The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​ចំនួន​ ៣៣ ​ស្នើ​នាយក​រដ្ឋមន្ត្រី ​ជួយ​ជំរុញ​ឱ្យ​បញ្ចប់​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន

អង្គការ​ចំនួន​ ៣៣ ​ស្នើ​នាយក​រដ្ឋមន្ត្រី ​ជួយ​ជំរុញ​ឱ្យ​បញ្ចប់​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន

Content image - Phnom Penh Post
ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ដាក់​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ១៦ មិថុនា ស្នើ​ជួយ​ជំរុញ​ឱ្យ​មាន​ការបញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់ៗ។ ហេង ជីវ័ន

អង្គការ​ចំនួន​ ៣៣ ​ស្នើ​នាយក​រដ្ឋមន្ត្រី ​ជួយ​ជំរុញ​ឱ្យ​បញ្ចប់​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន

ភ្នំពេញៈ ក្រុម​អង្គការ​សង្គស៊ីវិល​ចំនួន ​៣៣ ស្ថាប័ន ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ជួយ​ជំរុញ​ឱ្យ មាន​ការបញ្ចប់​សេចក្តី​ព្រាងច្បាប់​ ស្តីពី «សិទ្ធិ​ទទួលបាន​ព័ត៌មាន» ​ឱ្យបាន​ឆាប់​ ខណៈ​ក្រសួងព័ត៌​មាន ​ក៏​អះអាង​ថា​ខ្លួន​កំពុង​ពន្លឿន​ច្បាប់នេះ​ ហើយ​នឹង​មាន​កិច្ចប្រជុំ​ពិនិត្យ​បន្ថែម​នៅ​សប្តាហ៍​ក្រោយ។

មន្ត្រី​សង្គម​ស៊ីវិល​ជាង ១០ នាក់ ​ដែល​តំណាងឱ្យ​អង្គការ​សង្គមស៊ីវិល​ចំនួន ​៣៣ ស្ថាប័ន ​នាព្រឹក​ថ្ងៃទី ១៦ ​មិថុនា​ បានដាក់​លិខិត​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ស្នើសុំ​ការអន្តរាគមន​ពី​នាយក​រដ្ឋមន្រ្តី ​ដើម្បី​បញ្ចប់​ដំណើរការ​នៃ​ការតាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ​ដោយ​មាន​ការដាក់​បញ្ចូល​ធាតុ​ចូល​ពី​អង្គការ​សង្គមស៊ីវិល ​និង​ដាក់​ជូន​ទៅ​រដ្ឋសភា​ដើម្បី​ពិភាក្សា និង​អនុម័ត»។

លិខិត​លើកឡើង​ថា​៖ «យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែលបាន​បង្ហាញ​ឆន្ទៈ​នាពេល​កន្លង​មក ​ជាពិសេស​ការប្ដេជ្ញាចិត្ត​របស់​នាយក​រដ្ឋមន្ត្រី ​នៅក្នុង​កម្មវិធី​ជួប​សំណះ​សំណាល​ជាមួយ​អ្នកសារព័ត៌មាន​កាល​ពី​ឆ្នាំ ២០២០ ​ដោយ​បានជំរុញ​ឱ្យ​ក្រសួង​ព័ត៌មាន ​ពន្លឿន​ដំណើរការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​ស្ដីពី ​សិទ្ធិ​ទទួល​ព័ត៌មាន»។

ក្នុង​លិខិត​បន្តថា​៖ «ដូច​ដែល​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ​បានជ្រាប​ដ៏ខ្ពង់ខ្ពស់​ហើយ​ថា ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​សេចក្តី​ព្រាងច្បាប់ ​ស្ដីពី ​"សិទ្ធិ​ទទួល​ព័ត៌មាន" ​ហាក់​ដូចជា​មិនទាន់​មាន​ការវិវឌ្ឍ​ជាវិជ្ជមាន​នៅឡើយ​ ចាប់​តាំងពី​បាន​បញ្ចប់​សេចក្តី​ព្រាង ​នៅ​ខែមករា ​ឆ្នាំ ២០១៨» ។

មន្រ្តី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ​គឺ ​លោក​ គង់ ចំរើន ​បាន​ចេញមក​ទទួល​លិខិត​នៅ​វេលា​ម៉ោង​ប្រមាណ ​១០ ព្រឹក​ នា​ថ្ងៃដដែល​នោះ ​ប៉ុន្តែ​ពុំ​មាន​ថ្លែង​សារ​អ្វី​នោះ​ទេ។

លោក​ ឡាំ សុជាតិ ​នាយក​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​តស៊ូមតិ ​និង​គោល​នយោបាយ ​បានថ្លែង​ថា ​ការដាក់​លិខិត​នា​ពេលនេះ ​ដើម្បី​សម្តែង​ការគាំទ្រ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​ កាលពី​ឆ្នាំ ២០២០ ​ដែលបាន​ជំរុញ​ឱ្យ​ពន្លឿន​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យបាន​ឆាប់​រហ័ស។

លោក​ថ្លែងថា​៖ «ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​បានទទួល​លិខិត​នោះ ​ហើយ​លិខិត​នោះ​បាន​ចម្លង​ជូន​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​យុត្តិធម៌​ផង​ដែរ។ អ៊ីចឹង​យើង​សង្ឃឹម​ថា ​ធាតុចូល​របស់​អង្គការ​សង្គម​ស៊ីវិល ​នឹង​បានយក​ទៅ​ពិនិត្យ​ពិចារណា​ដាក់​ទៅ​ចូល​ក្នុង​ច្បាប់ ​និង​ពន្លឿន​សេចក្តី​ព្រាងច្បាប់​នេះ​ផង​ដែរ»។

លោក ​អ៊ិត សូធឿត ​នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ថ្លែង​ថា​៖ «ហេតុអ្វី​បានជា​យើង​ជំរុញ​ឱ្យ​ពន្លឿន​សេចក្តី​ព្រាងច្បាប់​នា​ពេល​នេះ ​គឺ​ចង់​បង្ហាញ​អំពី​ការគាំទ្រ​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏ដូចជា​បង្ហាញ​អំពី​ការគិត​របស់​យើង​ថា​ច្បាប់​នេះ​មាន​សារៈសំខាន់ ​ដែល​អាច​ជួយ​សម្រួល​ដល់​កំណែ​ទម្រង់​រដ្ឋាភិបាល ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ក៏ដូចជា​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ជុំវិញ​សេចក្តី​ព្រាងច្បាប់​នេះ ​អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ មាស សុភ័ណ្ឌ ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ​ត្រូវបាន​បញ្ចប់​រួចរាល់​ហើយ​ ក្នុង​កម្រិត​ក្រុមការងារ​បច្ចេកទេស ​រវាង​ក្រសួង​ព័ត៌មាន ​និង​ក្រសួង​យុត្តិធម៌ ​ពាក់ព័ន្ធ​ទៅនឹង​ជំពូក​ទោសបញ្ញត្តិ ​និង​ជំពូក​មួយចំនួន​ផ្សេង​ទៀត។ លោក​បន្តថា​ក្រសួង​ព័ត៌មាន​ ក៏កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាងច្បាប់​នេះ ​ដើម្បី​ដាក់ស្នើ​សុំ​ក្នុង​កិច្ច​ប្រជុំ​ចុង​ក្រោយ​រវាង​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ទាំង ២ ​ដើម្បី​ស្តាប់​អនុសាសន៍​ណែ​នាំ ​របស់​ថ្នាក់​ដឹកនាំ​ និង​ដាក់​ស្នើសុំ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ​ទៅកាន់​ទីស្តីការ​គណៈរដ្ឋមន្រ្តី ​ក៏ដូចជា​ស្ថាប័ន​នីតិបញ្ញត្តិ​ទៅតាម​នីតិវីធី។

លោក​បញ្ជាក់ថា​៖ «យើង​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ក្នុង​កម្រិត​ក្រសួង​ព័ត៌មាន​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ពិភាក្សា​ទៅលើ​សេចក្តី​ព្រាងច្បាប់​នេះ ​ហើយ​យើង​នឹង​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ ​ដើម្បី​បន្ត​អនុវត្ត​ការងារ​ទៅ​តាម​ស្មារតី​អង្គប្រជុំ​ក្រោម​ការដឹកនាំ​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន»។

លោក​អះអាងថា ​សេចក្តី​ព្រាងច្បាប់​នេះ ​មាន​ការបើក​យ៉ាង​ទូលំ​ទូលាយ ​ឱ្យមាន​ការចូលរួម​ពិគ្រោះ​យោបល់​ពី​ដៃគូ​ពាក់ព័ន្ធ ​ស្ថាប័ន​ពាក់ព័ន្ធ ​ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ​ដើម្បី​ប្រមូល​នូវ​ធាតុចូល​ ក៏ដូចជា​ស្តាប់​នូវ​មតិ​យោបល់ ​ដើម្បី​បញ្ជូល​ទៅ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់ ​ដែល​ធ្វើឱ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ប្រើ​ពេល​ច្រើន ​ក្នុង​ការពិគ្រោះ​យោបល់ ​ជាពិសេស ​ជួប​ញ្ហា​វិបត្តិ​កូវីដ ១៩។

លោក​ថ្លែងថា​៖ «ដោយសារ​វិបត្តិ​សកល​នៃ​ការរីករាល​នៃ​ជំងឺ​កូវីដ ១៩ ​ដែល​ធ្វើឱ្យ​ស្ថាប័ន​នានា​ត្រូវ​អនុវត្ត​ទៅ​តាម​វិធាន​សុខាភិបាល។ អ៊ីចឹង​ហើយ​បានធ្វើ​ឱ្យ​សេចក្តី​ព្រាង​ច្បាប់​របស់​យើង​អូសបន្លាយ​ពេលវេលា​ខ្លះ ​នៅ​ក្នុង​ការបន្ត​ដំណើរការ​របស់​ខ្លួន»។

សេចក្តី​ព្រាង​ច្បាប់់​ស្តីពី​ “សិទ្ធិ​ទទួលបាន​ព័ត៌មាន” ​មាន ​៩ជំពូក ​និង ​៣៦ មាត្រា ​ត្រូវបាន​តាក់តែង​ឡើង ​ក្នុង​គោល​បំណង​ធានា​ឱ្យ​សាធារណជន​គ្រប់​រូប​នូវ​សិទ្ធិ​សេរីភាព ​ក្នុង​ការទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍