ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃ​ទី ១៥ ​មិថុនា ​បានប្រកាស​សាលដីកា​តម្កល់​ទោស​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​ឱ្យ​ជាប់ពន្ធនា​គារ​ ៣ ឆ្នាំ​ និង​ត្រូវ​សង​សំណង​ទៅ​ភាគី​ជនរងគ្រោះ​ម្នាក់ៗ​ចន្លោះ​ពី​ ៥ ពាន់​ ទៅ​ ១ ម៉ឺន​ដុល្លារ​អាមេរិក​ បន្ទាប់ពី​ជំនុំជម្រះ​ កាលពី​ថ្ងៃទី ៨​ មិថុនា ​ករណី​រលំបាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ​ឆ្នាំ ២០១៩ ​ដែល​សរុប​ជនរងគ្រោះ​ស្លាប់​-របួស​ចំនួន​៤៦ នាក់។

លោក​ចៅក្រម ​គង់ ​តារា​ឆាត បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​ដើមបណ្តឹង​រដ្ឋប្បវេណី​ជា​សាច់ញាតិ​គ្រួសារ​ជន​រងគ្រោះ​ក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី ១៥ ​មិថុនាថា ​សំណុំ​រឿងនេះ​ មាន​ជនជាប់ចោទ​ឈ្មោះ​ CHENG KUN ​ភេទ​ប្រុស ​អាយុ​ ៤២ ឆ្នាំ ​ជា​ជន​ជាតិចិន ​និង​ជា​ម្ចាស់​អគារ​បាក់​រលំ។

លោក​ចៅក្រម​បន្តថា ​កាលពី​ថ្ងៃទី ៨ ​មិថុនា ​ដែលជា​ថ្ងៃ​ជំនុំជម្រះ ​លោក​ស្រី ​ទន់ ​គីម​ហ៊ួយ ​ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់​ចោទ​បានលើក​ឡើង​ថា ​កូនក្តី​របស់​ខ្លួន​ឈ្មោះ​ CHENG KUN ​ជា​ម្ចាស់​សំណង់​អគារ​មែន ​តែ​គាត់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ ឈ្មោះ ​DENG XIN GUL ​ជន​ជាតិ​ចិន ​ជា​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​ត្រឹមត្រូវ ​និង​សំណង់​មាន​ស្តង់ដា​ផង។ ហេតុដូច្នេះ​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​នោះ​ជា​អ្នកទទួល​ខុសត្រូវ។

លោក​ចៅក្រម​លើកឡើង​ទៀតថា ​តាម​អង្គហេតុ​ បាន​បង្ហាញថា ​កាលពី​កំពុង​សាងសង់​អគារ​បាន​កម្ពស់ ៥ ជាន់​ គឺ​ជនជាប់​ចោទ​បាន​ចូលទៅ​ត្រួតពិនិត្យ ហើយ​វិស្វករ​បាន​និយាយប្រាប់​ជនជាប់ចោទ​ថា តួ​ជំហរ​អគារ​នោះ​បានឃ្លាត​ខុសពី​តួ​ដើម​ប្រហែល​ជា២តឹក​ហើយ ​មិនអាច​សង់​ឡើង​ថែមទៀត​ទេ​។ តែ​ជនជាប់ចោទ​នៅតែ​ឱ្យ​ជាង​សាងសង់​បន្ថែម ២ ជាន់​ទៀត​រហូត​មាន​បញ្ហា។ បើតាម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុរិយោដី និង​សំណង់​ខេត្ត​ព្រះសីហនុ​ ក៏​បញ្ជាក់ថា សំណង់​អគារ​នេះ​ក៏គ្មាន​ច្បាប់​ដែរ។

លោក​ថ្លែងថា​៖«ហេតុ​ដូច្នេះ​យោងតាម​អង្គហេតុ ​និង​សម្អាង​ហេតុ​ខាងលើ​ តុលាការ​កំពូល​សម្រេច​ត​ម្ក​ល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ចុះ​ថ្ងៃទី ៦ ​ឧសភា ឆ្នាំ ២០២១ ​ទុកជា​បានការ​ដដែល»។

លោកស្រី​ មូល សុខ​ខឿន អាយុ ​៥៣ ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃទទឹង ​ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត ​ក្នុង​ចំណោម​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រមាណ ​១០ នាក់​ ដែល​បាន​ចូល​ស្តាប់​ការប្រកាស​សាលដីកា​នៅ​ថ្ងៃទី ១៥ ​មិថុនា ​បាន​ប្រាប់ថា ​លោកស្រី​មានកូន​ចំនួន​ ៦ នាក់​។ ​កូន​ទី២ ​របស់​គាត់​ឈ្មោះ ​មុំ ​បូរិន្ទ ​ភេទប្រុស ​អាយុ ២៧ ឆ្នាំ​ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​បាក់​រលំ​អគារ​នោះ។ ចំពោះ​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នេះ ​លោកស្រី​ពេញចិត្ត ​និង​ព្រម​ទទួលយក​សំណង​តាម​ការបង្គាប់​របស់​តុលាការ។

លោកស្រី​និយាយថា​៖ «ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា​ នៅ​តុលាការ​ថ្នាក់ក្រោម​គេ​ឱ្យ​ជនជាប់ចោទ​សង​មក​ជនរងគ្រោះ​ម្នាក់​ប៉ុន្មាន​ទេ​ ខ្ញុំ​ចាំ​សួរ​មេធាវី​ខ្ញុំ​បន្ថែម​ទៀត»។

កញ្ញា​ សូ ម៉ី ​អាយុ ​២១ ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃទទឹង ​ឃុំ​អង្គសុភី ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត ​ដែល​មាន​បងប្រុស ​ឈ្មោះ ​សូ សំណាង ​អាយុ ​២៦ ឆ្នាំ ​និង​ប្អូនប្រុស​ឈ្មោះ ​សូ ភ័ត្រា ​ភេទ ​ប្រុស​អាយុ ​១៦ ឆ្នាំ​ ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ បាន​និយាយ​នៅ​ថ្ងៃ​ទី ១៥ ​មិថុនា ​នៅក្រៅ​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល​ថា ​ការដែល​តុលាការ​កំពូល​ប្រកាស​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ពេលនេះ​ នាង​ពេញចិត្ត​ ព្រោះថា ​តុលាការ​បានផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ នាង​និយាយ​ថា​៖ «ប៉ុន្តែ​ចាប់​តាំងពី​ថ្ងៃ​កើតហេតុ​មក​ដល់​ពេលនេះ ​ខ្ញុំ​មិនទាន់​បានទទួល​សំណង​ពី​ជន​ជាប់ចោទ​មួយ​រៀល​ទេ»។

បើ​តាម​អង្គហេតុ ​គ្រោះ​រលំបាក់​អគារ​នេះ​ បានកើត ​កាលពី​ទៀបភ្លឺ​ ថ្ងៃទី ២២ ​ខែ មិថុនា ​ឆ្នាំ ២០១៩ ​ដែល​ធ្វើឱ្យ​កម្មករ​ស្លាប់​ ២២ នាក់ ​និង​របួស​ធ្ងន់ស្រាល ​២៤ នាក់។ បន្ទាប់មក​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​ ជា​ជនជាតិ​ចិន ៤ នាក់​ ហើយ​ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បើកសវនាការ​ជំនុំជម្រះ​ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ៣០ ​កក្កដា ​ឆ្នាំ ២០២០​ ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង ៤ នាក់ ​ដាក់​ពន្ធនាគារ ​ម្នាក់ៗ​ ៣ ឆ្នាំ។ ប៉ុន្តែ CHENG KUN ​ត្រូវបាន​ចោទ​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ​បទបង្ក​ឱ្យ​មាន​របួសស្នាម​ដោយ​អ​ចេតនា​ និង​បទ​ធ្វើឱ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់ទោស ​ដោយសារ​ការបង្ក​របួស​ស្នាម​ដល់​អ្នកដទៃ ​តាម​មាត្រា​២០៧ ​មាត្រា ២៣៦ ​មាត្រា ២៩​ នៃ​ក្រម​ព្រហ្មទណ្ឌ។

ប៉ុន្តែ​ការសម្រេច​នេះ​ត្រូវបាន​ជន​ជាប់ចោទ​ទាំង ​៤ នាក់​មិន​សុខចិត្ត ​ក៏​ដាក់​បណ្តឹង​ឧទ្ធរណ៍​ភ្នំពេញ ​ហើយ​ត្រូវបាន​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំជម្រះ​និង​ប្រកាស​សាលដីកា ​នា​ថ្ងៃទី ៦ ​ឧសភា ​ឆ្នាំ ២០២១ ​ដោយ​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​ទុកជា​បានការ។

ចំណែក​ឈ្មោះ ដេ​ង ហ្ស៊ី​ន ​ហ្គុ​ល (DENG XIN GUL) ​ឈ្មោះ ​ហ្គៅ យូ ​(GAO YU) ​និង​ឈ្មោះ​ហ្ស៊ី យ៉ា​ពីង ​(XIE YA PING) ​ត្រូវបាន​ចោទ​ពីបទ​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា ​បង្កឱ្យ​មាន​របួសស្នាម​ដោយ​អចេតនា ​និង​បទ​ធ្វើ​ឱ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយសារ​ការបង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ ​ប៉ុន្តែ​ពួកគេ​ទាំង​ ៣ នាក់​ មិនបាន​ប្តឹ​សារទុក្ខ​មក​តុលាការ​កំពូល​ទេ៕