ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន​ និង​យុវនីតិ​សម្បទា បាន​អះអាង​ថា ​អំពើ​ហិង្សា​លើ​ស្ត្រី​ ឬ​កុមារី​មាន​ពិការ​ភាព​ ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​នៅ​កម្ពុជា ​ដោយ​សារ​មាន​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​អ្នក​សារព័ត៌​មាន​លើ​បញ្ហា​នេះ ហើយ​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ពី​សិទ្ធិ​របស់​ជន​មាន​ពិការ​ភាព ខណៈអង្គ​ការ​ក្រៅរ​ដ្ឋាភិ​បាលដែល​​ធ្វើការ​ងារ​លើ​វិស័យ​ពិការភាព​បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះ។

លោក​ ឯម​ ច័ន្ទ​មករា​ រដ្ឋលេខា​ធិការ​ក្រសួង​សង្គម​កិច្ច​ និង​ជា​អគ្គ​លេខាធិ​ការ​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជនពិការ​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ ក្រោយ​ប្រកាស​បើក​វគ្គប​ណ្តុ​ល​បណ្តាល​តាមរយៈ​កម្មវិធី ​ACCESS ក្រោម​ប្រធាន​បទ «ជំនាញ​ចរចា​អំពី​ចំណេះ​ដឹង​មូល​ដ្ឋាន​ទាក់​ទង​នឹង​យេន​ឌ័រ​ និង​ពិការ​ភាព» នៅ​សណ្ឋាគា​កាំបូ​ឌីយ៉ា​ណានៅ​​ថ្ងៃទី​ ១៤​ ខែមិថុនា​ថា ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី ឬ​កុមារី ​ដែល​មាន​ពិការ​ភាព​នៅ​កម្ពុជាត្រូវ​​បាន​កាត់​បន្ថយ​ច្រើន ​ដោយសា​រ​មាន​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​វិស័យ​ព័ត៌​មាន​លើ​បញ្ហា​នេះ ​ហើយ​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​។

លោក​ថា ​រាជរដ្ឋាភិ​បាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន​លើ​សិទ្ធិ​របស់​ជន​មាន​ពិកា​រភាព​ដោយ​បាន​ដាក់​ចេញផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការ​ភាព​ ២០១៩-​២០២៣​ ដែល​ផែន​ការ​នេះ​មាន​យុទ្ធ​សាស្ត្រ​មួយ គឺ​ផ្តោត​ទាំងស្រុង​ទៅ​លើ​បញ្ហា​យេនឌ័​រ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើរ​ហិង្សា​លើ​ស្ត្រី​ដែល​មាន​ពិការ​ភាព។

លោក​ថា ​ប្រព័ន្ធ​សារ​ព័ត៌មា​ន​ដើរតួ​សំខាន់​ណាស់​ក្នុងកា​រប​ញ្ច្រា​ប​ការ​យល់​ដឹង​ទៅ​ដល់​សា​ធារណ​ជន​អំពី​ការ​ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នេះ។ ជា​មួយ​គ្នា​នោះ ការ​អប់រំ​ផ្លូវចិត្ត​តាម​ព្រះធ​ម៌ ក៏បាន​ចូល​រួម​ចំណែក​សំខាន់​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖ «ដោយ​សារ​តែ​បង​ប្អូន​សារ​ព័ត៌​មាន​បាន​បញ្ជ្រាប​ការ​យល់​ដឹង​ច្រើន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុកនៅ​លើ​សារព័ត៌​មាន នៅ​លើ​កាសែត ទូរ​ទស្សន៍ ហើយ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ក៏បាន​បើក​វគ្គប​ណ្តុះ​បណ្តាល​ទៅ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធដើ​ម្បីឱ្យ​គាត់​យល់​ដឹង»​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ជន​ដែល​មាន​ពិការ​ភាព​ត្រូវ​បាន​ការពារ​បន្ថែម​ដោយ​ច្បាប់​ជន​ពិការ​ដែល​មាន​ន័យ​ថា នៅ​ពេលដែ​ល​ជន​មាន​ពិការ​ភាព​ត្រូវ​បាន​រំលោភ​បំពាន​នោះ ជន​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​នានា ​ហើយ​ត្រូវ​បន្ថែម​ស្ថាន​ទម្ងន់​ទោស​បន្ថែម​ទៀត​ដោយ​ផ្អែក​លើ​ច្បាប់​ជន​ពិការ​។

លោក​ថ្លែង​ថា៖ ​«ឧទា​ហរណ៍​មាន​ការ​រំលោភ​ទៅលើ​ស្ត្រី​គ​ថ្លង ​អ៊ីចឹង​យន្ត​ការ​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​តែម្តង​ក្នុង​ការ​កាត់​បន្ថយ ​បើ​យើង​ធៀប​ជា​មួយ​នឹង​ពេល​មុន គឺ​ពិត​ហើយ​ថា អំពើ​ហិង្សា​អាច​កើត​ឡើង​ទៅ​លើ​ច្បាប់​នេះ​ច្បាប់​នោះ​ ប៉ុន្តែ​ពាក់​ព័ន្ធ​អ្នក​មាន​ពិការ​ភាព​មាន​ស្ថាន​ទម្ងន់​ទោស​បន្ថែម​ទៀត​លើ​អ្នក​ធ្វើ​ខុស»​។

លោក​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការបា​ន​ឲ្យ​ដឹង​ទៀតថា​ កន្លង​មក​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជនពិការ​បាន​សហ​ការ​ជា​មួយ​ក្រសួង​ ស្ថា​ប័ន​ពាក់ព័​ន្ធ​ ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​មុខ​បាន​ច្រើន​ដូចជា​ ការ​រំលោភ​ទៅលើ​ស្ត្រី​គថ្លង់ ឬ​រំលោភ​ទៅ​លើ​សតិ​អារ​ម្មណ៍​ពាក់​ព័ន្ធ​នឹង​ការ​កេង​ប្រវញ្ច​កម្លាំង​ពល​កម្ម​របស់​អ្នក​មាន​ពិការ​ភាពជា​ដើម​។

លោក ​ឈន សុវណ្ណ​ដេ​ត ប្រធាន​អង្គ​ការ​ជន​ពិការ​ ខេត្ត​ក្រចេះ ថ្លែង​នៅ​ថ្ងៃទី​ ១៥ ​ខែមិថុនា​ថា ដោយ​ផ្អែកលើ​ស្ថាន​ភាព​ជាក់​ស្តែង នៅ​ក្នុង​សហ​គមន៍​តាម​រយៈ​ការ​ធ្វើកា​រងារ​ផ្ទាល់​ជាមួយ​ជន​មាន​ពិការ​ភាព​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ក្រសួង​សង្គម​កិច្ច​រួមជា​មួយ​អង្គ​កា​រក្រៅ​រដ្ឋាភិ​បាល​ដែល​ធ្វើការ​លើ​ចលនា​ពិការ​ភាព​នេះ ​កត់​សម្គាល់​ឃើញ​ថា អំពើ​ហិង្សា​លើ​ស្ត្រី ឬ​កុមារ​ពិការ​ ពិតជា​មាន​ការ​ថយ​ចុះ​ប្រាក​ដ​មែន។

លោក​ថា ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​និង​ការ​យកចិត្ត​ទុក​ដាក់​ជ្រោម​ជ្រែង​ពី​អាជ្ញា​ធរ និង​អង្គការ​ក្រៅរដ្ឋាភិ​បាល អំពើ​ហិង្សា​នេះ ក៏​ថយ​ចុះ​ដោយ​សារ ​កត្តា​សេដ្ឋកិ​ច្ច និង​ហិរញ្ញ​វត្ថុ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ «ជាក់​ស្តែង​ក្នុង​អំឡុង​ពេល​កូ​វីដយើង​ឃើញ​ថា បងប្អូន​ជន​ពិការ​ដែល​ក្រីក្រ​គាត់​ទទួល​បាន​ប្រាក់​ឧបត្ថ​ម្ភពី​រដ្ឋាភិបា​ល​ដើម្បី​ជ្រោម​ជ្រែង​ការ​រស់​នៅ​របស់​ពួក​គាត់។​ អ៊ីចឹង​ជា​ធម្មតា​សេដ្ឋ​កិច្ច ឬ​ការរស់​នៅ​របស់​ពួក​គាត់​មានការ​ផ្លាស់​ប្តូរ ​ល្អប្រសើរ​ នាំ​ឲ្យការ​រើស​អើង ឬមួយ​អំពើ​ហិង្សា​ផ្សេងៗ​ហ្នឹង ​វាកាត់​បន្ថយ​តាម​ហ្នឹង​ដែរ»​៕