​ព្រះវិហារៈ ​ក្រុមគ្រូពេទ្យ​សមាគម​ប្រឹក្សា​សុខភាព​ប្រជាជន និង​ក្រុមគ្រូពេទ្យ​សហរដ្ឋអាមេរិក​មកពី​សាកលវិទ្យាល័យ Mercer University បានធ្វើ​ដៃជើង​សិប្បនិម្មិត​ជូន​ជនពិការ​នៅ​ខេត្តព្រះវិហារ​ចំនួន ៦១០ នាក់ ដោយ​ឥតគិតថ្លៃ ដែល​សកម្មភាព​នេះ​បានធ្វើ​នៅ​ទីស្នាក់ការ​រដ្ឋសភា​មណ្ឌល​ព្រះវិហារ ពីថ្ងៃ​ទី​ ១២-២៤ ខែមិថុនា​។

លោក ព្រហ្ម ប៉ូ​លីម អនុប្រធាន​ក្រុមគ្រូពេទ្យ​សមាគម​ប្រឹក្សា​សុខភាព​ប្រជាជន បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹង​ដែរ​ថា មុន​ការ​ប្រគល់ជូន​ដៃ ជើងសិប្បនិម្មិត​ជូន​ពួកគាត់ គឺ​ក្រុមគ្រូពេទ្យ​នឹងមាន​ការសាកសួរ និង​ត្រួតពិនិត្យ​ ដូចជា ដំបូង​ត្រូវ​វាស់​ទំហំ​ដៃជើង​គាត់​ឱ្យ​ត្រូវ ដើម្បី​កាត់​ឱ្យ​ល្មម​នឹង​អវយវៈ​គាត់ ដោយមាន​ការសាកសួរ​អំពី​ការប្រើប្រាស់​ជើង​របស់គាត់ ហើយ​ប្រវត្តិ​ នៃរយៈពេលពីការនិងមូលហេតុពិការរបស់គាត់ជាដើម។ ក្រៅពីនេះ ក្រុមគ្រូពេទ្យ​មួយៗ​ក៏ត្រូវ​បង្រៀន​ជនពិការ ដែល​ទទួលបាន​ឧបករណ៍​នេះ​តាម​លក្ខណៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​នៃ​ផ្នែក​ជើងសិប្បនិម្មិត​នេះ ដើម្បី​ផ្ស៊ាំ​គាត់​ក្នុងការ​ប្រើប្រាស់ និង​ធ្វើដំណើរ​ឱ្យ​ស្រួល​។​

លោក ប៉ូ​លិ​ម ថ្លែងថា ជនពិការ​គឺ​ភាគច្រើន​ដោយសារ​មីន ឯ​ចន្លោះ​អាយុ​គឺ​ច្រើន​ពី ៥០-៦០​ ឆ្នាំ ដោយ​មូលហេតុ​ភាគច្រើន​ គឺ​ដោយសារ​សំណល់​មីន​នៅ​សម័យ​សង្គ្រាម និង​ពិការភាព​ពី​កំណើត គ្រោះថ្នាក់​ចរាចរណ៍ និង​ឧបទ្ទវហេតុ​ផ្សេងៗ​ទៀត​។​

លោក ព្រហ្ម ប៉ូ​លីម បានឱ្យដឹងថា ក្រុមគ្រូពេទ្យ​មកពី​អាមេរិក​មាន​ចំនួន សរុប ៤៦​ នាក់ និង​ខ្មែរ ២០-២៥​ នាក់​ ដោយសារ​ក្រុមគ្រូពេទ្យ​ខ្មែរ​បាន​ឆ្លាស់​វេន​គ្នា​ទៅ​ខេត្ត​រៀងខ្លួន ទៅ​ខេត្តព្រះវិហារ ព្រោះ​អ្នកខ្លះ​មិនអាច​នៅ​គ្រប់​ថ្ងៃ​។ ក្រៅពី​ខេត្ត ព្រះវិហារ​ក៏មាន​ផ្ដល់ជូន​បណ្ដារ​ខេត្ត​ជិតៗ​ហ្នឹង​ដែរ រួមមាន​កំពង់ធំ សៀមរាប ស្ទឹងត្រែង ក្រចេះ ឧ​ត្ត​រ​មានជ័យ​។

លោក ​ផាន់ សុខ​ហេង​ សមាជិក​អចិន្ត្រៃយ៍​នៃ​សមាគម​នេះ​បានឱ្យដឹង​ដែរ​ថា ខាង​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម បាន​ជួយ​ក្រុមគ្រូពេទ្យ​យ៉ាងច្រើន ទាក់ទង​ទៅនឹង​ការជួយ​នាំ​អ្នកស្រុក​ជិតៗ​នេះ ដោយ​ការយក​ឡាន​ទៅ​ទទួល​ពួកគាត់​មក​កន្លែង​ត្រួតពិនិត្យ និង​ផ្ដល់ជូន​ដៃជើង​សិប្បនិម្មិត​។​

លោក ហោ​ត ឡាង អាយុ ២៤ ឆ្នាំ ដែលមាន​ពិការ​ជើង​ខាងឆ្វេង​រយៈពេល ១៧ ​ឆ្នាំមកហើយ បាន​ប្រាប់ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ និង​អរគុណ​ដល់​សមាគម​មែ​ន​ទែន​ដែល​ផ្ដល់​ជើង​ថ្មី​ឱ្យ​ខ្ញុំ អាចធ្វើ​ដំណើរ​បាន​ងាយស្រួល និង​ធ្វើ​សកម្មភាព​បាន​ដោយ​ខ្លួនឯង​ជាច្រើន​ទៀត​»​។​

លោក​វេជ្ជបណ្ឌិត ព្រហ្ម ប៉ូ​លីម ថា សម្ភារ​ធ្វើ​ដៃ​ឬ​ជើងសិប្បនិម្មិត ត្រូវបាន​នាំ​មកពី​សហរដ្ឋអាមេរិក​ដែលមាន​គុណភាព​ល្អ ហើយ​គម្រោង​នេះ​ជា​របស់​សមាគម​ប្រឹក្សា​សុខភាព​ប្រជាជន ដែល មានការ​ងារ​ធ្វើការ​ទាក់ទង​នឹង​សប្បុរសធម៌ ហើយ​សមាគម​មាន​ដៃគូរ​ពី​ក្រុមគ្រូពេទ្យ​អាមេរិក​ពី​សាកលវិទ្យាល័យ Mercer University​។​

លោកបញ្ជាក់ថា គម្រោង​នេះ​មិនមែនជា​លើក​ទី​១ ​ទេ គឺមាន​តាំងពី ឆ្នាំ ២០១៩​។ ប៉ុន្តែ ២០២០-២០២១ ខាង​សមាគម​មិន​អាចឱ្យ​កម្មវិធី​ប្រព្រឹត្តទៅបាន ដោយសារ​កូ​វីដ​។ ឆ្នាំ​ ២០២២ នេះ ជា​លើក​ទី​២ ដោយ​ស្របពេល​ស្ថានភាព​កូ​វីដ​ល្អប្រសើរ ជា​រឿង​ល្អ​មួយ​ដែល​កម្មវិធី​អាច​ប្រព្រឹត្តទៅបាន​ក្នុង​រយៈពេល​វែង គឺ ​១៥ ​ថ្ងៃ​៕