The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កម្ពុជា​បាន​​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កម្មករ និស្សិត​ជាង ២០​ ម៉ឺន​នាក់

ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កម្ពុជា​បាន​​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កម្មករ និស្សិត​ជាង ២០​ ម៉ឺន​នាក់

Content image - Phnom Penh Post
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ចូលរួមទិវាជាតិ TVET លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា។ ក្រសួងការងារ

ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កម្ពុជា​បាន​​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កម្មករ និស្សិត​ជាង ២០​ ម៉ឺន​នាក់

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​លើកឡើងថា ការបណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នឹង​ធ្វើឱ្យ​កម្ពុជា​ប្រែក្លាយ​ជា​ប្រទេស​មួយ​សម្បូរ​ធនធាន​មនុស្ស​ប្រកប​ដោយ​ចំណេះដឹង សមត្ថភាព ជំនាញ និង​ផលិតភាព​ខ្ពស់ ដែល​ធ្វើឱ្យ​ទាក់ទាញ​ការវិនិយោគ ខណៈ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​កម្មករ​សិស្ស​និស្សិត​បាន​ជាង​ ២០ ​ម៉ឺន​នាក់​។

ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​ ៥ ក្រោម​ប្រធានបទ “TVET បង្កើន​ផលិតភាព​ការងារ និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់​” នៅ​ថ្ងៃទី ១៥ មិថុនា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ការចូលរួម​ពី​តំណាង​ក្រសួង-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​ឯកជន យុវជន សិស្សានុសិស្ស និង​និស្សិត​ជាង​ ១ ​ម៉ឺន ៥ ​ពាន់​នាក់​។

ក្នុង​ទិវា​នេះ​ក៏មាន​ការតាំង​ពិព័រណ៍ និង​ដាក់​ស្តង់​បង្ហាញ​ពី​ទីផ្សារ​ការងារ សាលា​បណ្តុះបណ្តាល​ជំនាញ ក្រុមហ៊ុន​ឯកជន និង​សហគ្រាស​ចំនួន ៥៥ ស្តង់​ផងដែរ​។ ក្រសួង​ការងារ​បាន​រៀបចំ​ទិវា​នេះ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន​ឱ្យបាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកប​ដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុង​ និង​ក្រៅ​ស្រុក​។ លោក អ៊ិត សំហេង មានប្រសាសន៍​ថា ឆ្នាំ ​២០២២ ​នេះ គឺជា​ការបង្ហាញ​ឱ្យ​ឃើញ​អំពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ជា​ចលនា​ជាតិ​មួយ ដើម្បី​ពង្រីក​ការយល់ដឹង​អំពី​តួនាទី និង​សារៈសំខាន់​ចាំបាច់​របស់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​​វិជ្ជាជីវៈ ទាំង​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការ​ផ្តល់​ការសិក្សា​ពេញ​មួយជីវិត ដើម្បី​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​។

លោក​គូសបញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​ឆ្នាំនេះ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏ប្រសើរ​ថ្មី​មួយទៀត​ក្នុង​ការ​ធ្វើឱ្យ​កម្ពុជា​ប្រែក្លាយជា​ប្រទេស​មួយ​សម្បូរ​ធនធាន​មនុស្ស​ប្រកប​ដោយ​ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌​វិជ្ជាជីវៈ និង​ផលិតភាព​ខ្ពស់ ព្រមទាំង​ជា​ប្រទេស​ដែលមាន​សក្តានុពល​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​។ លោក​បន្តថា​៖ «​ជាពិសេស​ (​ការបណ្តុះបណ្តាល​បច្ចេកទេស​ដើម្បី​ឱ្យ​) ក្រុមហ៊ុន​ផលិត​ធំៗ​មក​វិនិយោគ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត ដើម្បី​រួមចំណែក​ក្នុងការ​បង្កើន​ប្រាក់​ចំណូល បង្កើត​ការងារ និង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​»​។

លោក​បន្តទៀតថា ក្រសួង​នឹង​បន្ត​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត និង​អំពាវនាវ​ដល់​វិស័យ​ឯកជន ចូលរួម​វិនិយោគ​បន្ថែមទៀត និង​ចូលរួម​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង អង្គការ​ជាតិ​-​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជន​នានា បន្ត​រួមចំណែក​ចូលរួម និង​គាំទ្រ​លើក​ទឹកចិត្ត​ទាំង​ថវិកា​ និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​។

តំណាង​ក្រុមហ៊ុន​បណ្តុះបណ្តាល​ជំនាញ SDH ដែល​ចូលរួម​កម្មវិធី​នេះ លោកស្រី វង្ស ធីតា ថ្លែងថា ការរៀបចំ​ទិវា​នេះ គឺជា​ការបើក​ឱកាស​សម្រាប់​ក្រុមហ៊ុន ក៏ដូចជា​សិស្ស និស្សិត ចូលរួម​សិក្សា​ស្វែងយល់​បន្ថែម​ពី​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។ លោកស្រី​បញ្ជាក់​ថា​៖ «​ជា​កម្មវិធី​មួយ​ល្អ ដែលមាន​ការបង្ហាញ​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ហើយ​មាន​សិស្ស​និស្សិត​ជាច្រើន​ចូលរួម ហើយ​ជា​ឱកាស​មួយ​ដែល​យើង​អាច​ផ្តល់​ចំណេះដឹង​ និង​ណែនាំ​បន្ថែម​ដល់​និស្សិត​ពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា​»​។

និស្សិត​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​លោក​ វ៉ន សុភក្ត្រា ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​ថ្លែងថា​៖ «​ពេល​មកដល់​ទី​នេះ ខ្ញុំ​បាន​ស្វែងយល់​ពី​មុខ​វិជ្ជា​បច្ចេកទេស​នេះ​កាន់តែ​ច្បាស់​ដូចជា​បច្ចេកទេស​ខាង​អេឡិចត្រូនិក ស្ថាបត្យកម្ម ក៏ដូចជា​ខាង​សំណង់​ជាដើម វា​ជួយ​ពង្រឹង​ចំណេះដឹង​បន្ថែម​ខាង​ផ្នែក​បច្ចេកទេស​»​។

លោក​លើកឡើង​ថា មូលហេតុ​ដែល​លោក​ចាប់យក​មុខជំនាញ​នេះ​ដោយ​លោក​មើលឃើញថា ប្រទេស​កំពុង​រីកចម្រើន​លូតលាស់​វិវឌ្ឍ​ទៅមុខ មាន​សំណង់​ខ្ពស់ៗ​កាន់តែ​ច្រើន ដូច្នេះ​ទីផ្សារការងារ​ខាង​សំណង់​ស៊ីវិល​ក៏​កើនឡើង​។

ជាមួយ​គ្នា​នេះដែរ និស្សិត​ឆ្នាំ​ទី​ ៣ នៅ​សាលា​ឯកជន​មួយ កញ្ញា ហេង សុខវិច្ឆិកា បាន​ថ្លែងថា កញ្ញា​កំពុង​ចាប់យក​ជំនាញ​អគ្គិសនី ដោយ​ផ្តោតទៅលើ​ប្រព័ន្ធ​វិទ្យា​ស្វ័យប្រវត្តិ​។ កញ្ញា​បាន​និយាយថា​៖ «​អគ្គិសនី​ចែកជា ​៣​ ផ្នែក​ហើយ​ខ្ញុំ​ជ្រើសរើស​ប្រព័ន្ធ​វិទ្យា​ស្វ័យប្រវត្តិ​គឺ​ផ្តោត​ទៅលើ​ចង្វាក់​ផលិតកម្ម​ភាគច្រើន​នៅក្នុង​ឧស្សាហកម្ម ខ្ញុំ​គិតថា មាន​ទីផ្សារ​ច្រើន​ដោយសារតែ​ផ្នែក​នេះ​ប្រទេស​យើង​កំពុងអភិវឌ្ឍន៍​ច្រើន អ៊ីចឹង​យើង​ត្រូវការ​ឧស្សាហកម្ម​ ដើម្បី​ផលិត​បច្ចេកទេស​ថ្មីៗ និង​សម្ភារ​និយម​ថ្មី អ៊ីចឹង​ត្រូវការ​ផ្នែក​នេះ​ដើម្បី​ពិនិត្យ​ទៅលើ​ចង្វាក់​ផលិតកម្ម​»​។

បើតាម​លោក អ៊ិត សំហេង ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​សិក្ខាកាម សិស្ស និស្សិត និង​កម្មករ​និយោជិត ជាង ២០ ​ម៉ឺន​នាក់​បាន​ទទួល​ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ រយៈពេល​ខ្លី​វែង និង​ការហ្វឹកហ្វឺន​កូនជាង​លើ​មុខជំនាញ​ឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកទេស សិប្បកម្ម សេវាកម្ម​ទេសចរណ៍ និង​កសិកម្ម​។

លោក​រដ្ឋមន្ត្រី​បន្តទៀត​ថា មុន​ដំណាច់ឆ្នាំ​ ២០២០ ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​ផែនការមេ សម្រាប់​អភិវឌ្ឍ​គ្រឹះស្ថាន អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រយៈពេល​ ៥​ ឆ្នាំ ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ចំនួន ៤៩៣ លាន​ដុល្លារ ដោយ​ផ្ដោតលើ​ការកសាង​ និង​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ការបំពាក់​ឧបករណ៍ បរិក្ខារ និង​សម្ភារ​បណ្តុះ​បណ្តាល ការពង្រឹង​សមត្ថភាព​អ្នកដឹកនាំ ការបង្កើន​បរិមាណ និង​គុណភាព​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ប្រកបដោយ​បរិយាប័ន្ន​យេនឌ័រ​៕

អត្ថបទគួរចាប់អារម្មណ៍