ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការលើក​ទី​៤៤ ក្នុងសំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​បទ​ចោទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​រដ្ឋ​បរទេស ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅក្នុង​សវនាការ​នេះ លោក កឹម សុខា ប្រាប់​អង្គ​ជុំនំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា កិច្ច​ព្រម​ព្រម​ព្រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ចប់​នូវ​រាល់​បញ្ហានយោបាយ​ដែល​កើតឡើង​ក្នុងពេល​បោះឆ្នោត និង​ឈានទៅ​បង្កើត ​គជប ​ថ្មី មិនមាន​អ្វីដែល​ត្រូវ​ចោទប្រកាន់​លោក​ទៀត​នោះទេ។

លោក ផែង ហេង សហ​មេធាវី លោក កឹម សុខា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ តាម​ទូរស័ព្ទ ក្រោយ​បញ្ចប់​សវនាការ នៅ​ថ្ងៃទី ១៦ ខែមិថុនានេះ​ថា លោក កឹម សុខា បាន​លើកយក​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ប្រជ​ន​ជន និង​គណបក្សសង្គ្រោះ​ជាតិមក​បង្ហាញថា អ្វីៗវា​ត្រូវ​បានបញ្ចប់ដោយ​កិច្ចព្រមព្រៀង បញ្ចប់​ជម្លោះ​នយោបាយ ក្រោយពី​ទទួលស្គាល់ មាន​ភាពមិនប្រក្រតី នៅក្នុងពេល​បោះឆ្នោត​ឆ្នាំ ២០១៣ កាលពី​ថ្ងៃទី ២២ ខែ​ កក្កដា ឆ្នាំ ២០១៤ នៅ​វិមាន​ព្រឹទ្ធសភា​។​

លោក​បន្តថា ទោះជា​យ៉ាងណា​តំណាង​អយ្យការ​បានលើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​មិនមាន​តម្លៃ​នោះទេ ព្រោះ​កិច្ច​ព្រម​ព្រៀង​របស់​គណបក្សនយោបាយ​។ ជាមួយគ្នានេះ លោកក៏បាន​លើក​ឡើងជា​ឧទាហរណ៍​ពន្យល់​សវនាកា​រថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ភាគី​ខ្មែរ​ព្រមព្រៀង​ឈានទៅដល់​ចុះ​កិច្ចព្រមព្រៀង រហូតដល់​យក​ខ្លឹមសារ​នេះ ដាក់​នៅក្នុង​ច្បាប់​ទៀតផង។​

លោក ហេង ​ថ្លែងថា​៖ «អីចឹងហើយ​មិន​ថា កិច្ចព្រមព្រៀង​ទេ អ្នកនយោបាយ​គាត់​អាច​បញ្ចប់ តាមរយៈ​ដំណោះស្រាយ​នយោបាយ។ រឿងនេះ ក៏​ជា​រឿង​នយោបាយ ក៏​វា​ជាប់​ពាក់ព័ន្ធ​ដែរ»។

លោក ផែង ហេង ថ្លែងថា លោក កឹម សុខា ថា កិច្ចព្រមព្រៀង​នយោបាយ​ក៏​វា​មាន​សារៈសំខាន់ ច្បាប់​ក៏មាន​សារៈសំខាន់។​ លោកឱ្យ​តម្លៃ​ទៅលើ​នយោបាយ និង​ស្ថាប័ន ទើប​លោកខិតខំ​ចូលមកបំភ្លឺ​តុលាការ តែលោក​នៅតែ​មើលឃើញ​ច្រកចេញ​អ្នកនយោបាយ មានការ​ផ្សះផ្សារ និង​ជជែក​គ្នា​បញ្ចប់​នៅ​ការ ខ្វែងគំនិត​និង​មិន​យល់​គ្នានេះ។

លោក ចាន់ ចេ​ន សហ​មេធាវី​របស់លោក កឹម សុខា មួយរូប​ទៀត ក៏បាន​លើ​ក​ឡើង​នៅក្នុង​សវនាការ​នោះដែរ​ថា ការចោទប្រកាន់​មកលើ​កូនក្តី​របស់លោក គឺលោក កឹម សុខា មាន​លក្ខណៈ​នយោបាយ ព្រោះ​ការចោទប្រកាន់​មិនមាន​ឯកសារ និង​ច្បាប់​គ្រប់គ្រាន់។​ លោក ចាន់​ចេ​ន ថ្លែងថា​៖ «​មនុស្ស​មួយ​កន្លះ​នគរ គេ​ដឹងថា វា​ជា​រឿង​នយោបាយ​»។​

លោក ប្លង់ សុផល អ្នកនាំពាក្យ​អាយ្យ​ការ​អម​សាលាដំបូង និង​ជា​តំណាង​អយ្យការ​របស់​ក្រុម​ជំនុំជម្រះ​សវនាការ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ខែមិថុនា​ថា ដោយសុំមិនធ្វើអត្ថាធិប្បាយទៅលើអង្គសវនាការនេះទេ។

លោក សុផល ថ្លែងថា​៖ «​ខ្ញុំ​មិនមាន​យោបល់​អី​ទេ​»​។

លោក​ ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ១៥ ខែមិថុនា​ថា សំណុំរឿង​របស់លោក កឹម សុខា គឺ​ផ្អែកទៅលើ​ផ្លូវច្បាប់ និង​នីតិ​វិធី​ច្បាប់​ដែលមាន​ជា​ធរមាន រីឯ​រឿង​ការចចារ​បញ្ចប់​បញ្ហានយោបាយ គឺជា​រឿង​ផ្សេង។

លោក​ថ្លែងថា​៖ «​រឿង​ផ្លូវច្បាប់ គាត់​ត្រូវ​ប្រឈមមុខ និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ និង​នីតិ​វិធី​របស់​តុលាការ និង​បញ្ញត្តិ​ដែលមាន​ជា​ធរមាន​។ អាហ្នឹង​គោលការណ៍​ច្បាប់ គឺ​វា​អីចឹង»​។​

សវនាការ​សំណុំរឿង លោក កឹម សុខា នឹងបន្តធ្វើ​នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២៕

វីដេអូ៖