែលធានាសុខសុវត្ថិភាពបានច្រើន។ បើទោះបីនៅមានគ្រោះថ្នាក់បន្តិចបន្តួច ប៉ុន្តែជាស្រុកមួយនៅតែបន្តមានការរីកចម្រើនពីដីគ្មានអ្នកណាចាប់អារម្មណ៍សោះទៅជាដីមានតម្លៃខ្ពស់ ហើយបែរទៅជាទីមានជម្លោះច្រើន ដោយសារតែដីមានតម្លៃផងដែរ។
លោកថ្លែងថា៖ «យើងមានមោទនភាពដែលរាជរដ្ឋាភិបាលបានដឹកនាំស្រុកម៉ាឡៃឱ្យមានការរីកចម្រើនធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ ធូរធារច្រើន ខណៈដែលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅច្រើនតាមដងផ្លូវ»។
លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានទទួលស្គាល់ដែរថា ស្រុកម៉ាឡៃ ប្រែក្លាយពីតំបន់ដីដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនទៅជាដីដែលមានសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីលោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់និងមន្ត្រីដោះមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រំដោះចេញយកមកកម្ទេចចោល ។ បច្ចុប្បន្ននេះ ដីនៅក្នុងស្រុកម៉ាឡៃបានក្លាយទៅជាដីចម្ការដោយមានផលានុផលច្រើនប្រភេទ ដូចជា ចម្ការស្វាយ ចម្ការដូងក្រអូប និងចម្ការមៀនជាដើម ។
លោកថ្លែងថា៖ «ឥឡូវនេះ ប្រជាពលរដ្ឋធ្វើចម្ការដំណាំបានច្រើនណាស់ ជាពិសេសធ្វើស្រែបានច្រើនណាស់នៅឃុំតាគង់និយាយរួមស្ទើរតែគ្រប់ឃុំ ព្រោះតែមានអំណោយផលទាំងទឹក និងហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច និងមានជីវភាពធូរធារសមរម្យ ព្រោះគាត់មានដីស្រែចម្ការច្រើន និងលែងមានមីន។ នេះជាមោទនភាពមួយសម្រាប់ស្រុកម៉ាឡៃខ្ញុំ»។
លោកបានបន្តថា កាលពីមុន គឺប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងណាស់ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីន ហើយក៏មានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះពិការដៃ ពិការជើង និងស្លាប់ក្នុងចំនួនច្រើន ប៉ុន្តែបច្ចុប្បន្ននេះមិនមានករណីនេះកើតឡើងទៀតឡើយ។ មួយវិញទៀត នៅពេលដែលប្រជាពលរដ្ឋឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះតែងបានរាយការណ៍ដល់សមត្ថកិច្ចដើម្បីបន្តរាយការណ៍ទៅស៊ីម៉ាក់ឱ្យមកដោះគ្រាប់មិនទាន់ផ្ទុះ ឬមីនយកទៅរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព និងបន្សាប។

ការប្រមូលផលពោតនៅស្រុកម៉ាឡៃកាលពីពេលកន្លងមក ។ហេង ជីវ័ន
លោក ភា មុនីនិត មេប៉ុស្តិ៍នគរបាលឃុំតាគង់បានឱ្យដឹងដែរថា បើនិយាយជារួម បញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ គឺនៅមានតិចតួចបំផុតដែលនៅរាយប៉ាយតាមស្រែនិងចម្ការខ្លះរបស់ប្រជាពលរដ្ឋដែលកប់ជ្រៅក្នុងដីដែលមិនស្ថិតនៅក្នុងគោលដៅរបស់អង្គភាពស៊ីម៉ាក់រាវរក ប៉ុន្តែយូរៗទើបបានអណ្តែតឡើងមកលើម្តង ហើយក៏បានហៅអង្គភាពស៊ីម៉ាក់ឱ្យយកចេញ។ ទោះជាយ៉ាងណា ជារួមឃើញថា ដីនៅក្នុងស្រុកម៉ាឡៃនេះមានសុវត្ថិភាពច្រើនជាងប៉ុន្មានឆ្នាំមុន ព្រោះលោកកត់សម្គាល់ឃើញថា មិនមានករណីគ្រោះថ្នាក់ណាមួយកើតឡើងដោយសារមីន ឬគ្រាប់មិនទាន់នោះទេ ។
លោកថ្លែងថា៖ «ឥឡូវបញ្ហាហ្នឹង ដូចជាវាបាត់ស្ងាត់ អត់មានគ្រោះថ្នាក់ទៀត ប៉ុន្តែនៅពេលដែលពលរដ្ឋភ្ជួរដីវាក៏ងើបឡើងវាអត់ផ្ទុះឡើង ហើយប្រាប់ប៉ុស្តិ៍រដ្ឋបាលយើងប្រាប់ស៊ីមាក់ឱ្យមកយក។ ពីមុនឱ្យតែប៉ះវាផ្ទុះ ប៉ុន្តែឥឡូវប៉ះវាអត់អីទេ ប្រហែលវានៅក្នុងដីយូរពេក»។
ជាមួយគ្នានេះ លោកបានកោតសរសើរដល់ក្រុមមន្ត្រីរបស់អង្គភាពស៊ីម៉ាក់ដែលបានយកចិត្តទុកដាក់រាវរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះធ្វើឱ្យដីមានសុវត្ថិភាពហើយប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលកសិកម្មនិងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានរៀបចំបានយ៉ាងល្អស្អាតផងដែរ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកទំនិញផ្សេងៗបានរហ័សមិនដូចកាលពីមុននោះទេ។
បើតាមលោក ភា មុនីនិត ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងស្រុកម៉ាឡៃនេះ ប្រជាពលរដ្ឋបានធ្វើស្រែចម្ការ និងដំណាំផ្សេងទៀតដូចជាតាង៉ែន ស្វាយចន្ទី សាវម៉ៅ និងមៀន ក្រោយពីអង្គភាពស៊ីម៉ាក់ បានជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាងត្រួសត្រាយដីតាមរយៈការយកគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញធ្វើឱ្យផ្ទៃដីមានសុវត្ថិភាព ។
លោក មី សាម៉ន កសិកររស់នៅក្នុងឃុំម៉ាឡៃ បានសម្តែងការសប្បាយរីករាយដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ មិនមានព័ត៌មានពីការផ្ទុះនូវគ្រាប់មីនដោយការភ្ជួរត្រាក់ទ័រដែលខុសពីមុនឧស្សាហ៍មានករណីផ្ទុះគ្រាប់មីនធ្វើឱ្យប្រជាពលរដ្ឋរងរបួសនិងស្លាប់។ បរិយាកាសបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសដាំដំណាំកសិកម្ម និងបង្កបង្កើនផលផ្សេងទៀត ។
លោកបន្តថា មុនពេលដែលប្រជាពលរដ្ឋមករស់នៅនិងធ្វើស្រែចម្ការនៅក្នុងស្រុកម៉ាឡៃនេះ ក្រុមដោះមីនស៊ីម៉ាក់បានរំដោះផ្ទៃដីឱ្យមានសុវត្ថិភាពរួចហើយ ប៉ុន្តែក៏នៅមានកន្លែងមួយចំនួនទៀត ដែលប្រជាពលរដ្ឋបានទៅរុករានដីមុនក្រុមស៊ីម៉ាក់ ក៏មានការផ្ទុះគ្រាប់មីនដែរ ជាពិសេសនៅឃុំជាប់ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែយូរៗមានមួយទេ ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្រុកម៉ាឡៃ នាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៥ ម៉ឺននាក់ ដោយភាគច្រើនប្រកបមុខរបរកសិកម្ម។ ស្រុកនេះ នៅក្រោយសង្គ្រាមសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ប៉ុន្តែបច្ចុប្បន្ននេះ លែងមានទៀតហើយ ក្រោយពីមន្ត្រីនៃអង្គភាពស៊ីម៉ាក់បានប្រមូលយកចេញអស់ពីផ្ទៃដី។
លោកបន្តថា៖ «ប្រជាពលរដ្ឋនៅក្នុងស្រុកខ្ញុំនេះ មានជីវភាពធូរធារច្រើន បើទោះបីស្ថិតនៅក្នុងពេលកូវីដ ១៩ ក៏ប្រជាពលរដ្ឋ មិនជួបបញ្ហាអ្វីដែរ។ នៅពេលដែលក្រុមស៊ីម៉ាក់ដោះមីនរួចហើយ ប្រជាពលរដ្ឋបង្កបង្កើនផលបានច្រើនឃើញថា រីកចម្រើនខ្លាំងជាងកាលពីពេលមុន»៕