​ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ថ្លែងថា មន្ដ្រីនគរបាល​ត្រូវតែមាន​សមត្ថភាព វិជ្ជាជីវៈ​មាន​សីលធម៌​ល្អ​ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​ពេល​បំពេញបេសកកម្ម ដើម្បី​ប្រែ​ក្លាយខ្លួនជា​មន្ត្រីនគរបាល​របស់​ប្រជាពលរដ្ឋ ពលរដ្ឋ​គាត់​ស្រលាញ់ ជឿទុកចិត្ត និង​ផ្ដល់​កិច្ចសហការ​ជាមួយ​។

លោក ស ខេង បាន​ថ្លែង​បែបនេះ​ពេល​អញ្ជើញ​ជា​អធិបតី ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៥ លើក​ទី​១ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​ ៦ ខេត្តកំពង់ឆ្នាំង កាលពី​នា​ថ្ងៃទី​ ១៥ ខែមិថុនា​នេះ​។​

លោក​បាន​ថ្លែងថា​៖ «​នគរបាល​យើង​ត្រូវតែមាន​សមត្ថភាព វិជ្ជាជីវៈ មាន​សីលធម៌​ល្អ ដូចដែល​ក្មួយៗ ប្អូនៗ​បាន​សិក្សា​នេះ គឺ​នោះ​ហើយ​ជា​ចំណេះវិជ្ជា ចំណេះដឹង​ដែល​យើង​ត្រូវ​ប្រកាន់ខ្ជាប់​ពេល​យើង​បំពេញបេសកកម្ម ដើម្បី​ប្រែក្លាយ​ខ្លួន​យើង​ជា​មន្ត្រីនគរបាល​របស់​ប្រជាពលរដ្ឋ ពលរដ្ឋ​មិន​ខ្លាចញញើត​យើង ពលរដ្ឋ​គាត់​ស្រឡាញ់ ជឿទុកចិត្ត និង​ផ្ដល់​កិច្ចសហការ​ជាមួយ​យើង​»​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​យើង​មាន​កម្លាំង​ប៉ុន្មាន​ក៏ដោយ ក៏​មិនអាច​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​បានល្អ​ដែរ បើ​គ្មាន​ការគាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។ នេះ​ជាគោលការណ៍ និង​ជា​ទ្រឹស្ដី​ត្រូវ​ចងចាំ​»​។​

លោក ស ខេង បាន​កោតសរសើរ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចាត់ចែង​ការងារ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ផ្នែក​នគរបាលជាតិ​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់​។ លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​សាស្ត្រាចារ្យ និង​គ្រូ​នគរបាលជាតិ​ទាំងអស់ ដែល​បាន​ខិតខំ​ពង្រឹង​ការបណ្ដុះបណ្ដាល​សិស្ស​នគរបាល​ឱ្យមាន​ចំណេះដឹង និង​សមត្ថភាព​ក្នុង​វិជ្ជាជីវៈ​។​

លោក ស ខេង បាន​ណែនាំ​ឱ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ​ដើម្បី​ផ្ដួច​ផ្ដើមគំនិត​ច្នៃប្រឌិត​ថ្មីៗ​បន្ថែមទៀត​ក្នុង​ការដឹកនាំ​គ្រប់គ្រង និង​អនុវត្ត​កំណែទម្រង់​នគរបាលជាតិ​តាម​ផែនការ ជាពិសេស​ខិតខំ​តាមដាន​ស្រាវជ្រាវ​ចំពោះ​បទល្មើស​ថ្មីៗ ដែល​បាន​កើតឡើង​ក្នុងប្រទេស តំបន់ និង​សាក​លោក ដើម្បីឱ្យ​បានដឹង និង​ដក​ពិសោធ​ធ្វើជា​មេរៀន​បង្រៀន​ដល់​សិក្ខាកាម និង​សិស្ស​នគរបាល ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​។

លោក ឯក មនោ​សែន អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​បណ្ដុះបណ្ដាល បង្ហាញ​របាយការណ៍​ក្នុង​ពិធី​នេះ​ថា ចាប់តាំងពី​ពេល​បង្កើត​រហូតមកដល់​បច្ចុប្បន្ននេះ សាលា​នគរបាល​ភូមិភាគ ​៦ បាន​បណ្ដុះបណ្ដាល​សិស្ស​នគរបាល​ចំនួន ៦១១២ នាក់ នារី ៤៦៣ នាក់ និង​ជា​មធ្យម​បណ្ដុះបណ្ដាល​បាន ៥០០ នាក់ ក្នុង ១ ឆ្នាំ​។

លោក​បានឱ្យដឹងថា​៖ «​ក្នុង​ឆ្នាំ​ ២០២២ ​នេះ សាលា​នគរបាល​ជាតិភូមិ​ភាគ​ ៦ បាន​បណ្ដុះបណ្ដាល​សិស្ស​នគរបាល​ជំនា​ន់ទី​១៥ លើក​ទី​១ ចំនួន ១៨០ នាក់ នារី ២១ នាក់ ជា​សិស្ស​នគរបាល​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ប្រឡង​ជាប់​ក្នុង​ក្របខណ្ឌ​ឆ្នាំ​ ២០២០ និង​ឋិត​ក្នុងចំណោម​សិស្ស​នគ​បាល​សរុប ១ ១០៨ នាក់ ដែល​បាន​បណ្ដុះបណ្ដាល​នៅ​សាលា​នគរបាល​ភូមិភាគ​ទាំង​ ៦»​។​

នៅក្នុង​ពិធី​នេះ​តំណាង​សិស្ស​នគរបាល​បាន​ឡើង​ធ្វើ​សច្ចាប្រណិធាន និង​ធ្វើ​សម្បថ​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ទេវតា​រក្សា​ស្វេ​ត្រ​ឆ័​ត្រ និង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ថា នឹង​សុខចិត្ត​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់​ជានិច្ច​ចំពោះ ជាតិ មាតុភូមិ និង​រាជរដ្ឋាភិបាល គោរព​ឱ្យបាន​ដាច់ខាត​នូវ​ច្បាប់​របស់​រដ្ឋ និង​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​ជាដើម​៕