ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី ១៥ មិថុនា បាន​បើកសវនាការ​ជំនុំជម្រះ​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង​ម្នាក់​ ក្នុងចំណោម ៥ នាក់ ពាក់ព័ន្ធ​ករណីចុះហត្ថលេខា​រឿង​ដីធ្លី​ទំហំ​ប្រមាណ ៥២៥ ហិកតា ​ប្រគល់ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់ កោះរ៉ុង ក្រុង-ខេត្ត ព្រះសីហនុ ប្រព្រឹត្ត​កាលពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩។

នៅក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល​ជនជាប់ចោទ​ឈ្មោះ ហែម សា​ឡេះ ភេទ ប្រុស អាយុ ៥៨ ឆ្នាំ បាន​និយាយប្រាប់​ចៅក្រម​ទាំង៥រូប​ដែលមាន​លោក ​គង់ ស្រ៊ី​ម ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​ការ​តុលាការ​កំពូល​នៅ​ថ្ងៃទី ១៥ មិថុនាថា នៅ​អំឡុង​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៨ គាត់​បាន​ធ្វើជា​មេក្រុម​ភូមិ​ព្រៃ​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ។ នៅពេលនោះ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លីជាមួយ​លោក​ឧកញ៉ា សុខ ប៊ុន ហើយ​ប្រជាពលរដ្ឋ​បានមក​ពឹងពាក់​ឱ្យ​គាត់​ជួយ​ធ្វើជា​សាក្សី​ដឹងឮ​ហើយ​គាត់​បាន​ចុះហត្ថលេខា​លើ​លិខិត​របស់​ប្រជាពលរដ្ឋដោយ​អះអាងថា ពួកគាត់​ពិតជា​បានរស់នៅ និង​អាស្រ័យ​ផល​លើដី​ដែលមាន​ទំហំ​ប្រមាណ ៥២៥ ហិកតា នោះ​ពិតប្រាកដ​មែន។

នៅក្នុងសវនាការ ជនជាប់ចោទបានថ្លែង​​បន្តថា បន្ទាប់មក​នៅ​អំឡុង​ឆ្នាំ ២០១៨ គាត់​បានដាក់​ពាក្យសុំ​លាឈប់​ពី​តួនាទី​ជា​ប្រធានភូមិ​ព្រៃ​ស្វាយ ហើយ​ក្នុង​ឆ្នាំ ២០១៩ គាត់​បាន​ជាប់​ជាម​ន្ត្រី​កិច្ចសន្យា​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង។ ប៉ុន្តែ​នៅក្នុង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង​គាត់​មាន​នាទី​ជា​អ្នករៀបចំ​វេទិ​ការ​ពេល​មានកម្ម​វិធី​ប្រជុំម្តងៗ និងសម្អាត​បរិវេណ​ក្នុង​សង្កាត់​កោះរ៉ុង​តែប៉ុណ្ណោះ។ ចំពោះ​មូលហេតុ​នៃ​ការចុះហត្ថលេខា​លើ​លិខិតស្នាម​ឱ្យ​ប្រជាពលរដ្ឋ​កាលពី​គាត់​នៅ​ជា​មេក្រុម​ភូមិ​ព្រៃ​ស្វាយ ​គឺ​គាត់​គ្រាន់តែ​ធ្វើជា​សាក្សី​ដឹង​ឮថា ​ប្រជាពលរដ្ឋ​ទាំងនោះ​ពិតជា​បាន​អាស្រ័យ​ផល​លើដី​ទាំងនោះ​តែ​ប៉ុ​ណុ្ណ។ ក្រោយមក​គាត់ និង​ឈ្មោះ សេង ហួលាង ជា​ចៅសង្កាត់​កោះរ៉ុង​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​នៅក្នុង​អំឡុង​ឆ្នាំ ២០១៩។

ជនជាប់ចោទ ​ហែម សា​ឡេះ​ ថ្លែងទៅកាន់តុលាការថា៖ «មូលហេតុ​ខ្ញុំ​ចុះហត្ថលេខា​ព្រោះ​ខ្ញុំ​យល់ថា ​ធ្វើយ៉ាងណា​ឱ្យគេ​ជឿថា​ ពលរដ្ឋ​ទាំងនោះ​កាន់កាប់​លើដី​នោះ។ ពេលខ្លះ​ខ្ញុំ​ចុះហត្ថលេខា​ក្នុងនាម​ជា​មេក្រុម និង​ពេលខ្លះ​ក្នុងនាម​ជា​សាក្សី»។

យោងតាម​អង្គហេតុ ជនជាប់ចោទ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ និង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ៧ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល​ចូល​ថវិការដ្ឋ។ ឈ្មោះ សេង ហួលាង ដាក់ពន្ធនាគារ ៧ ឆ្នាំ និង​ពិន័យ​ប្រាក់ ១០ លាន​រៀល​ ចូល​ថវិការដ្ឋ។ទាំង ២ នាក់ ត្រូវចោទ​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​រំលោភ​អំណាច​តាម​មាត្រា ៦០១ មាត្រា ៦២៩ មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជនជាប់ចោទ​ទាំង ២ នាក់​ បាន​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ​បើកសវនាការ​និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ដដែល។

បើតាម​អង្គហេតុ​ដដែល បន្ទាប់ពី​សាលាឧទ្ធរណ៍​ភ្នំពេញ​ប្រកាស​សាលដីកា​មក​ក៏​ត្រូវបាន​អគ្គព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ទៀត​ដោយ​មិន​សុខចិត្ត​នឹង​ទណ្ឌ​កមុ្ម​ទោស​របស់​ជនជាប់ចោទ​ទាំង ២ នាក់​ ដែល​ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ ៧ ឆ្នាំ។ រីឯ​ជនជាប់ចោទ​ទាំង ២ នាក់ ​ក៏​មិន​សុខ​ចិត្តនឹង​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ដែរ។

ជនជាប់ចោទ​ថ្លែងថា៖ «ខ្ញុំ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ព្រោះ​ខ្ញុំមាន​បំណង​ស្នើសុំ​តុលាការ​ឱ្យ​បន្ថយទោស​ដល់​ខ្ញុំ​ខ្លះ​ដោយសារ​ទោស ៧ ឆ្នាំនេះ​ ច្រើនពេក​សម្រាប់​ខ្ញុំ។ ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​បាន​ចុះហត្ថលេខា​ពិតមែន»។

លោក ជុំ សំបាន តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​ថា តាម​លោក​ពិនិត្យមើល​សំណុំរឿង ឃើញថា សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​រក្សា​ទោស​ជនជាប់ចោទ​ គឺមាន​សំអាង​ហេតុ​ត្រឹមត្រូវ​តាមច្បាប់​ព្រោះ​ជនជាប់ចោទ​ធ្លាប់បាន​ឆ្លើយ​សារភាព៖ «ហេតុដូច្នេះ​ខ្ញុំ​ស្នើសុំ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុកជាបានការ​ដដែល»។

លោក ប៊​ន់ ប្រុ​ញ ជា​មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី៣រូប​បានធ្វើ​សេចក្តីសន្និដ្ឋាន​នៅក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃទី ១៥ មិថុនាថា កូនក្តី​របស់លោក​កាលពី​ប្រព្រឹត្ត​នោះ ​គឺ​គាត់​ចុះហត្ថលេខា​ក្នុង​ថា​នៈ​ជា​ប្រជាពលរដ្ឋ​មិនមែន​ក្នុងនាម​ជាម​ន្ត្រី​ទេ ដូច្នេះ​គាត់​មិនបាន​ក្លែង​លិខិត​សាធារណៈ​ដែរ។

លោក​ថា៖ «ឯកសារ​រឿង​ដីធ្លី​នោះ​គឺ​ប្រជាពលរដ្ឋ​យកទៅ​តតាំង​ជាមួយ​លោក​ឧកញ៉ា សុខ ប៊ុន ដូច្នេះ​កូនក្តី​ខ្ញុំ​មិនមែនជា​កម្មវត្ថុ​នៃ​បទល្មើស​ដែរ។ ខ្ញុំ​សូម​តុលាការ​ពិនិត្យ​តាមច្បាប់»។

ក្រោយ​ជំនុំជម្រះ​ប្រមាណ​ជា ១ ម៉ោង​មក​លោក ចៅក្រម គង់ ស្រ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី ២៩ មិថុនា ខាងមុខ៕