ស្ទឹងត្រែងៈមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ស្ទឹង​ត្រែង ​និង​ក្រុម​ការងារ​គម្រោង​អច្ឆរិយ​មេគង្គ​ និង​អភិវឌ្ឍន៍​ជល​ផល​ទឹក​សាប (IFREDI) នៃ​ទន្លេ​មេគង្គ​កម្ពុជា​បាន​វាស់​ថ្លឹង​ និងកិប​ស្លាក​លេខ​ ព្រម​ទាំង​យក​សំណាក​ធ្វើ DNA​ ហើយ​បានលែង​បបែល​យក្ស​ ១ ​ក្បាល​ទៀត​ ចូល​​ក្នុង​ទន្លេ​មេគង្គ​វិញ​ កាល​ពី​ថ្ងៃទី​ ១៤​ ខែមិថុនា ​ក្រោយ​ពីជាប់​សន្ទូច​ពី​ថ្ងៃទី​១៣ ​ខែមិថុនា​។

លោក ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ស្តីទី​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យដឹង​នៅ​ថ្ងៃទី ១៥ ​ខែមិថុនា​ថា នេះ​ជា​លើក​ទី៣ហើយ​ដែល​ក្រុម​ការងារ​បាន​លែង​ត្រី​បបែល​ប្រភេទ​មេ​ពូជ​ទៅក្នុង​ទន្លេ​មេគង្គ​លើ​វិញ។​បបែល​ដែល​ជាប់​សន្ទូច​លើក​នេះ​មាន​ទម្ងន់ ​៣០០​ គីឡូ​ក្រាម​និង​ទំហំ​ចាប់ពី​ក្បាល​ដល់​ចុង​កន្ទុយ​ប្រវែង​ ៣៩៨​ សង់​ទីម៉ែត្ រនិង​ទទឹង​ដងខ្លួន​ប្រវែង​ ២២០​ សង់​ទីម៉ែត្រ។វា​បាន​ជាប់​សន្ទូច​អ្នក​នេសាទ នៅ​ភូមិ ឃុំ​កោះ​ព្រះ​ ស្រុក​សៀម​បូក​ កាល​ពី​ថ្ងៃទី ​១៣ ​ខែមិថុនា វេលា​ម៉ោង ​៤ ​រសៀល​។

លោក​បាន​បន្ត​ថា ត្រី​បបែល​យក្ស​នេះ​ មិន​មែន​ជា​បបែល​យក្ស​ដែល​ទើប​លែង​ចូល​ក្នុង​ទន្លេ​វិញ​កាល​ពី​ថ្ងៃទី​ ២៣ ​ខែឧសភា​នោះ​ទេ ព្រោះ​ទំហំ ​ទម្ងន់ និង​ប្រវែង​ផ្សេង​គ្នា។ លោ​កថា ​កន្លែង​ដែល​ត្រី​បបែល​យក្ស​ជាប់​សន្ទូច​នោះ ​ជា​តំបន់​អភិរក្ស​សត្វ​ផ្សោត​ដែល​អ្នក​នេសាទ​អាច​ប្រើ​សន្ទូច​ផ្លែ ១ បាន លើក​លែង​តែ​សន្ទូច​រ​នង​និង​មង​ប៉ុណ្ណោះ ប៉ុន្តែ​ដាក់​សន្ទូច​ផ្លែ ១ ក៏​នៅ​តែមា​ន​ជាប់​ត្រី​បបែល​យក្ស​មក​ទៀត។យ៉ាង​ណា​ក៏ដោយ ​ការ​ជាប់​សន្ទូច​នៃ​ត្រី​បបែល​យក្ស​នេះ​មាន​របួស​តិច​តួច​និង​មិន​ប៉ះពាល់​ខ្លាំង​ដល់​ការរស់​នៅ​របស់​វា​ឡើយ​។

លោក​បញ្ជាក់​ថា ​មន្ត្រី​ខណ្ឌ​ជល​ផល​និង​ក្រុមកា​រងារ​គម្រោង​អច្ឆរិយ​នៃ​ទន្លេ​មេគង្គ​លើ​កម្ពុជា​បាន​លែង​ត្រី​បបែល​ញី៣​លើក ​ចូល​ទៅ​ក្នុង​ទន្លេ​វិញ ក្នង​នោះ​មាន​លើក​ទី១ នៅ​ថ្ងៃ​ទី ៥ ​ឧសភា បបែល​យក្ស​មាន​ទម្ងន់​ ២៨០ ​គីឡូក្រាមលើក​ទី២ នៅ​ថ្ងៃទី ២៣ ឧសភា បបែល​យក្ស​មាន​ទម្ងន់​ ១៤៣ ​គីឡូ​ក្រាម និង​លើក​ទី៣ ​នៅ​ថ្ងៃទី ​១៤ ​មិថុនា មាន​ទម្ងន់​រហូត​ដល់​ទី ​៣០០ ​គីឡូ​ក្រាម នៅ​ភូមិ​សាស្ត្រ​ឃុំ​កោះ​ព្រះ ​ក្នុង​ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​។

លោក​ ស្រី សំ​វិចិត្រ ប្រាប់​ទៀត​ថា ប្រភេទ​សត្វ​ត្រី​បបែល​យក្ស​នេះ​មិន​មាន​ចែង​នៅ​ក្នុង​ប្រភេទ​ធនធាន​ជល​ផល​ដែល​កំពុង​រងគ្រោះ​នោះ​ទេ ប៉ុន្តែ​វា​ជា​ពពួក​មេ​ពូជធំៗ​ បើ​​នេសាទ​យក​ទៅ​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការបន្ត​ពូជ​របស់​ធន​ធាន​ជល​ផល ​ហេតុនេះ​ត្រូវមាន​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នេ​សាទ​យក​សត្វ​ប្រភេទ​នេះ​ឡើយ​។

លោក​ថ្លែង​ថា៖ «ពពួក​មេ​ពូជធំៗ​ វា​ផ្តល់​កូន​មក​ក៏បាន​ច្រើន​ ហើយ​ជា​ពពួក​ដែល​កម្រ​នៅ​លើ​ពិភព​លោក​ដែល​មិនមាន​ត្រី​ប្រភេទ​បបែល​យក្ស​ទឹក​សាប​ហ្នឹង​ទេ ប្រទេស​ភាគ​តិច​ណាស់​ដែល​មាន​សត្វ​បបែល​ទឹក​សាប​ប្រភេទ​នេះ» ​។

លោក​ សុខ វិជ្ជា អ្នក​ស្រាវ​ជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា ​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ​ខែមិថុនា​ថា បបែល​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា ​រាប់​ទាំង​នៅ​ក្នុង​ទឹក​សាប​ និង​ទឹកប្រៃ​មាន​ ១៥ ​ប្រភេទ​ ប៉ុន្តែ​ចំពោះ​ប្រភេទ​បបែល​យក្ស​ទឹក​សាប​នេះ​ជា​ប្រភេទ​មួយ​កំពុង​រងគ្រោះ​ទៅ​រក​ការ​ជិត​ផុត​ពូជ ​ព្រោះ​សត្វ​បបែល​ប្រភេទ​នេះ​មិន​សម្បូរ​ទេ​ នៅ​តាម​ទន្លេ​មេគង្គ​។

លោក​ថា ​បបែល​នេះ​ជាប់​ជា​ប្រភេទ​បបែល​ដែល​ធំជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក​ដែល​អាច​និយាយ​បាន​ថា ជា​ពូជ​ត្រី​ពិសេស​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​ពពួក​ត្រី​រាជ ​និង​ត្រី​គល់​រាំង។​ត្រី​បបែល​យក្ស​ទឹក​សាប​មាន​កំណត់​ត្រា​ថា មាន​ទម្ងន់​រហូត​ដល់​ ៧០០ ​គីឡូក្រាម ​មាន​ទទឹង​ប្រមាណ ២​ ម៉ែត្រ ​បណ្តោយ​ប្រមាណ​ ៤ ​ម៉ែត្រ​។

លោក​ថ្លែង​ថា៖​ «ត្រី​បបែល​យក្ស​ហ្នឹង​មាន​តែ​នៅ​ខាង​ប្រទេស​ឡាវ​ ថៃ ហើយ​និង​ខ្មែរ​មាន​តែ​ ៣ ​ប្រទេស​ហ្នឹង​ទេ។ វា​នៅតែ​តាម​បណ្តោយ​ខ្សែ​ទឹក​ទន្លេ​មេ​គង្គ​ហ្នឹង​ទេ»។

អ្នកស្រាវ​ជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា​រូបនេះ​ប្រាប់​ថា​ ករណី​ដែល​ត្រី​បបែល​យក្ស​ជាប់​សន្ទូច​អាច​បណ្តាល​ឲ្យ​វា​ពិបាក​ក្នុង​ការ​ស៊ី​ចំណី ចន្លោះ​ពី​កន្លះ​ខែ​ទៅ​ ១ ​ខែ ដែលជា​ហេតុ​អាច​នាំ​ឲ្យ​វា​ងាប់​ដោយ​ខ្លួន​ឯង។​មួយវិញ​ទៀត​បើ​មាន​ការ​រាយ​សន្ទូច​ច្រើន​ពេក​ធ្វើ​ឲ្យ​សត្វ​ប្រភេទ​នេះ​មាន​ការ​ប្រ​ឈម ព្រោះ​កាល​ណា​របួស​ច្រើន​ដង​វា​នឹង​ផ្លាស់​ប្តូរ​ទីកន្លែង​រស់​នៅ​៕

វីដេអូ៖