
អាជ្ញាធរ ចែកបណ្ណកម្មសិទ្ធិដីធ្លីសមូហភាព មាន ១៣ បណ្ណកម្មសិទ្ធិ
រតនគិរីៈ កាលពីថ្ងៃទី ១៥ ខែមិថុនា ២០២២ មន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានបានចែកបណ្ណកម្មសិទ្ធិដីធ្លីសមូហភាព ដែលមានផ្ទៃដីជាង ១ ២៣០ ហិកតា ដែលមាន ១៣ បណ្ណកម្មសិទ្ធិដល់សហគមន៍ជនជាតិដើមភាគតិចគ្រឹងនៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរីចំនួន ១៦៩ គ្រួសារ។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី ១៦ ខែមិថុនាថា ក្នុងនោះមានដីលំនៅឋានមានចំនួន ១ ក្បាលដីស្មើផ្ទៃដីជាង ១៩ ហិកតា ដីកសិកម្មមានចំនួន ១០ ក្បាលដី ស្មើផ្ទៃដីជាង ១ ១៩៤ ហិកតា ដីព្រៃកប់ខ្មោចមានចំនួន ១ ក្បាលដី ស្មើផ្ទៃដីជាង ៥ ហិកតា និង ដីព្រៃអារក្សមានចំនួន ១ ក្បាលដី ស្មើនឹងផ្ទៃដីជាង ៧ ហិកតា។
លោក ឧសភា បានឲ្យដឹងទៀតថា នេះជាលើកទី ២៤ ហើយដែលក្រុមការងារជំនាញបានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅក្នុងភូមិសាស្ត្រខេត្តរតនគីរី ។ ចាប់ពីចាប់ពីឆ្នាំ ២០១១ មកដល់បច្ចុប្បន្ននេះ មន្ត្រីជំនាញក៏បានបញ្ចប់នីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានចេញបណ្ណ និងចែកបណ្ណបានចំនួន ២៣ សហគមន៍ ស្មើនឹង ២ ២៥៥ គ្រួសារ ដែលមានបណ្ណសរុបចំនួន ៤៧៥ បណ្ណលើផ្ទៃដី ២៤ ៥៥៥ ហិកតាផងដែរ។
លោកថ្លែងថា៖ «យើងបានកំពុងស្នើសុំអនុបយោគចំនួន ៣ សហគមន៍ទៀតគឺសហគមន៍ភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ សហគមន៍ភូមិរៀងវិញ និងសហគមន៍ភូមិប៉ាងកិត ឃុំតាវែងលើ ស្រុកតាវែង ដោយយើងបានបញ្ចប់ការវាស់វែងចំនួន ២ សហគមន៍ហើយ គឺសហគមន៍ភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស និងសហគមន៍ភូមិទំពួនរឹងធំ ឃុំតាវែងក្រោម ស្រុកតាវែង» ។
លោកថា ក្នុងការផ្តល់បណ្ណលើកនេះ អភិបាលខេត្តរតនគិរីបានអញ្ជើញប្រគល់វិញ្ញាបនបត្រដោយផ្ទាល់ជូនពលរដ្ឋក្នុងសហគមន៍ជនជាតិដើមភាគតិចគ្រឹងនៅឃុំអូរជុំលើ ស្រុកអូរជុំ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន មន្ទីរអង្គភាព និង កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទផងដែរ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឲ្យដឹងនៅថ្ងៃទី ១៦ ខែមិថុនានេះថា បណ្ណកម្មសិទ្ធិដីធ្លីសមូហភាពនេះជាឯសារមួយសំខាន់ណាស់ ព្រោះវាជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូលជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។
លោកថ្លែងថា៖ « ដីធ្លីដែលបានចុះបញ្ជីជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានបណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់បណ្ណនេះ»។
លោកបន្តថា ហេតុនេះការចុះបញ្ជីជាលក្ខណៈសមូហភាព គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេសការកាត់បន្ថយភាពក្រីក្រដែល ជាគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនោះអភិបាលខេត្តរតនគិរីក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ ជនជាតិដើមភាគតិចទាំងពីរភូមិត្រូវថែរក្សាឲ្យបានគង់វង្សនូវបណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ថែរក្សាដីទាំងអស់ ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ៕