
មន្ត្រី គ.ជ.ប ពិនិត្យសន្លឹកឆ្នោតដើម្បីផ្ទៀងផ្ទាត់លទ្ធផលបឋមនៅថ្ងៃទី១៣ ខែមិថុនា។ គ.ជ.ប
ភ្នំពេញៈ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលទទួលបានពីគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ ក្នុងពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១៣-១៤ ខែមិថុនា ត្រូវបានបិទបញ្ចប់ ដោយរកមិនឃើញមាននូវភាពមិនប្រក្រតីណាមួយនោះទេ។ នេះបើតាម គជប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែមិថុនា ថា ក្នុងពេល ២ ថ្ងៃនៃដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គជប រកមិនឃើញភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងតួលេខរបស់ខេត្ត ឬក៏សំឡេងឆ្នោត ឬក៏សំឡេងបូកអាសនៈ ដែលបូកដោយគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតនោះទេ។
លោកថា៖ «លទ្ធផលដែលបានផ្ទៀងផ្ទាត់នេះ ក្រៅតែពីផ្ទៀងផ្ទាត់ដោយមនុស្ស និងមនុស្ស និងផ្ទៀងផ្ទាត់ទៅនឹងប្រព័ន្ធទិន្នន័យនៅក្នុងកុំព្យូទ័រទៀត ក៏ឃើញថា មានភាពត្រឹមត្រូវ»។ លទ្ធផលដែលបង្ហាញនេះ គឺជាភាពជោគជ័យមួយនៃការរាប់សន្លឹកឆ្នោត និងការបោះឆ្នោតរបស់ គជប និងត្រៀមឆ្ពោះទៅរកការប្រកាសលទ្ធផលផ្លូវការ និងបែងចែកអាសនៈនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។ ក្រោយពីក្រុមជំនាញផ្ទៀងផ្ទាត់រួចត្រូវដាក់មកឱ្យសមាសភាព គជប ទាំង ៩ រូប ពិនិត្យ និងឯកភាពទើបប្រកាសលទ្ធផលបាន។
បើតាមលោក ពុទ្ធា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះមានការចូលរួមសង្កេតការណ៍ពីតំណាងគណបក្សនយោបាយ ទាំង ១៧ និង អ្នកសង្កេតការណ៍មកពីអង្គការសមាគម និងអ្នកសារព័ត៌មានផងដែរ។
លោក ឈឹម ប៊ុនណា អនុប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ទកាល័យគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជាថ្លែងនៅថ្ងៃទី ១៥ មិថុនា ថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់តាមលទ្ធផលដែលផ្ញើមកពីរាជធានីខេត្ត គឺមិនមានការប្រែប្រួលនោះទេ ប៉ុន្តែមានភាពមិនប្រក្រតីទៅលើសន្លឹកឆ្នោតមិនបានការ ឬសន្លឹកឆ្នោតដែលខូច។ «គជប ផ្ទៀងផ្ទាត់នេះដើម្បីបញ្ជាក់ពីតម្លាភាព និងភាពត្រឹមត្រូវរបស់ខ្លួន ដោយបានអញ្ជើញភាគីពាក់ព័ន្ធឱ្យចូលរួមត្រួតពិនិត្យទាំងអស់គ្នា»។
លោក ចាន់ ដារ៉ាវុទ្ធ តំណាងសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យបញ្ជាក់ថា គជប បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតនេះគឺមានតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវ។ សំឡេងឆ្នោត និងទិន្នន័យទាំងនៅ គជប និងមកពីរាជធានីខេត្តគឺមិនមានខុសគ្នានោះទេ។
តាមលទ្ធផលបណ្តោះអាសន្នគណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រច្រើនលើសលប់ និងគណបក្សដែលទទួលបានសំឡេងគាំទ្រច្រើនបន្ទាប់គឺគណបក្សភ្លើងទៀន៕
វីដេអូ៖